ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ ជំរុញ​ការ​អភិវឌ្ឍ​ជីវភាព​សហគមន៍​ នៅ​តំបន់​ទេ​ទឹក​ពុះ

31 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​ និង​ព័ត៌មាន​បរិស្ថាន អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន និង​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន នៅ​ទីស្តីការ​ក្រសួងបរិស្ថាន…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​ និង​ព័ត៌មាន​បរិស្ថាន អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន និង​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នា​រសៀល​ថ្ងៃ​សុក្រ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត អ៊ា​ង​សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ពី​គម្រោង​អភិវឌ្ឍ​ជីវភាព សហគមន៍​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​តំបន់​ទេ​ទឹក​ពុះ ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ​។

ឯកឧត្តម​ បាន​ថ្លែង​ថា ផែនការ​សកម្មភាព​អភិវឌ្ឍ​គោលដៅ​លំហែ​បៃតង​ នៅ​តំបន់​ទេ​ទឹក​ពុះ នឹង​រៀបចំ​ឡើង ស្រប​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ដល់​ប្រជា​សហគមន៍ និង​សាធារណជន ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ពី​ការងារ​អាទិភាព​មួយ​ចំនួន ដើម្បី​ព​ន្លឿ​ន​ការ​រៀបចំ រួម​មាន​៖
១) ការ​រៀបចំ​បោះបង្គោល​ព្រំ​កំណត់​តំបន់​ទេ​ទឹក​ពុះ ដើម្បី​ធានា​ថា​ទេ​ទឹក​ពុះ ជា​សម្បត្តិ​រដ្ឋ
២) ការ​បំពាក់​អំ​ពូ​ល​សូ​ឡា ជូន​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ជាង​៣០០​គ្រួសារ ដែល​កំពុង​រស់នៅ​ក្នុង​សហគមន៍ ដើម្បី​សម្រេច​បាន​គោលដៅ​អព្យាក្រឹត​កាបូន​។
៣) សិក្សា​សក្តានុពល​ធម្មជាតិ ការ​រស់នៅ ជំនឿ​សាសនា និង​ម្ហូបអាហារ​របស់​ប្រជាពលរដ្ឋ ដើម្បី​រៀបចំ​ផែនការ​ទាក់ទាញ​ទេសចរណ៍ មក​កម្សាន្ត
៤) សិក្សា​បង្កើត​កន្លែង​បណ្តុះបណ្តាល​សហគមន៍ លើ​ផ្នែក​សេវាកម្ម​ទេសចរណ៍ (​ការ​ចំអិនម្ហូប អ្នក​នាំ​ភ្ញៀវ និង​សេវា​ដឹក​ជញ្ជូន​)
៥) សិក្សា​ស្រាវជ្រាវ​បង្កើត​កន្លែង​កម្សាន្ត​បន្ថែម​ទៀត​(​ទឹក​ពុះ​)
៦) សិក្សា​រៀបចំផ្ទះ​ស្នាក់​សហគមន៍​សម្រាប់​ភ្ញៀវ​ទេសចរណ៍ មក​លំហែ​កម្សាន្ត​ដោយ​ឥត​គិតថ្លៃ
៧) សិក្សា​រៀបចំ​កន្លែង​លក់ដូរ​ជូន​ប្រជា​សហគមន៍ រៀបចំ​កន្លែង​គ្រប់គ្រង​អនាម័យ និង​បង្កើន​ភាព​ស្អាត​នៅ​ក្នុង​មូលដ្ឋាន

សូម​បញ្ជាក់​ថា ក្រសួងបរិស្ថាន​ធ្វើការ​ព​ន្លឿ​ន​រៀបចំ​អភិវឌ្ឍន៍​តំបន់​ទេ​ទឹក​ពុះ ក្នុង​គោលដៅ​ឱ្យ​ក្លាយជា​គោលដៅ​លំហែ​បៃតង បម្រើ​ឱ្យ​ប្រយោជន៍​សាធារណជន និង​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ឆ្ពោះទៅ​ជា​សហគមន៍​អព្យាក្រឹត​កាបូន​ ។

គួរ​ជម្រាប​ជូន​ថា ទេ​ទឹក​ពុះ ជា​តំបន់​ធម្មជាតិ​ដ៏​កម្រ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មានទឹក​ពុះ​ក្ដៅ​ពី​ធម្មជាតិ មាន​សីតុណ្ហភាព​ខ្ពស់​រហូត​ដល់ ៧០ អង្សា​សេ និង​អាច​មាន​ទៅ​រហូត​ដល់​១០០​អង្សា​សេ​។ តំបន់​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កន្លែង​កើត​មាន​បាតុភូត​ធម្មជាតិ​ចម្លែក​គ្មាន​ពីរ​នៅ​កម្ពុជា ដែល​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត និង​ជំនឿ​លើ​ទឹក​ពុះ ដែល​អាច​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ តំបន់​ទេ​ទឹក​ពុះ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​កោ​ដូន្តី ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​សួយ កំពុង​រស់នៅ​ច្រើន មាន​កន្លែង​សក្ការៈបូជា និង​មាន​ជំនឿ​ថា ជា​តំបន់​សក្ដិ​សិទ្ធិ​។ បច្ចុប្បន្ន​នេះ​ស្ថានភាព​សហគមន៍​តំបន់ការពារធម្មជាតិ​កោ​ដូន្តី នៅ​មាន​ព្រៃឈើ ដែល​ជា​តំបន់​ភ្នំ​អារក្ស ទីតាំង​ជំនឿ​របស់​បងប្អូន​ជនជាតិ​សួយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ