ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​សម្រេច​ចោទ​ទំពាំង​ស្អុយ​៨ នាក់​ដែល​បង្ក​ហិ.ង្សានៅ​ហាង​លក់​ភេសជ្ជៈម្តុំ​កោះ​​ពេជ្រ​​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ចោទប្រកាន់​លើ​ក្រុម​ក្មេង​ទំនើង​ (​ទំពាំង​ស្អុយ​)​​ចំនួន​៨​នាក់​ដែល​បង្ក​ហិង្សា​នៅ​ហាង​លក់​ភេសជ្ជៈ​​​ក្នុង​បរិវេណ​កោះ​ពេជ្រ​ ។ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សា​ធា​រណជន​មេត្តា​ជ្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ចោទប្រកាន់​លើ​ក្រុម​ក្មេង​ទំនើង​ (​ទំពាំង​ស្អុយ​)​​ចំនួន​៨​នាក់​ដែល​បង្ក​ហិង្សា​នៅ​ហាង​លក់​ភេសជ្ជៈ​​​ក្នុង​បរិវេណ​កោះ​ពេជ្រ​ ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សា​ធា​រណជន​មេត្តា​ជ្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥ មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ចំនួន​៨​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ដើម្បី​ទៅ​រក​ភាគី​ខាង​ជន​រង​គ្រោះ​ដែល​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា​កន្លង​មក​ ។

លុះ​នៅ​ពេល​ក្រុម​ក្មេង​ទំនើង​ខាងលើ​ បាន​ជិះ​ម៉ូតូ​ដល់​ចំណុច​ហាង​លក់​ភេសជ្ជៈ​ ក្នុង​បរិវេណ​កោះ​ពេជ្រ ផ្លូវ​បេតុង ក្រុម​ទី​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក៏​បានឃើញ​ជន​រង​គ្រោះ​ចំនួន​២​នាក់ កំពុង​អង្គុយ​នៅ​ក្នុង​ហាង​លក់​ភេសជ្ជៈ ក្រុម​ក្មេង​ទំនើង​ក៏​បាន​ឈប់​ម៉ូតូ​នៅ​មុខ​ហាង ហើយ​បក្សពួក​នៃ​ក្រុម​ក្មេង​ទំនើង​នោះ​ ក៏​បាន​ចុះ​ទៅ​សួរនាំ​ជន​រង​គ្រោះ រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​យកដៃ​ទះកំផ្លៀង​ជន​រង​គ្រោះ​ចំនួន​១​ដៃ​យ៉ាង​ខ្លាំង​ចំ​ថ្ពាល់ ។

ឃើញ​ដូច្នោះ បក្សពួក​នៃ​ក្រុម​ក្មេង​ខាងលើ​ ក៏​បាន​ព្រួត​គ្នា​វាយ និង​លើក​កៅអី​ដែក​គប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​របួស​ត្រូ​វថ្ងាស​ខាងឆ្វេង រលាត់​ដៃ​ឆ្វេង ថ្ពាល់​ឆ្វេង និង​ដាច់​រលាត់​កែងដៃ​ស្តាំ​។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ក្រុម​ក្មេង​ទំនើង​ខាងលើ​ ក៏​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​អស់​ទៅ​ ។ រហូត​ដល់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​សមត្ថ​កិច្ច​បាន​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៨​នាក់ ៖


១.​ឈ្មោះ ចាន់ ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​២២ ឆ្នាំ
២.​ឈ្មោះ ហឿ​ប ធា​រ៉ា ហៅ ជី​ង ភេទ​ស្រី អាយុ ១៨​ឆ្នាំ
៣.​ឈ្មោះ ម៉ឹង សុ​ផានិត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ
៤.​ឈ្មោះ ហួត គឹ​ម​ឈិ​ន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ
៥.​ឈ្មោះ ទូច ស្រី​លី​ន ហៅ យូគី ភេទ​ស្រី អាយុ​១៧ ឆ្នាំ
៦.​ឈ្មោះ មួយ សីលា ភេទ​ស្រី អាយុ​១៦ ឆ្នាំ
៧.​ឈ្មោះ ទៀង លី​ហាក់ ហៅ ម៉ា​រ៉ា ភេទ​ប្រុស អាយុ​១៩ ឆ្នាំ
៨.​ឈ្មោះ ខេន ចំណាន ហៅ សាក់ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ​។

ក្រោយ​ពី​បាន​ទទួល និង​ពិនិត្យ​លើ​សំណុំរឿង​នេះ តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ហាង​លក់​ភេសជ្ជៈ​ក្នុង​បរិវេណ​កោះ​ពេជ្រ ផ្លូវ​បេតុង ក្រុម​ទី​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​។

បន្ទាប់​មក ​សំណុំរឿង​ត្រូវ​បាន​តំណាង​អយ្យការ​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឃុំខ្លួន​ជនសង្ស័យ​(​ទំពាំង​ស្អុយ​)​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​សវនាការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ