ខេត្តកំពត៖ ស្ត្រីម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងអណោចអាធ័ម ខណៈមេឃចង់ភ្លៀង ហើយស្ត្រីរងគ្រោះទៅប្រលែងគោដែលចងឱ្យស៊ីនៅភូមិចាស់ ដើម្បីទៅឃ្វាល ។ ក្រោយពេលប្រលែងគោហើយ ស្ត្រីរងគ្រោះបានដើរប្រមូលខ្សែគោដែលចងនោះ កំពុងតែប្រមូលខ្សែដែលចងនៅដើមស្មាច់ ក៏ស្រាប់តែរន្ទះបាញ់បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអតីតសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
ប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះសាន្ត ស៊ន អាយុ៤៤ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៣នាក់ (ប្រុស១នាក់ ស្រី២នាក់) ។ នៅមុនពេលកើតហេតុ ដោយឃើញមេឃស្រទុំរកកលចង់ភ្លៀងលាយឡំដោយផ្គររន្ទះផង ស្ត្រីរងគ្រោះបានចេញពីផ្ទះទៅប្រលែងគោដែលចងឲ្យស៊ីនៅចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ។

ពេលស្រាយព្រលែងគោរួចស្ត្រីរងគ្រោះបានដើរប្រមូលខ្សែ កំពុងតែស្រាយខ្សែមួយដែលនៅចងជាប់និងដើមស្មាច់ក៏ស្រាប់តែរន្ទះបាញ់ផាំងស្លាប់នៅនឹងកន្លែងតែម្ដង ។ ប្រភពពីក្រុមគ្រួសារ
ដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ មានបងប្អូនស្ត្រីខ្មែរឥស្លាមម្នាក់ដែលធ្លាប់ឃ្វាលគោជាមួយគ្នា ឃើញតែគោអត់ឃើញម្ចាស់ សង្ស័យក៏ត្រឡប់មកក្រោយ ដើម្បីរកមើលម្ចាស់គោ ក៏ប្រះឃើញដេកស្លាប់យ៉ាងអណោចអធ័មនៅក្បែរដើមស្មាច់ធំមួយដើមកន្លែងចងគោ។
ហើយក៏បានប្រាប់ក្មេងម្នាក់ឱ្យរត់ទៅប្រាប់ក្រុមគ្រួសារស្ត្រីរងគ្រោះឲ្យមើលនៅពេលដឹងដំណឹងដ៏រន្ធត់នេះហើយក្រុមគ្រួសារស្ត្រីរងគ្រោះក៏មានការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុព្រមទាំងបានយកសាកសពស្ត្រីរងគ្រោះមកកាន់លំនៅឋានឪពុកម្តាយ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
ក្រុមគ្រួសារក៏បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ដើម្បីឲ្យមកពិនិត្យសាកសពនិងធ្វើកោសល្យវិច្ច័យសាកសព។ នៅលើដងខ្លួនសាកសព មានស្នាមជាំខ្មៅមួយចំហៀងខ្លួន អាវដាច់រហែករញ៉ៃ សក់ក្បាលត្រូវឆេះ និងឈាមចេញពីត្រចៀកនិងរកឃើញទូរស័ព្ទ១គ្រឿង ត្រូវបែកស្រាំខ្ទេច។

ក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់ពិតប្រាកដមែន ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ជុំវិញហេតុការណ៍ខាងលើ ក៏មានមតិពីមជ្ឈដ្ឋានខ្លះនិយាយថា មូលហេតុនៃរន្ទះបាញ់ស្ត្រីរងគ្រោះអាចឆ្លងប្រព័ន្ធទូរសព្ទនៅពេលមានផ្គររន្ទះដែលស្ត្រីរងគ្រោះយកទូរសព្ទទៅតាមខ្លួន ហើយមេឃកំពុងភ្លៀងមិនបានបិទប្រព័ន្ធសេវាទូរសព្ទ័ ទើបបណ្តាលឲ្យឆ្លងប្រព័ន្ធរន្ទះបាញ់តែម្តង ។ នេះ គ្រាន់តែជាការសង្ស័យពីប្រភពមជ្ឈដ្ឋានខាងក្រៅតែប៉ុណ្ណោះ។
ដោយមានការអាណិតអាសូរចំពោះស្ត្រីរងគ្រោះជាគ្រួសារអ្នកក្រីក្រផងនោះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក លោកបានជួយឧបត្ថម្ភម្ឈូសមួយគ្រឿង អង្ករមួយបាវ ស្មើនឹង50គីឡូក្រាម និងថវិកា15ម៉ឺនរៀល ។ លោកប្រាក់ សំបូរសេរីរិទ្ធ បានឧបត្ថម្ភថវិកាចំនួន 20 ម៉ឺនរៀល។ ក្រុមប្រឹក្សាសង្កាត់អណ្ដូងខ្មែរបានឧបត្ថម្ភអង្ករមួយបាវទម្ងន់ 50 គីឡូក្រាមនិងថវិកា 5 ម៉ឺនរៀល។ និងស្ត្រីជាសប្បុរសជនម្នាក់ដែលរស់នៅជិតខាងដែលមានប្ដីជាជនបរទេសបានជួយឧបត្ថម្ភ អង្ករមួយបាវទម្ងន់ 50 គីឡូក្រាម ទឹកសុទ្ធពីរកេស ទឹកផ្លែឈើមួយកេសនិងថវិកាមួយចំនួន ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ជានិច្ចកាលតែងតែជួយដោះទុក្ខធុរៈប្រជាពលរដ្ឋដែលជួបការខ្វះខាត ក្នុងការធ្វើបុណ្យសពនៅក្នុងក្រុងកំពតជាប់ជារហូតមិនដែលដាច់រយៈឲ្យតែលោកបានដឹង គឺលោកតែងតែជួយឧបត្ថម្ភជានិច្ចមិនដែលខានឡើយ ៕
ចែករំលែកព័តមាននេះ