ប្ដីតាមដាន២ខែ ទីបំផុតទាន់ប្រពន្ធកំពុងនៅក្នុងបន្ទប់ជាមួយប្រុសសហាយ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ មានការសង្ស័យថា ប្រពន្ធរបស់ខ្លួន ក្បត់ចិត្ត ទៅលួចលាក់មានស្នេហាជាមួយប្រុសថ្មី គាត់ក៏បានចំណាយពេល ២ខែ ដើម្បីតាមដានប្រពន្ធ…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ មានការសង្ស័យថា ប្រពន្ធរបស់ខ្លួន ក្បត់ចិត្ត ទៅលួចលាក់មានស្នេហាជាមួយប្រុសថ្មី គាត់ក៏បានចំណាយពេល ២ខែ ដើម្បីតាមដានប្រពន្ធ…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ មានការសង្ស័យថា ប្រពន្ធរបស់ខ្លួន ក្បត់ចិត្ត ទៅលួចលាក់មានស្នេហាជាមួយប្រុសថ្មី គាត់ក៏បានចំណាយពេល ២ខែ ដើម្បីតាមដានប្រពន្ធ ហើយតាមដានជាប់លាប់បំផុត រយៈពេល១អាទិត្យចុងក្រោយនេះ ក៏ស្រាប់តែ ទាន់ប្រពន្ធកំពុងស្ថិតនៅក្នុងបន្ទប់ជួលជាមួយប្រុសសហាយ ។ ខណៈនោះ បុរសជាប្ដីខាងលើមានការខឹងស្ទើរស្រក់ឈាមទៅហើយ ប៉ុន្តែគាត់ខំទប់ចិត្ត មិនប្រើហិ.ង្សាទៅលើប្រពន្ធនិងប្រុសសហាយនោះទេ គាត់បានប្ដឹងនគរបាល ឲ្យជួយអន្តរាគមន៍ឃាត់អ្នកទាំង២ នាំទៅសាកសួរនៅប៉ុស្តិ៍ តែម្ដង ។
ក្រោយពេលទៅដល់ប៉ុស្តិ៍នគរបាលដោះស្រាយគ្នា ស្ត្រីរូបនោះ បានយល់ព្រមប្រគល់អ្វីគ្រប់បែបយ៉ាង រួមទាំងកូនស្រីផង ទៅតាមការទាមទាររបស់ប្ដី ព្រមទាំងការបង់ប្រាក់ធនាគារជំនាស់ប្ដីផង ដើម្បីបញ្ចប់រឿង និងបញ្ចប់ឈ្មោះជាប្ដីប្រពន្ធ ធ្វើយ៉ាងណាឲ្យតែនាងបានទៅរស់នៅជាមួយប្រុសថ្មី ។
ហេតុការណ៍ខាងលើនោះ បានកើតឡើងនៅវេលាម៉ោង១១និង៤៩នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាប្ដីរូបនោះ បាននិយាយប្រាប់ថា រូបគាត់ឈ្មោះ គង់ បៀន អាយុ៤៦ឆ្នាំ មុខរបរគួកជេររថយន្ត មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសូរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដោយឡែក ស្ត្រីជាប្រពន្ធរបស់គាត់ឈ្មោះ សាត ធារ៉ូ អាយុ៤១ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិព្រៃសំបុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់ និងប្រពន្ធមិនបានរៀបការនោះទេ គឺបានត្រឹមតែសែនព្រេនផ្ដាច់ខ្មោចតែប៉ុណ្ណោះ ហើយបានរស់នៅជាមួយគ្នារយៈពេលជាង១០ឆ្នាំកន្លងមកហើយ ប៉ុន្តែអត់បានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល)ឡើយ ព្រមទាំងបង្កើតបានកូនស្រីម្នាក់ អាយុ១១ឆ្នាំហើយ ។
លោក គង់ បៀន បាននិយាយបន្តទៀតថា គាត់ជួបប្រពន្ធដំបូងក្នុងពេលចុះទៅធ្វើការជាមួយមេរបស់គាត់ នៅក្នុងភូមិព្រៃសំបុកនោះ ក្នុងពេលនោះនាង សាត ធារ៉ូ ដែលពេលនោះ គាត់បានដឹងថា នាងគឺជាស្រីមេម៉ាយ២ភ្លើង (មានប្ដី២នាក់) រួចទៅហើយ។ ក្នុងនោះនាង និងប្ដីទី១ អត់មានកូនជាមួយគ្នាទេ ហើយបានលែងលះគ្នា ចំណែកប្ដីទី២ មានកូនជាមួយគ្នា ២នាក់ និងបានលែងលះគ្នាដែរ ហើយនាងបានប្រគល់កូនទាំង២នាក់នោះ ឲ្យទីប្ដីទី២ អ្នកចិញ្ចឹមថែទាំ ដោយនាងសុខចិត្តនៅទំនេរម្នាក់ឯង កាលពេលនោះ ។
គាត់បាននិយាយរៀបរាប់បន្តទៀតថា គាត់មិនបានដឹងថា តើការលែងលះប្ដីទាំង២នាក់នោះ ដោយសារតែនាង សាត ធារ៉ូ ផិតក្បត់ចិត្តប្ដី មានប្រុសសហាយដូចក្បត់រូបគាត់ដូចជាពេលនេះ ឬមានរឿងអ្វីនោះទេ គឺគាត់មិនបានដឹងពីអតីតកាលរបស់នាង លើសពីនេះឡើយ ប៉ុន្តែក្រោយពីបានស្គាល់គ្នា គាត់ និងនាងក៏បានមានទំនាក់ទំនងស្នេហារវាងគ្នានិងគ្នា រហូតឈានដល់ការសម្រេចចិត្តសែនព្រែន រស់នៅជាមួយគ្នាជាប្ដីប្រពន្ធរហូតមក ហើយគាត់ស្រលាញ់ទុកចិត្តនាងខ្លាំងណាស់ ។
បុរសនេះ បានបញ្ជាក់បន្ថែមថា ក្រោយពេលចាប់ដៃគ្នា ជាប្ដីប្រពន្ធគាត់ បានរកស៊ីគួកជេររថយន្ត ចំណែកប្រពន្ធធ្វើជាកម្មការិនីរោងចក្រកាត់ដេរ នៅម្ដុំទន្លេទិលក្នុងខេត្តកំពង់ស្ពឺ ហើយនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ គាត់បានចាប់អារម្មណ៍ថា ប្រពន្ធមានអាកប្បកិរិយាប្លែកៗ គាត់មានការសង្ស័យថា នាងមានអ្នកថ្មី ដោយសារតែពេលចូលដល់ផ្ទះនាង តែងតែបិទសេវាអ៊ិនធើណេតទូរសព្ទដៃ និងដាក់លេខកូដសម្ងាត់ផង ព្រមទាំងដាក់កម្មវិធីស្គែនក្រយ៉ៅដៃផង ដើម្បីការពារមិនឲ្យគាត់ឆែកមើលបាន។ មិនតែប៉ុណ្ណោះ នៅពេលគាត់យកទូរសព្ទឆែកមើល នាងតែងតែខឹងរករឿងឈ្លោះគាត់ ហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នាងបានវេចបង្វេចខោអាវបោះឲ្យគាត់ និងបណ្ដេញគាត់ចេញពីផ្ទះ មិនឲ្យគាត់ចូលផ្ទះទេ និងទទួចសុំឲ្យគាត់ផ្ដិតមេដៃ ដើម្បីលែងលះគ្នាទៀតផង ។
បុរសជាប្ដីខាងលើ បាននិយាយទៀតថា លុះក្រោយមក នៅពេលគាត់ចាប់បានថា នាងមានទំនាក់ទំនងជាមួយអ្នកថ្មី តាមទូរសព្ទមែន! នាងក៏បានអង្វរកុំឲ្យគាត់ប្រាប់បងប្អូនឪពុកម្ដាយនាងអី ខ្លាចខ្មាស់គេ ហើយដោយសារតែគាត់នៅតែមានការអាណិត និងផ្ដល់កិត្តិយសឲ្យប្រពន្ធ ទើបគាត់មិនប្រាប់បងប្អូននាងឡើយ។ រហូតក្រោយមកទៀត ប្រពន្ធបានទុកកូនស្រី ឲ្យម្ដាយមើល ហើយចាកចេញមកសម្ងំធ្វើការរោងចក្រនៅម្តុំចោមចៅ ហើយមានទំនាក់ទំនងស្អិតរមួតជាមួយប្រុសថ្មី ចំណែករូបគាត់ ក៏បានតាមដានរយៈពេល២ខែមកហើយ។ រហូតមកដល់វេលាម៉ោង១១និង៤៩នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្រាប់តែទាន់ប្រពន្ធកំពុងនៅជាមួយប្រុសថ្មី ក្នុងបន្ទប់ជួល ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបប្ដឹងនគរបាលឲ្យឃាត់ខ្លួនទាំង២នាក់ តែម្ដង ។
គាត់បញ្ជាក់ជាចុងក្រោយថា គាត់មិនយកប្រពន្ធនេះបន្តទៀតទេ ឲ្យនាងទៅនៅជាមួយអ្នកថ្មីចុះ ហើយក៏សូមជូនពរ ឲ្យនាង និងប្រុសសហាយ ដែលជាអ្នកទី៤ បន្ទាប់ពីរូបគាត់នេះ ស្រលាញ់គ្នា រស់នៅជាមួយគ្នា រហូតដល់ចាស់កោងខ្នងទៅចុះ។ មិនតែប៉ុណ្ណោះ ក៏សូមនាងកុំក្បត់អ្នកថ្មី ដូចជាក្បត់រូបគាត់អី មានប្ដី៤នាក់នេះ ល្មមគ្រប់គ្រាន់ហើយ ម្យ៉ាងទៀត គាត់សុំយកកូនស្រីទៅចិញ្ចឹម មិនឲ្យនៅជាមួយម្ដាយ ដែលមានចិត្តរាយមាយ បែបនេះទេ នាំគំរូអាក្រក់ដល់កូនស្រី ហើយគាត់ ក៏នឹងទាមទារសំណងជំងឺចិត្តពីនាងមួយចំនួនផងដែរ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពេលធ្វើការដោះស្រាយសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ស្ត្រីជាប្រពន្ធរូបនោះ បានសុខចិត្តប្រគល់កូនស្រីតែម្នាក់គត់ រួមទាំងប្រាក់ចំនួន១ពាន់ដុល្លារ, រថយន្តម៉ាកតូយ៉ូតារ៉េវហ្វ័រ ១គ្រឿង, ម៉ូតូម៉ាកហុងដាស្កូបពី ១គ្រឿង ទៅឲ្យបុរសជាប្ដី ។ មិនតែប៉ុណ្ណោះនាង និងប្រុសថ្មីបានសុខចិត្តសងប្រាក់ជំពាក់ធនាគារជាង២ម៉ឺនដុល្លារ ដែលបានខ្ចី មករកស៊ីរួមគ្នាជាមួយប្ដី ក្នុងពេលកន្លងមក ជំនួសប្ដី ផងដែរ ។ ដោយត្រូវបង់ ក្នុង១ខែជាង៣០០ដុល្លារ រយៈពេល៥ឆ្នាំ ដើម្បីបញ្ចប់រឿង និងបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធ រយៈពេលជាង១០ឆ្នាំមកហើយនោះ ចាប់ពីពេលនេះតទៅ គឺធ្វើយ៉ាងណា ឲ្យតែនាងទៅរស់នៅជាមួយប្រុសថ្មី ជាទីស្រលាញ់បណ្ដូលចិត្តនាង ។
ទាក់ទិនទៅនិងរឿងរ៉ាវខាងលើ គឺជាការរៀបរាប់របស់បុរសជាប្ដី តែម្ខាងប៉ុណ្ណោះ អ្នកសារព័ត៌មានយើងពុំដឹងថា តើមានរឿងអ្វី ? បញ្ហាអ្វី នៅក្នុងគ្រួសារអ្នកទាំង២ទៀតនោះទេ ចំណែកនាងជាប្រពន្ធរូបនេះ មិនបាននិយាយអ្វីឡើយ ៕
ចែករំលែកព័តមាននេះ