ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់២ករណីបានកើតឡើងជាបន្តបន្ទាប់នៅថ្ងៃទី២២ មីនា គ្រាន់តែខុសពេលគ្នាប៉ុណ្ណោះ ហើយប្រការដែលគួរឱ្យកត់សម្គាល់នោះគឺបុរសម្នាក់ជាអ្នកបើកបររថយន្តត្រូវដាច់កក្នុងហេតុការណ៍បើករថយន្តកាមរីបុករថយន្តកាម៉ាស់សណ្ដោងរ៉ឺម៉កពីក្រោយ ។
ចំណែកក្មេងស្រីម្នាក់ក៏ស្លាប់ដោយដាច់កដែរ ក្នុងហេតុការណ៍រថយន្តកាមរីបុកចំកាងខាងក្រោយរថយន្តដឹកគោ ហើយហេតុការណ៍នេះក៏បណ្ដាលឱ្យមនុស្ស៥នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ។ ករណីទី១ បានកើតឡើងលើដងផ្លូវជាតិលេខ៥ បណ្ដាលឱ្យអ្នកបើកបរម្នាក់ស្លាប់ដាច់កនៅនឹងកន្លែងអង្គុយពេលបើករថយន្តម៉ាកកាមរីដឹកផ្លែឈើបុករឺុម៉កសណ្ដោងរថយន្តកាម៉ាស់ដែលខូចហើយឈប់លើដងផ្លូវចំពីក្រោយ ក្នុងដំណើរស្របទិសគ្នាពិលិចទៅកើត កាលពីវេលាម៉ោងជិត៥ភ្លឺថ្ងៃទី២២ មីនា នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយបែ៉ត ។ ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះស្រស់ ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ រថយន្តកាមរីដែលគាត់បើកបរស៊េរីឆ្នាំ១៩៩៣ ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2D-2895 ជារថយន្តដឹលផ្លែឈើពីប៉ោយប៉ែត ឆ្ពោះទៅក្រុងសិរីសោភ័ណ ។ នៅកន្លែងកើតហេតុគេឃើញផ្លែឈើកំពប់រាយប៉ាយពេញចិញ្ចើមផ្លូវ ហើយក្បាលរថយន្តដែលបុកបានមុជចូលទៅក្រោមរ៉ឺម៉ករថយន្តកាម៉ាស់ ឯដំបូលរថយន្តសើយរួញមកក្រោយធ្វើឱ្យអ្នកបើកបរដាច់កចេញពីដងខ្លួនដូចគេកាត់ស្លាប់នៅនឹងកន្លែង ។
រថយន្តកាម៉ាស់សណ្ដោងរ៉ឺម៉កដែលខូចឈប់ជារថយន្តចង្កូតឆ្វេងក្បាលពណ៌ស ពាក់ស្លាកលេខ ទ.០១៨៨ ភព៣ បើកបរដោយឈ្មោះទូច ភេទប្រុស មិនដឹងអាយុ ព្រោះបានគេចខ្លួនបាត់ ជារបស់ក្រុមហ៊ុនប៉ាសីុហ្វិក នៅក្រុងប៉ោយប៉ែត ។ តាមបុរសចំណាស់អាយុ៦៤ឆ្នាំ ឈ្មោះថុល ស្រិុន ជាព្រូរថយន្តកាម៉ាស់ និងមានទីលំនៅនៅស្រុកពាមរក៍ ខេត្តព្រៃវែង ប្រាប់ថា មុនពេលហេតុការណ៍នេះកើតឡើង រថយន្តគាត់បើកមកពីខាងលិច លុះមកដល់ចំណុចខាងលើក៏ដាច់កង់ក្រោយហើយគាត់បានទៅកាច់មែកឈើដាក់ជាសម្រាស់ រួចរវល់ទៅរមៀលកង់រថយន្តដែលរបូតធ្លាក់ស្លាមភ្លោះស្រាប់តែឮសំឡេងបុកលាន់ដូចរន្ទះតែម្ដង ។ បុរសជាព្រូរថយន្តរូបនេះបន្តថា មុនហេតុការណ៍បុកនេះក៏មានរថយន្តធំមួយគ្រឿងបើកពីខាងកើតហើយសង្ស័យរថយន្តកាមរីចាំងភ្លើងឬវាក់នឹងរថយន្តនោះទើបបុករថយន្តកាម៉ាស់របស់គាត់ ។ តាមសាច់ញាតិដែលទ្រហោយំនៅទីនោះនិយាយថា ជនរងគ្រោះនៅលីវមិនទាន់មានប្រពន្ធកូននោះទេ ។
ឯគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយករណីទៀត បណ្ដាលឱ្យក្មេងស្រីម្នាក់ដែលជិះក្នុងរថយន្តកាមរីដាច់កចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធ័ម និងមនុស្សចំនួន៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ មីនា នៅលើកំណាត់ផ្លូវជាតិលេខ២៥៨D ត្រង់ចំណុចភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ លោកវរសេនីយ៍ត្រី ឆេង អីុសុខា អធិការនគរបាលស្រុកអូរជ្រៅឲ្យដឹងថា រថយន្តដឹកគោម៉ាកហ៊ីណូ ជាប្រភេទរថយន្តសណ្តោងកង់១៨ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ3A-2727 បើកបរដោយឈ្មោះហ៊ូន ហូយ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ចំណែករថយន្តកាមរី ពណ៌ស្លែ ស៊េរី១៩៩៣ ពាក់ស្លាកលេខ2A-1474 បើកបរដោយឈ្មោះ មាន សាលួន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ របួសស្រាល ។
លោកអធិការនគរបាលស្រុកបានបន្តថា មុនពេលកើតហេតុ រថយន្តកាមរីធ្វើដំណើរពីទិសខាងត្បូងទៅខាងជើង លុះពេលដល់ចំណុចខាងលើបានរេចង្កូតទៅបុកចំកាងខាងក្រោយរថយន្តដឹកគោពេញទំហឹង បណ្តាលឲ្យក្មេងស្រីឈ្មោះពេជ្រ ស្រីណា អាយុ៣ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ដាច់កស្លាប់នៅកន្លែងកើតហេតុគួរឲ្យសង្វេគ ។ ចំណែកអ្នកជិះក្នុងរថយន្តចំនួន៥នាក់ទៀត រងរបួសធ្ងន់និងស្រាលគឺ ១-ឈ្មោះពេជ្រ ពន្លឺ ភេទប្រុស អាយុ៤៣ឆ្នាំ របួសធ្ងន់ ២-ឈ្មោះ យូន ចេន ភេទប្រុស អាយុ៤៤ឆ្នាំ របួសធ្ងន់ ៣-ឈ្មោះសូរ អឹុម ភេទប្រុស អាយុ១១ឆ្នាំ របួសស្រាល ៤-ឈ្មោះយូន ឈូ ភេទប្រុស អាយុ១០ឆ្នាំ របួសស្រាល ៥-ឈ្មោះពេជ្រ អាលាង ភេទស្រី អាយុ៩ឆ្នាំ របួសស្រាល ។ ជនរងគ្រោះទាំងអស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ។
ទាក់ទិននឹងករណីគ្រោះថ្នាក់នេះ សមត្ថកិច្ចជំនាញនៅមិនទាន់អះអាងថាបណ្ដាលមកពីមូលហេតុអ្វីនោះទេ ព្រោះនៅកន្លែងកើតហេតុមិនសូវមានមានមនុស្សដែលអាចបំភ្លឺបាន ។ ប៉ុន្តែបើតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចគឺសង្ស័យបណ្ដាលមកពីចាំភ្លើងហ្វា ហើយនៅចំណុចកើតហេតុជាចំណុចផ្លូវកោងផង ទើបបណ្ដាលឱ្យរថយន្តកាមរីបើកទៅបុកចំកាងក្រោយរថយន្តដឹកគោ៕
ចែករំលែកព័តមាននេះ