រាជធានីភ្នំពេញ ៖ លិខិតជូនដំណឹងមួយដែលបានបង្ហោះលើបណ្តាញសង្គម បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានចេញលិខិតជូនដំណឹងស្តីពីការលើកពេលសវនាការដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។
ក្រុមប្រឹក្សាជំនុំជម្រះទី១០ នៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញ បានជម្រាបជូនសាធារណជន និងអ្នកសុំចូលរួមស្តាប់សវនាការពីការលើកពេលសវនាការសំណុំរឿងព្រហ្មទណ្ឌលេខ៥៥៦ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨និង៣០នាទីព្រឹក នៅបន្ទប់សវនាការទី១ ។
តាមកម្មវត្ថុនៃលិខិតនេះ ក្រុមប្រឹក្សាជំនុំជម្រះទី១០ នៃសភាព្រហ្មទណ្ឌ សូមជម្រាបជូន សាធារណជន និងអ្នកចូលរួមស្តាប់សវនាការទាំងអស់ឲ្យបានជ្រាបថា កម្មវិធីសវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៥៦ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ដែលត្រូវធ្វើការជំនុំជម្រះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨និង៣០នាទីព្រឹក នៅបន្ទប់សវនាការទី១ ត្រូវបានលើកពេលសវនាការ តាមកាលបរិច្ឆេទខាងលើទៅថ្ងៃក្រោយវិញ ។
មេធាវីការពារក្ដី លោក កឹម សុខា គឺលោក ផែង ហេង ឱ្យដឹងថា សវនាការនេះនឹងលើកពេលដោយគ្មានកាលកំណត់ឡើយ ។ លោកបានសរសេរលើគណនីបណ្ដាញសង្គមរបស់លោកថា លោកទើបតែទទួលបានលិខិតជូនដំណឹង តាមរយៈការបង្ហោះលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ២០២៥ ពោលគឺមុនកាលបរិច្ឆេទដែលសវនាការគ្រោងធ្វើប៉ុណ្ណោះ ។
គិតមកទល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ ដែលសំណុំរឿងលោក កឹម សុខា ប្ដឹងទាស់ការចោទប្រកាន់របស់សាលាដំបូង បានជាប់គាំងនៅសាលាឧទ្ធរណ៍ភ្នំពេញ ដែលពន្យារពេលសវនាការតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
សហមេធាវីការពារក្ដីលោក កឹម សុខា គឺលោកស្រី ម៉េង សុភារី បានប្រាប់អ្នកយកព័ត៌មានថា ការបន្តលើកពេលសវនាការ នឹងធ្វើឱ្យសំណុំរឿងអូសបន្លាយកាន់តែយូរ ហើយវាគឺជាសញ្ញានៃភាពអយុត្តិធម៌ដែលនឹងបន្តកើនឡើងតាមពេលវេលា ។ លោកស្រី ម៉េង សុភារី ថ្លែងថា «គ្រាន់តែទុករឿងក្ដីរបស់គេចោលដោយមិនកាត់ក្ដី អាចចាត់ទុកថាជាក្ដីអស់សង្ឃឹមនៅក្នុងការស្វែងរកយុត្តិធម៌ឱ្យគេបាត់ទៅហើយ ។ នេះគឺជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
អ៊ីចឹង ហេតុដូច្នេះហើយ យើងខ្ញុំដែលជាសហមេធាវី សូមសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ក្នុងករណីរឿងក្ដីរបស់ឯកឧត្តម កឹម សុខា ព្រោះរឿងក្ដីនេះគឺយូរពេក យូរមែនទែន ។ អ៊ីចឹង កុំថាឡើយដល់តែកាត់ក្ដីថារឿងហ្នឹងយុត្តិធម៌ ឬក៏មិនយុត្តិធម៌ ដូច្នេះហើយការទុករឿងចោលហ្នឹង គឺវាអយុត្តិធម៌សម្រាប់ឯកឧត្តម កឹម សុខា បាត់ទៅហើយ» ។
ការប្ដឹងទាស់ទៅសាលាឧទ្ធរណ៍របស់ លោក កឹម សុខា ធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយភាពរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ដោយឃុំខ្លួនក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ឬត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ប្រទូស្តឱ្យមានអំពើឈ្លានពានប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ៕
ចែករំលែកព័តមាននេះ