រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ និងធ្វើឱ្យសមត្ថកិច្ចគ្រប់ជំនាញ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ មីនា ក្រោយពីមានខ្មាន់កាំភ្លើងបាញ់មួយគ្រាប់ទៅលើរថយន្តក្រុង ដែលដឹកក្រុមអ្នកតវ៉ាដីធ្លីសហគមហ៍បឹងកក់ ថ្មគោល និងបុរីកីឡា ដឹកនាំដោយអ្នកស្រី ទេព វន្នី ជួលជិះពីស្រុកជីក្រែង ខេត្តសៀមរាប ដែលជាការទៅចូលរួមក្រុមអ្នកតវ៉ាដីធ្លីនៅស្រុកជីក្រែងនោះ ។
ចំណុចដែលមានការបាញ់នោះ ស្ថិតនៅមុខមណ្ឌលសុខភាពខណ្ឌដូនពេញ ផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្នុងហេតុការណ៍នេះ មិនមានមនុស្សណាម្នាក់ស្លាប់ ឬរងរបួសនោះទេ គ្រាន់តែកញ្ចក់រថយន្តខាងមុខត្រូវប្រេះស្រាំប៉ុណ្ណោះ ។ សមត្ថកិច្ចនិយាយថា រថយន្តក្រុងមួយគ្រឿងនេះ បានដឹកក្រុមអ្នកសកម្មខាងតវ៉ាដីធ្លីនៅបឹងកក់ ថ្មគោល និងបុរីកីឡា ប្រមាណជា៤០នាក់ ដឹកនាំដោយអ្នកស្រី ទេព វន្នី ចេញពីស្រុកជីក្រែង ខេត្តសៀមរាប ក្រោយពីពួកគេបញ្ចប់កម្មវិធីនៅទីនោះ ។ លុះដល់ម៉ោងជិត៨យប់ នាថ្ងៃដដែល រថយន្តបានបើកតាមផ្លូវជាតិលេខ៥ ឆ្ពោះចូលរាជធានីភ្នំពេញវិញ ។ ខណៈដែលរថយន្តមកដល់មុខរោងចក្រទឹកដោះគោ ស្ថិតក្នុងខណ្ឌឫស្សីកែវ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាកវីវ៉ា និងមានឌុបស្ត្រីម្នាក់ផងនោះ ជិះតាមពីក្រោយ ហើយបានវ៉ារថយន្តខាងឆ្វេងដៃ និងបានចង្អុលមកលើអ្នកបើកបររថយន្តក្រុង ទំនងជាសុំឱ្យឈប់រថយន្ត ប៉ុន្តែអ្នកបើកបរមិនព្រមឈប់ឡើយ រួចក៏បន្តដំណើរទៅមុខទៀត រហូតដល់មុខមណ្ឌលសុខភាពខណ្ឌដូនពេញ (ខាងជើងស្ពានជ្រោយចង្វា) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ឃើញបុរសរូបនោះ បើកម៉ូតូតាមរថយន្តទៀត តែជិះម្នាក់ឯងទេ ហើយបានវ៉ារថយន្ត រួចអែបខាងស្តាំ និងដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់១គ្រាប់ បណ្តាឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ភ្លាមៗនោះ ខ្មាន់កាំភ្លើងបានបើកម៉ូតូគេចខ្លួនបាត់ រីឯរថយន្តក្រុង ក៏បន្តដំណើរទៅឈប់នៅមុខស្ថានទូតបារាំង តាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រុមសកម្មជនដីធ្លី ហៅការបាញ់នោះថា ការដែលខ្មាន់កាំភ្លើងបាញ់មកលើរថយន្តក្រុងដែលពួកគេជិះនេះ គឺមានចេតនាប៉ុនប៉ងបាញ់សម្លាប់សកម្មជនដីធ្លីតែម្តង ។ ក៏ប៉ុន្តែយោងតាមការអះអាងរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ការបាញ់សំដៅទៅមុខរថយន្តក្រុងនេះ អាចផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវច្រើនជាង មិនមែនជារឿងឃាតកម្មនោះទេ ហើយវាមិនអាចទៅរួចឡើយ បើមានការប៉ុនប៉ងបាញ់សម្លាប់នោះ ។ តែទោះបីជាយ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកខ្មាន់កាំភ្លើងដែលបាញ់នោះ យកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ