ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្ហាញ​លក្ខខណ្ឌ​អនុ​គ្រោះជា​ច្រើន​នៅ​ឆាក​អន្តរជាតិ​សម្រាប់​ការ​វិនិយោគ​របស់​បរទេស​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

(​រាជធានី​ភ្នំពេញ​)៖ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ថ្មី​ៗ​នេះ​បាន​ស្នើ​និង​ជម្រុញ​ឲ្យ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក​ឲ្យ​មាន​តំណាង​នៅ​កម្ពុជា​ដើម្បី​ជួយ​ជំរុញ​សកម្មភាព​ធុរកិច្ច​ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។ ​ ការ​ស្នើ​ឡើង​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នូវ​ឯ​កិច្ចប្រជុំ​ទ្វេភាគី​មួយ​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ឱកាស​ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៥១…

(​រាជធានី​ភ្នំពេញ​)៖ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ថ្មី​ៗ​នេះ​បាន​ស្នើ​និង​ជម្រុញ​ឲ្យ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក​ឲ្យ​មាន​តំណាង​នៅ​កម្ពុជា​ដើម្បី​ជួយ​ជំរុញ​សកម្មភាព​ធុរកិច្ច​ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

ការ​ស្នើ​ឡើង​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នូវ​ឯ​កិច្ចប្រជុំ​ទ្វេភាគី​មួយ​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ឱកាស​ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ ចាប់ពី​ថ្ងៃ​ទី ៥-១០ ខែកញ្ញា​ឆ្នាំ​២០១៩ ។

​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត Michael Michalak អនុប្រធាន​ជាន់ខ្ពស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក និង​បាន​ជម្រាប​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​បរិយាកាស​ធុរកិច្ច នៅ​កម្ពុជា​។ ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក​ឲ្យ​មាន​តំណាង​នៅ​កម្ពុជា​ដើម្បី​ជួយ​ជំរុញ​សកម្មភាព​ធុរកិច្ច​ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

កិច្ចប្រជុំ​នោះ​ក៏​បាន​ពិភាក្សា​អំពី​ផែនការ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​កា​រត​ភ្ជាប់ អភិបាលកិច្ច​ល្អ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស សេដ្ឋកិច្ច​ឌី​ជី​ថ​ល ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក និង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ផង​ដែរ​។

យ៉ាងណាមិញ នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​រុ​ស្ស៊ី​ដាច់​ដោយឡែក​មួយទៀត​នោះ
រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជម្រាប​ជូន​គណៈប្រតិភូ​រុ​ស្ស៊ី​អំពី​បរិយាកាស​វិនិយោគ និង​លក្ខខណ្ឌ​អនុ​គ្រោះជា​ច្រើន​សម្រាប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​។ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​លើ​វិស័យ​សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ក៏​ដូច​ជា​ការ​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជានា​ខែតុលា ដែល​ផ្តោត​សំខាន់​លើ​ការ​វិនិយោគ​ក៏​ដូច​ជា​ការ​ចូល​ជា​សមាជិក​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម EAEU ។

សម្រាប់​លទ្ធផល​សំខាន់​មួយ​ក្នុង​ចំណោម​លទ្ធផល​សំខាន់​ៗ​ដែល​សម្រេច​បាន​នៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នោះ គឺ​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តី​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់កិច្ចប្រជុំ​។ កិច្ចប្រជុំ​នេះ​បាន​ត្រួតពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការ​ចរចា​បន្ទាប់​ពី​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អា​សិប (RCEP) លើក​ទី​៨ នៅ​ទីក្រុង​ប៉េ​កាំ​ង​កន្លង​ទៅ និង​បាន​ពិភាក្សា​លើ​ទិស​ដៅ​ផែនការ​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​អា​សិប​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ តាម​អាណត្តិ​ផ្តល់​ឲ្យ​ដោយ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ចរចា​អា​សិប​ទាំង​១៦​។

​«​រដ្ឋមន្ត្រី​អា​សិប​ទាំងអស់ បាន​ឯកភាព​លើ​ផែនការ​ការងារ​ចរចា និង​កំណត់​គោលដៅ​បញ្ចប់​ការ​ចរចា​លើ​បញ្ហា​បច្ចេកទេស​ទាំង​លើ​អត្ថបទ និង​ការ​បើក​ច្រក​ទីផ្សារ​នៅ​កិច្ចប្រជុំ​នៅ​ដា​ណា​ង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ដាក់​ជូន​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​១៦ ប្រកាស​អំពី​ការ​បញ្ចប់​ការ​ចរចា​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្របគ្នា​នឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥» ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃ​ទី ១១ ខែកញ្ញា ឆ្នាំ​២០១៩ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ