ប្រទេសហ្ស៊ីមបាវេ ៖ សពរបស់អតីតប្រធានាធិបតីហ្ស៊ីមបាវេ លោករ៉ូប៊ែតមូហ្គាបេត្រូវបានធ្វើមាតុភូមិនិវត្តន៍ កាលពីថ្ងៃទី១១កញ្ញា សម្រាប់ការគោរពវិញ្ញាណក្ខ័ន្ធរយៈពេលច្រើនថ្ងៃនិងធ្វើបុណ្យសពកម្រិតជាតិ ក្នុងប្រទេសដែលលោកធ្លាប់ដឹកនាំក្នុងកណ្ដាប់ដៃដែក អស់រយៈពេលដល់ទៅ៣៧ឆ្នាំ។
វីរបុរសនៃឯករាជ្យភាពហ្ស៊ីមបាវេ ជាអតីតអាណានិគមអង់គ្លេសនោះ បានទទួលមរណភាពកាលពីថ្ងៃទី៦កញ្ញាក្នុងជន្មាយុ៩៥ឆ្នាំ ក្នុងមន្ទីរពេទ្យទំនើបមួយរបស់សិង្ហបុរី ជាកន្លែងដែលលោកតែងមកព្យាបាល ចាប់តាំងពីច្រើនឆ្នាំមកហើយ។
មកពីសិង្ហបុរីយន្តហោះពិសេសដែលដឹកសពលោកមូហា្គបេ បានចុះចតនាវេលារសៀលថ្ងៃទី១១កញ្ញានៅព្រលានយន្តហោះនៃរដ្ឋធានីហារ៉ារេ មានឈ្មោះថាព្រលានយន្តហោះមូហ្គាបេ។ គ្របដោយទង់ជាតិហ្ស៊ីមបាវេ មឈូសសពលោកមូហ្គាបេ ត្រូវសែនចេញពីយន្តហោះដោយកងទាហាន រហូតដល់វេទិកាមួយដែលប្រធានាធិបតីបច្ចុប្បន្នលោកEMMERSON MNANGAGWAនិងភរិយាមេមាយលោកមូហ្គាបេ លោកស្រីហ្គ្រាសមូហ្គាបេដែលស្លៀកពាក់ខ្មៅស្ថិតនៅទីនោះ។
កន្លែងបញ្ចុះសពលោកមូហ្គាបេដែលគ្រោងធ្វើនាថ្ងៃទី១៥កញ្ញា នៅពុំទាន់ដឹងនៅឡើយ ដោយរឿងនោះជាការស្រុះស្រួលគ្នា រវាងអាជ្ញាធរនិងសាច់ញាតិគ្រូសារលោក៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ