ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​អ៊ីរ៉ង់​ដាក់​លក្ខ​ខណ្ឌ​បី​ចំណុច​ដើម្បី​ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​បញ្ចប់​សង្គ្រាម

11 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ ​ប្រទេស​អ៊ីរ៉ង់​ដាក់​លក្ខ​ខណ្ឌ​ចំនួន​បី​ដើម្បី​ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​បញ្ចប់​សង្គ្រាម​។ បើ​មិន​ដូច្នេះ​ទេ ទោះ​បី​អាមេរិក​ឈប់​វាយ​ប្រហារ​ក៏​​ដោយ​ ក៏​សង្គ្រាម​នេះ​មិន​ចប់​ដែរ​។ ប្រ​ធានា​ធិបតី​អ៊ីរ៉ង់​ លោកម៉ាស៊ុត​ ប៉េ​ហ្សេ​ស្គាន (Masoud Pezeshkian)…

ទី​ក្រុង​តេ​អេ​រ៉ង់៖ ​ប្រទេស​អ៊ីរ៉ង់​ដាក់​លក្ខ​ខណ្ឌ​ចំនួន​បី​ដើម្បី​ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​បញ្ចប់​សង្គ្រាម​។ បើ​មិន​ដូច្នេះ​ទេ ទោះ​បី​អាមេរិក​ឈប់​វាយ​ប្រហារ​ក៏​​ដោយ​ ក៏​សង្គ្រាម​នេះ​មិន​ចប់​ដែរ​។ ប្រ​ធានា​ធិបតី​អ៊ីរ៉ង់​ លោកម៉ាស៊ុត​ ប៉េ​ហ្សេ​ស្គាន (Masoud Pezeshkian) បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​សង្គ្រាម​នេះអាច​បញ្ចប់​ទៅ​វិញ​លុះ​ត្រា​តែ​អនុ​វត្ត​តាម​លក្ខ​ខណ្ឌ​បី​យ៉ាង​៖ ការ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​អ៊ីរ៉ង់​, ការ​ផ្ដល់​ប្រាក់​សំណង​​ថ្លៃ​ខូច​ខាត​ដែល​អាមេរិក និង​អ៊ីស្រា​អែល​វាយ​ប្រហារ​អ៊ីរ៉ង់ និង​ការ​ធានា​ជា​អន្តរ​ជាតិ​ថា​អ៊ីរ៉ង់​នឹង​មិន​រង​ការ​វាយ​ប្រហារ​ជា​ថ្មី​នា​ពេល​អនា​គត​។

​អ៊ីរ៉ង់​ដាក់​លក្ខ​ខណ្ឌ​បែប​នេះ​ស្រប​ពេល​ដែល​ខ្លួន​បន្ត​ធ្វើ​សង្គ្រាម​មួយ​ទល់​នឹង​ពីរ​ជា​មួយ​អាមេរិក និង​អ៊ីស្រា​អែល​។ លោក​ប៉េ​ហ្សេ​ស្គាន​សរ​សេរ​រៀប​រាប់​នៅ​​លើ​បណ្ដាញ​អ៊ិច​ថា​ «បន្ទាប់​ពី​ពិគ្រោះ​គ្នា​ជា​មួយ​ថ្នាក់​ដឹក​នាំ​រុស្ស៊ី និង​ប៉ាគី​ស្ថាន​រួច​ លោក​សូម​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចង់​ឱ្យ​មាន​សន្តិ​ភាព​នៅ​ក្នុង​តំបន់​។ វិធី​តែ​មួយ​គត់​ដើម្បី​បញ្ចប់​សង្គ្រាម​គឺ​ត្រូវ​តែ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​អ៊ីរ៉ង់​, ត្រូវ​តែ​សង​ថ្លៃ​ខូច​ខាត​ និង​ត្រូវ​តែ​ធានា​ជា​អន្តរ​ជាតិ​ថា​ឈប់​វាយ​ប្រហារ​មក​លើ​អ៊ីរ៉ង់​ត​ទៅ​ទៀត​​»។​

​​​ប្រធានា​ធិបតី​អ៊ីរ៉ង់​ចាប់​ផ្ដើម​បោះ​ដៃ​ទៅ​រក​ការ​ចរ​ចា​បញ្ចប់​សង្គ្រាម​​បន្ទាប់​ពីអ្នក​នាំ​ពាក្យ​កង​ទ័ព​អ៊ីរ៉ង់​ទើប​តែ​​​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​រដ្ឋ​អ៊ីរ៉ង់ (IRIB) ថា​បើ​សិន​យោធា​អាមេរិក​នៅ​តែ​បន្ត​វាយ​ប្រហារ​កំពង់​ផែ​របស់​អ៊ីរ៉ង់​ទៀត អ៊ីរ៉ង់​ក៏​លែង​គួរ​សម​ត​ទៅ​ទៀត​ដែរ​។ កំពង់​ផែ និង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​របស់​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​នឹង​ក្លាយ​ជា​គោល​ដៅ​ដែល​យោធា​អ៊ីរ៉ង់​សូម​រក្សា​សិទ្ធិ​វាយ​ប្រហារ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​ព្រមាន​ថា​ការ​​វាយ​ប្រហារ​លើក​នេះ​នឹង​មាន​សភាព​ខ្លាំង​ក្លា​ជាង​អ្វី​ដែល​អ៊ីរ៉ង់​ធ្លាប់​ធ្វើ​ពី​មុន​មក​។ លោក​និយាយ​នេះ​ក្នុ​ងន័យ​ថា​បើ​សិន​កំពង់​ផែ​របស់​អ៊ីរ៉ង់​រង​កា​រវាយ​ប្រហារ​ពី​អាមេរិក​នា​ពេល​អនា​គត​។ លោក​សូម​អំពាវ​នាវ​ឱ្យ​បណ្ដា​ប្រទេស​ដែល​អនុញ្ញាត​ឱ្យ​អាមេរិក​ដាក់​មូល​ដ្ឋាន​យោធា​នោះ​ប្រញាប់​បណ្ដេញ​អាមេរិក​ចេញ​ឱ្យ​អស់​បើ​ពួក​គេ​ចង់​សុខ​ខ្លួន​។ យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រា​អែល​ទទួល​ស្គាល់​ថា​សង្គ្រាម​នេះ​ទំនង​ជា​មិន​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​​របប​ដឹក​នាំ​បែប​សាសនា​ធិប​តេយ្យ​នៅ​អ៊ីរ៉ង់​ទេ។

ទោះ​បី​លោក​ត្រាំ​អះ​អាង​ថា​​សង្គ្រាម​ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ​ព្រោះ​អាមេរិក​ជិត​សម្រេច​​គោល​ដៅ​របស់​ខ្លួន​ ហើយ​អ៊ីរ៉ង់​គ្មាន​នៅ​សេស​សល់​សម្រាប់​វាយ​ប្រហារ​ត​ទៅ​ទៀត​ ប៉ុន្តែ​ខាង​អ៊ីរ៉ង់​មិន​ចង់​បញ្ចប់​នៅ​ពេល​នេះ​ទេ​។ ការ​ទម្លាក់​គ្រាប់​បែក​ដ៏​ខ្លាំង​ក្លា​របស់​អាមេរិក​ និងអ៊ីស្រា​អែល​នៅ​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​​បាន​សម្លាប់​អតីត​មេ​ដឹក​នាំ​កំពូល​របស់​អ៊ីរ៉ង់​គឺ​លោក​អាយ៉ា​តូឡា​ អាលី​ ខា​មេនី និង​មេ​បញ្ជា​ការ​យោធា​ជា​ច្រើន​នាក់​ក៏​ពិត​មែន​។ ក៏​ប៉ុន្តែ​ជន​ស៊ីវិល​ក៏​ស្លាប់​មិន​តិច​នាក់​ដែរ​ ហើយ​ផ្ទះ​សម្បែង​របស់​ប្រជា​ជន​រួម​ទាំង​អគារ​ជា​ច្រើន​កន្លែង​ត្រូវ​បាន​បំផ្លាញ​។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជា​ជន​អ៊ីរ៉ង់​មាន​កំហឹង​។

ចំណុច​មួយ​ទៀត​ ទោះ​បី​មាន​ក្រុម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​អ៊ីរ៉ង់​ចង់​ងើប​បះ​បោរ​ក៏​ពួក​គេ​ត្រូវ​តែ​ក្រាប​ទៅ​វិញ​ដែរ​។ ដោយ​សារ​ម៉្យាង​អាមេរិក​ និង​អ៊ីស្រា​អែល​បន្ត​បាញ់​មីស៊ីល និង​ទម្លាក់​គ្រាប់​បែក​លើ​ទី​ក្រុង​តូច​ធំ​នានា​ទូទាំង​ប្រទេស​អ៊ីរ៉ង់ និង​ម៉្យាង​ទៀត​ អាជ្ញា​ធរ​អ៊ីរ៉ង់​ព្រមាន​ចាត់​វិធាន​ការក្ដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​ហ៊ាន​ចេញ​ហែ​បាតុ​កម្ម​នៅ​តាម​ផ្លូវ​។ ដូចនេះ ​ពួក​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​​សង្គ្រាម​ចប់​សិន។ រួច​ហើយ​ចាំ​គិត​គ្នា​ទៀត​​​៕ ប្រភព៖ New Daily TV (NDTV) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ