ឥណ្ឌា ៖ សិស្សជាង ៤០នាក់មិនស្រួ.លខ្លួនខ្លាំងបញ្ជូនទៅមន្ទីរពេទ្យ ខណៈរកឃើញជីងចក់ងា.ប់ក្នុងអាហារនៅសាលា
ប្រទេសឥណ្ឌា ៖ សិស្សសាលារដ្ឋមួយនៅក្នុងទីក្រុងកូមបាទ័រ (Coimbatore) រដ្ឋតាមិលណាឌូ (Tamil Nadu) ចំនួន ៤៤ នាក់…
ប្រទេសឥណ្ឌា ៖ សិស្សសាលារដ្ឋមួយនៅក្នុងទីក្រុងកូមបាទ័រ (Coimbatore) រដ្ឋតាមិលណាឌូ (Tamil Nadu) ចំនួន ៤៤ នាក់…
ប្រទេសឥណ្ឌា ៖ សិស្សសាលារដ្ឋមួយនៅក្នុងទីក្រុងកូមបាទ័រ (Coimbatore) រដ្ឋតាមិលណាឌូ (Tamil Nadu) ចំនួន ៤៤ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី១០ ខែមីនា បន្ទាប់ពីឈឺចុកពោះ និងបង្ហាញអាការៈសង្ស័យពុលអាហារ ក្រោយញ៉ាំបាយថ្ងៃត្រង់រៀបចំដោយសាលា។
ហេតុការណ៍នេះ បានកើតឡើងនៅឯសាលាមធ្យមសិក្សា Coimbatore Corporation ជាសាលារដ្ឋដែលមានសិស្សជាង ២០០នាក់កំពុងសិក្សានៅទីនោះ។ នេះបើប្រភពពីសារព័ត៌មាន Arena India, Indian Express និង India Today បានចេញផ្សាយ។
យោងតាមព័ត៌មានបឋម សិស្សទាំងនោះត្រូវបានបម្រើអាហារថ្ងៃត្រង់ដូចសព្វដង។ ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួច សិស្សជាច្រើននាក់ចាប់ផ្តើមមិនស្រួលខ្លួន និងចុកពោះខ្លាំង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជាលទ្ធផលត្រួតពិនិត្យ គណៈគ្រប់គ្រងសាលាបានរកឃើញសត្វជីងចក់ងាប់១ក្បាលក្នុងម្ហូបដែលដួសចែកដល់សិស្ស។ ការផ្តល់អាហារបានបញ្ឈប់ភ្លាមៗ ហើយគណៈគ្រប់គ្រងសាលាក៏បានរាយការណ៍អំពីបញ្ហានេះទៅកាន់អាជ្ញាធរសុខាភិបាលផងដែរ។
សិស្សសរុបចំនួន ៤៤ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ Coimbatore ជាបន្ទាន់ដើម្បីព្យាបាល។ ប៉ុន្តែសិស្សម្នាក់ត្រូវបានឪពុកម្តាយនាំទៅមណ្ឌលសុខភាពផ្សេងសម្រាប់ការថែទាំកម្រិតខ្ពស់។ មន្ត្រីប៉ូលិសបានរាយការណ៍ថា ការផ្តល់អាហារត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីរកឃើញជីងចក់ងាប់ក្នុងម្ហូប។ មន្ត្រីបន្តថា គ្រូពេទ្យចំនួន៥នាក់ ត្រូវបានបញ្ជូនទៅថែទាំសិស្សដែលឈឺទាំងអស់។ លោកបន្ថែមថា បច្ចុប្បន្ន សិស្សប្រុស ៣០ នាក់ និងសិស្សស្រី ១៣ នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ពួកគេបានធូរស្បើយច្រើន និងកំពុងស្ថិតក្រោមការតាមដានជាបន្តបន្ទាប់។
ជាមួយគ្នានោះ ប៉ូលិសបានបើកការស៊ើបអង្កេត ដើម្បីកំណត់ពីរបៀបដែលការពុលបានកើតឡើង។ សារាចរមួយនឹងត្រូវចេញទៅកាន់សាលារៀនផ្សេងទៀត ជាមួយការណែនាំ ដើម្បីតាមដានការរៀបចំអាហារដល់សិស្សឱ្យបានដិតដល់ និងបញ្ចៀសការកើតមានបញ្ហាស្រដៀងគ្នានេះ នៅពេលអនាគត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ថា ឪពុកម្តាយកូនសិស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណសាលា ដោយទាមទារឱ្យខាងសាលាមានការប្រុងប្រយ័ត្នខ្ពស់ និងមានសកម្មភាពឱ្យបានតឹងរ៉ឹងចំពោះអ្នកទទួលខុសត្រូវលើការរៀបចំអាហារដល់សិស្ស។ បណ្តាមន្ត្រីប៉ូលិសត្រូវបានដាក់ពង្រាយក្នុងតំបន់នោះ ដើម្បីរក្សាសណ្តាប់ធ្នាប់។ មន្ត្រីប៉ូលិសក៏បានបញ្ជាក់ថា ជំហានបន្ថែមទៀតនឹងត្រូវធ្វើឡើងបន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតត្រូវបានចេញផ្សាយ៕



ចែករំលែកព័តមាននេះ