ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​ អាមេរិក​ចំណាយ​១១,៣​ពាន់​លាន​ដុល្លារ​គ្រាន់​តែ​រយៈ​ពេល​៧​ថ្ងៃ​ដំបូង

13 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ គិត​ទៅ​ នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​ អាមេរិក​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ យោង​តាម​របាយ​​ការណ៍​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក (មន្ទីរ​បញ្ចកោណ) ដែល​ឡើង​រាយ​ការណ៍​​ជូន​​ព្រឹទ្ធ​សភា​កាល​ពី​ពេល​ថ្មី​ៗ​នេះ គ្រាន់​តែ​រយៈ​ពេល​៧​ថ្ងៃ​ដំបូង​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ីរ៉ង់​ អាមេរិក​ចំណាយ​លុយ​១១,៣​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​អ្វី​ដែល​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេ​ភី​រាយ​ការណ៍​ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ គិត​ទៅ​ នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​ អាមេរិក​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ យោង​តាម​របាយ​​ការណ៍​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក (មន្ទីរ​បញ្ចកោណ) ដែល​ឡើង​រាយ​ការណ៍​​ជូន​​ព្រឹទ្ធ​សភា​កាល​ពី​ពេល​ថ្មី​ៗ​នេះ គ្រាន់​តែ​រយៈ​ពេល​៧​ថ្ងៃ​ដំបូង​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ីរ៉ង់​ អាមេរិក​ចំណាយ​លុយ​១១,៣​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​អ្វី​ដែល​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេ​ភី​រាយ​ការណ៍​ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

គ្រាន់​តែ​សង្គ្រាម​២​ថ្ងៃ​ដំបូង​កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ (២៨ កុម្ភៈ និង​១​ មីនា) អាមេរិក​ចំណាយ​​​ទៅ​លើ​គ្រាប់​រំសេវ​អស់​៥​ពាន់​លាន​ដុល្លារ​។​ នេះ​មិន​ទាន់​គិត​ទៅ​ដល់​ការ​ចំណាយ​អ្វី​ផ្សេង​ផង​។ ​សូម​ជម្រាប​ថា​ខ្ទង់​ចំណាយ​សរុប​របស់​អាមេរិក​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​១២​ថ្ងៃ​ចុង​ក្រោយ​នេះ​មិន​ទាន់​​ដឹង​ថា​អស់​ប៉ុន្មាន​ពិត​ប្រាកដ​ទេ​។ តួលេខ​ជាង​១១​ពាន់​លាន​ដុល្លារ​នោះ​​គ្រាន់​តែ​សរុប​ត្រួស​ៗ​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ដំបូង​ប៉ុណ្ណោះ​។

​គេ​រំពឹងថា​សេត​វិមាន​នឹង​បញ្ជូន​សំណើ​ទៅ​ព្រឹទ្ធ​សភា​ឆាប់​ៗ​នេះ​ដើម្បី​ឱ្យ​សភា​ពិនិត្យ និង​អនុ​ម័ត​ថវិកា​បន្ថែមទៀត​សម្រាប់​យក​ទៅ​ធ្វើ​សង្គ្រាម​។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​​​ថវិកា​ដែល​រដ្ឋ​បាល​របស់​លោក​ត្រាំ​ស្នើ​សុំ​នោះ​អាច​នឹង​មាន​ចំនួន​ច្រើន​ដល់​៥០​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​យល់​ថា​​​អាច​នឹង​​តិច​ជាង​នេះ​។ រដ្ឋាភិបាល​អា​មេរិក​មិន​ទាន់​​បញ្ចេញ​របាយ​ការណ៍​ជា​សា​ធារណៈ​ថា​តើ​ខ្លួន​​បាន​ចំណាយ​លុយ​អស់​ប៉ុន្មាន​​ទៅ​លើ​សង្គ្រាម​នេះ? ឬ​ក៏​​ថា​តើ​សង្គ្រាម​នេះ​នឹង​អូស​បន្លាយ​រហូត​ដល់​ពេល​ណា​ទើប​ចប់​?

កាល​ពី​យប់​មិញ លោក​ដូណាល់​ត្រាំ​អះ​អាង​ថា​ខាង​ភាគី​អាមេរិក​ជា​អ្នក​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​សង្គ្រាម​នេះ​រួច​ជា​ស្រេច​។ ប៉ុន្តែ​លោក​ថា​អាមេរិក​មិន​ទាន់​ដក​ខ្លួន​ថយ​ពី​សង្គ្រាម​នេះ​ទេ ព្រោះ​នៅ​សេស​សល់​កិច្ច​ការ​មួយ​ចំនួន​ទៀត​ដែល​ខ្លួន​ត្រូវ​តែ​​ធ្វើ​ឱ្យ​បាន​ចប់​សព្វ​គ្រប់​​។ លោក​ត្រាំ​អះ​អាង​ថា​យោធា​អាមេរិក​បាន​វាយ​ប្រហារ​គោល​ដៅ​ជាង​៣​ពាន់​ទីតាំង​។ លោក​ថា​កង​ទ័ព​ជើង​ទឹក​ និង​ជើង​អាកាស​របស់​អ៊ីរ៉ង់​រលាយ​សាប​សូន្យ​, ពួក​គេ​អស់​មីស៊ីល​សម្រាប់​បាញ់​ត​ដៃ​, សូម្បី​តែ​រោង​ចក្រ​ផលិត​ដ្រូន​ក៏​ត្រូវ​យើង​វាយ​កម្ទេច​អស់​គ្មាន​សល់​។

នៅ​ក្នុង​សញ្ញា​វិជ្ជ​​មាន​មួយ​ដែល​ថា​សង្គ្រាម​អាច​នឹង​ចប់​ទៅ​វិញ​នៅ​ត្រង់​ថា​ប្រធានា​ធិបតី​អ៊ីរ៉ង់​បាន​ដាក់​បុរេ​លក្ខ​ខណ្ឌ​មួយ​ចំនួន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​សង្គ្រាម​។ នៅ​ក្នុង​ចំណោម​លក្ខ​ខណ្ឌ​ទាំង​នោះ​ក៏​មាន​ការ​ទាម​ទារ​ឱ្យ​អាមេរិក​ចេញ​សង​ថ្លៃ​ខូច​ខាត​ដែល​ខ្លួន​វាយ​ប្រហារ​ទៅ​លើ​អ៊ីរ៉ង់ និង​ការ​ធានា​ដោយ​ប្រាកដ​ប្រជា​ និង​ដឹង​ឮ​ជា​អន្តរ​ជាតិ​ថា​អ៊ីរ៉ង់​នឹង​មិន​រង​ការ​វាយ​ប្រហារ​​ជា​ថ្មី​ទៀត​ទេ​នា​ពេល​អនា​គត​។

សង្គ្រាម​នេះ​មាន​រយៈ​ពេល​ខ្លី​​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ទំហំ​នៃ​ការ​ខូច​ខាត​មិន​សាមញ្ញ​ពេក​ទេ​។ គ្រាន់​តែ​គ្រាប់​មីស៊ីល​បាញ់​គ្នា​ទៅ​វិញ​ទៅមក​មិន​តិច​ពាន់​លាន​ដុល្លារ​នោះ​​ឡើយ​​។ នេះ​មិន​ទាន់​គិត​​ទៅ​ដល់​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ អាយុ​ជីវិត​របស់​មនុស្ស​​នៅ​ឡើយ​ទេ​។ ជា​ពិសេស​ ទំនាក់​ទំនង​ការ​ទូត​អាច​នឹង​ល្អក់​កករ​នឹង​គ្នា​​រវាង​អ៊ីរ៉ង់​ និង​បណ្ដា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​ខ្លះ​ដែល​រង​ការ​បាញ់​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់​។ សង្គ្រាម​នេះ​ធ្វើ​ឱ្យ​មនុស្ស​២​ពាន់​នាក់​ស្លាប់​ ភាគ​ច្រើន​នៅ​​អ៊ីរ៉ង់ និង​លីបង់​។ ចំណែក​អាមេរិក​ពលី​​ជីវិត​យុទ្ធ​ជន​​៧​នាក់​៕ ប្រភព៖ អេ​ភី (AP), រ៉យ​ទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ