ខេត្តបាត់ដំបង ៖ មន្ត្រីអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ«ភ្នំដី» ក្នុងស្រុកសំពៅលូន ត្រូវបានមហា
ជនចង្អុលមុខចំៗថា បានប្រើសិទ្ធិអំណាចហូសហេតុ គាបសង្កត់និងបង្ខំទារប្រាក់ ដោយគ្មានត្រាប្រណីពីកម្មករដែលស៊ីឈ្នូលរអូសរទេះដឹកទំនិញ និងកម្មករដែលចេញចូលទៅធ្វើការងារនៅប្រទេសថៃ ។ មិន
តែប៉ុណ្ណោះ ថែមទាំងរារាំងអ្នកសារព័ត៌មាននានា មិនឲ្យចូលថតទិដ្ឋភាពកម្មករអូសរទេះឆ្លងកាត់ច្រកទ្វារព្រំដែន និងគំរាមកំហែងអ្នករត់ម៉ូតូឌុប ឬពលរដ្ឋទាំងឡាយណា ដែលហ៊ានផ្ដល់ព័ត៌មានពីសកម្មភាពទុច្ចរិតរបស់មន្ត្រីច្រកនេះ ដល់អ្នកសារព័ត៌មានទៀតផង ។
ពលរដ្ឋ កម្មករ និង អ្នករត់ម៉ូតូឌុប បាននាំគ្នានិយាយអំពីរឿងអាស្រូវរបស់មន្ត្រីអន្តោរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ«ភ្នំដី»នេះ នៅពេលជួបជាមួយកោះសន្តិភាព នៅក្បែរប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារព្រំដែន។ ពួកគេបានចង្អុលមុខចំៗថា មន្ត្រីអន្តោរប្រវេសន៍នេះបានប្រើសិទ្ធិអំណាចខ្លាំងសម្បើមណាស់ គាបសង្កត់និងបង្ខំទារប្រាក់ពីកម្មករអូសរទេះ និងកម្មករដែលចេញ-ចូលទៅធ្វើការងារនៅប្រទេសថៃ ។ ប្រភពនេះ បានលើកឡើងថា មន្ត្រីអន្តោប្រវេសន៍នេះ គ្មានការយោគយល់ ឬបន្ធូរបន្ថយខ្លះទេ ចំពោះកម្មករអូសរទេះ និងកម្មករចេញចូលទៅរកការងារនៅថៃ។
អ្នកអូសរទេះខ្លះនិយាយថា កាលពីឆ្នាំទៅមិញ ដែលក្រុមអន្តោប្រវេសន៍នេះទើបមកគ្រប់គ្រងច្រកទ្វារព្រំដែននេះដំបូង ហាក់មានចរិតស្លូតបូតគួរឲ្យស្រលាញ់។ ព្រោះមិនសូវបង្ខំទារប្រាក់ច្រើនពីអ្នករអូសរទេះ ឬ កម្មករចេញចូលថៃ ។ ប៉ុន្តែពេលនេះ មន្ត្រីនេះហាក់មានចរិតកាចសាហាវគួរឲ្យស្អប់បំផុត។ មន្ត្រីនេះបានបង្ខំទារប្រាក់ពីអ្នកអូសរទេះ និងកម្មករចេញចូលថៃគ្មានត្រាប្រណី ជាមួយនឹងការគំរាមកំហែងមិនឈប់។ ប៉ុន្តែពួកគេបានលើកសរសើរមន្ត្រីគយនិងរដ្ឋាករប្រចាំច្រកទ្វារនេះដែរថា មានការអធ្យាស្រ័យច្រើន ។
អ្នកផ្ដល់ព័ត៌មានទាំងនោះបានបញ្ជាក់ថា អ្នកអូសរទេះត្រូវបានគេកំណត់ឲ្យបង់ប្រាក់ទៅតាមរទេះតូច ឬធំ។ រីឯកម្មករចេញចូលថៃ ក៏ត្រូវគេទាមទារប្រាក់តាមទំនើងចិត្តដែរ បើទោះជាមានលិខិតឆ្លងដែនស្របច្បាប់ក្ដី តែគ្មានវិក័យបត្របង់ប្រាក់ទាំងនោះទេ។
ជុំវិញការចោទប្រកាន់នេះ កោះសន្តិភាពមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកព្រីណា ហ្សាណូ ប្រធានអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ«ភ្នំដី»បានភ្លាមៗទេ នៅព្រឹកថ្ងៃទី១១ កញ្ញា នេះ ។ ប៉ុន្តែជាក់ស្ដែង កាល ពីថ្ងៃទី១០ កញ្ញា មន្ត្រីអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិមួយនេះ បានព្យាយាមរារាំងមិនឲ្យកោះសន្តិភាពថតទិដ្ឋក្រុមកម្មករអូសរទេះ នៅមាត់ច្រកព្រំដែននេះឡើយ ។
មន្ត្រីម្នាក់បាននិយាយថា «ថ្នាក់លើហាមមិនឲ្យចូលថតរាល់សកម្មភាពនានា នៅតំបន់ព្រំដែននេះទេ តែបើចង់ថតត្រូវទាក់ទងមកខាងខ្ញុំជាមុន»។ ប៉ុន្តែមន្ត្រីមាឌដំបង សម្បុរខ្មៅម្នាក់នោះ មិនបានបញ្ជាក់អំពីមូលហេតុ ដែលមិនឲ្យអ្នកសារព័ត៌មានថតទិដ្ឋភាពទូទៅនៅមាត់ច្រកព្រំដែននេះទេ នៅពេលសួរនាំអំពីមូលហេតុ នៃការរារាំងនេះ។ ប៉ុន្តែសំណួរនេះ ត្រូវបានឆ្លើយជំនួសដោយក្រុមអ្នករត់ម៉ូតូឌុបដែលឈប់ត្រៀបត្រានៅទីនោះយ៉ាងដូច្នេះថា «មូលហេតុ ដែលមិនឲ្យអ្នកកសែតថតនៅមាត់ច្រកទ្វារព្រំដែន ពីព្រោះខ្លាចថតជាប់នូវសកម្មភាពមន្ត្រីអន្តោប្រវេសន៍ ដែលឈរចាំគាបសង្កត់ជំរិតទារប្រាក់ពីអ្នកអូសរទេះ និងកម្មករចេញ-ចូលថៃ» ។ ពួកគេបានប្រាប់ថា កុំថាឡើយអ្នកកាសែត សូម្បីតែពលរដ្ឋ ឬអ្នករត់ម៉ូតូឌុបនៅទីនោះ ក៏មិនអាចលើទូរស័ព្ទដៃថតបានដែរ បើទោះជាថតនៅលើផ្លូវសាធារណៈក្តី ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ