ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជម្រុញដល់អ្នកសាព័ត៌មានត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវនិងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ការលើកឡើងបែបនេះ គ្រាដែលឯកឧត្តម និងលោកហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានប្រចាំឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។

លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការនាំយកព័ត៌មានពិតពីសកម្មភាពអភិវឌ្ឍន៍របស់ខេត្តទៅកាន់សាធារណជនបានយ៉ាងរហ័ស និងទាន់សភាពការណ៍ ។ លោកបានបញ្ជាក់ថា ព័ត៌មានគឺជាស្ពានចម្លងដ៏សំខាន់រវាងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងការចូលរួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋាន។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្តកំពង់ស្ពឺក៏បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនសម្រាប់ទិសដៅការងារឆ្នាំ២០២៦ បន្តពង្រឹងសមត្ថភាពមន្ត្រី និងអ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយតែព័ត៌មានពិត ចៀសវាងការផ្សាយព័ត៌មានក្លែងក្លាយ (Fake News) ដែលបង្កឱ្យមានភាពវឹកវរក្នុងសង្គម។ បន្តការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលឱ្យកាន់តែទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ព្រមទាំងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺចំពោះកិច្ចខិតខំបំពេញការងារយ៉ាងសកម្មក្នុងឆ្នាំ២០២៥ សម្រេចបានលទ្ធផលជាច្រើនប្រកបដោយក្តីមោទនៈ បើទោះបីប្រឈមនឹងបញ្ហាមួយចំនួន ។ សមិទ្ធិផលការងារដែលលេចធ្លោរបស់មន្ទីរព័ត៌មានក្នុងឆ្នាំ២០២៥គឺការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ការងារផលិតនិងផ្សព្វផ្សាយ និងការដឹកនាំយុទ្ធនាកាប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្របខណ្ឌមន្ទីរព័ត៌មានរាជធានីខេត្ត ។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍ទិសដៅការងារឆ្នាំ២០២៦ ដល់ថ្នាក់ដឹកនាំមន្ទីរត្រូវរៀបចំផែនការសកម្មភាពការងារដោយយោងលើផែនការយុទ្ធសា ស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ (២០២៤-២០២៥) រៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយកំណត់សូចនាសមិទ្ធកម្មគន្លឹះ (ΚΡΙ) លើការងារសំខាន់ៗដើម្បីវាស់វែងបាន រៀបចំផែនការផលិតនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធសាស្ត្របញ្ចកោណ, គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាល, ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ និងសកម្មភាពថ្នាក់ដឹកនាំខេត្តជាដើម។

វិស័យសក្តានុពលរបស់ខេត្ត លើសពីនេះ ត្រូវចងក្រងបណ្តាញជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញជុំវិញខេត្ត អង្គភាពសារព័ត៌មានក្នុងមូលដ្ឋាន បណ្តាញយុវជនខេត្ត និងក្រុមអ្នកមានឥទ្ធិពលក្នុងមូលដ្ឋានជាដើម ដើម្បីសហការពង្រីកវិសាលភាពការផ្សព្វផ្សាយ និងពង្រឹងកិច្ចការងារសាធារណមតិ ។
ទន្ទឹមនេះ មន្ទីរព័ត៌មានត្រូវបន្តអនុវត្តឱ្យបានកាន់តែសកម្មនូវយុទ្ធនាកានិយាយថាទេចំពោះព័ត៌មានក្លែងក្លាយក្នុងគោលបំ ណងបញ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ស្លេះ អាល់ហ្វីន បានជម្រុញ និងអំពាវនាវដល់អ្នកសាព័ត៌មាន ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរក្សាតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន៖ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ភាពត្រឹមត្រូវ៖ ការផ្សាយព័ត៌មានដែលឆ្លងកាត់ការផ្ទៀងផ្ទាត់ច្បាស់លាស់។ ការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មិនត្រូវបន្តចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានដែលបង្កចលាចលក្នុងសង្គម ។ ការផ្សាយព័ត៌មានពិត ទាន់ហេតុការណ៍ និងមានមូលដ្ឋានគ្រឹះរឹងមាំ គឺជាអាវុធដ៏សក្តិសិទ្ធិបំផុតដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ។

ព័ត៌មានពិត គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់សង្គមជាតិ ចំណែកព័ត៌មានក្លែងក្លាយ គឺជាថ្នាំពុលដែលបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។ ការអំពាវនាវនេះ មិនត្រឹមតែជួយលើកកម្ពស់តម្លៃរបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការជឿទុកចិត្តពីសំណាក់សាធារណជនផងដែរ៕
ចែករំលែកព័តមាននេះ