រាជធានីភ្នំពេញ ៖ ការឈ្លានពានរបស់យោធាថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជាចាប់ផ្តើមពីថ្ងៃទី៧ ធ្នូ មកដល់បច្ចុប្បន្ន បានបាញ់ប្រហារបណ្តាលឲ្យប្រជាពលរដ្ឋស្លូតត្រង់ចំនួន២១នាក់ និងរបួស៨៣នាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធជាច្រើន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជាពីម៉ោង៦ល្ងាចថ្ងៃទី២២ ខែធ្នូ ដល់ម៉ោង៧ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ ។

ក្រសួងមហាផ្ទៃបានលើកឡើងថា គិតចាប់ពីម៉ោង៦ល្ងាចថ្ងៃទី២២ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេស ការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ ស៊ីវិល បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។
ក្រសួងបានលើកឡើងថា គិតសរុបពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស្លាប់ចំនួន២១នាក់ និងរបួសចំនួន៨៣នាក់ ។ ករណីពលរដ្ឋនៅជំរំសុវត្ថិភាពវិញ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក មានជនភៀសសឹកសរុប៥៤៤.៦៨៥នាក់ ក្នុងនោះ ស្ត្រី២៨៥.៥៣២នាក់ និងកុមារ១៧៤.០០៦នាក់ ។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត ។ ចំណែកករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលថ្មីខូចខាតផ្ទះ៧ខ្នង នៅខេត្តព្រះវិហារ និងផ្លូវ២កន្លែង នៅខេត្តបន្ទាយមានជ័យ ។

គិតសរុបពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមានផ្ទះប្រជាពលរដ្ឋ១១៨ខ្នង សាលារៀន៥ទីតាំង មណ្ឌលសុខភាព៣ទីតាំង ផ្សារ១ បង្គោលអង់តែនទូរសព្ទ២កន្លែង ប្រាសាទបុរាណមួយចំនួន វត្ត៥ទីតាំង សាលាឆទាន១ កុដិ១ អគារគយ និងរដ្ឋាករ១ អគារឯកជន១៣ទីតាំង អគាររដ្ឋ១១ខ្នង សណ្ឋាគារ៥ ទីតាំង មណ្ឌលកសិកម្មសហគមន៍១ ផ្លូវ២កន្លែង ស្ពានថ្ម២កន្លែង ស្ពានដែក១ ស្ពានបុរាណ១ ក្បាលស្ពាន១ ស្ថានីយប្រេង១ មធ្យោបាយដឹកជញ្ជូន២៨គ្រឿង ឃ្លាំងរថយន្ត១ និងឃ្លាំងទិញដំឡូង១។ មកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសំបែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ថៃ ដែលបំផ្លាញ ផ្ទះសំបែង និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ ។
ក្រសួងបានលើកឡើងទៀតថា ក្នុងពេលវីរយុទ្ធជនកម្ពុជា បានកំពុងប្រយុទ្ធការពារបូរណភាពទឹកដី កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស អាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ក៏បានបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍ ពិសេស គូសបញ្ជាក់ពីលទ្ធភាពឈានទៅអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកម្ពុជា-ថៃ ឡើងវិញ ។

ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រការស្វាគមន៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងឈានទៅបន្តអនុវត្តបទឈប់បាញ់ និងការបញ្ចប់អរិភាពឡើងវិញរវាងប្រទេសទាំងពីរ ដូចចំណុចទី៩ ដែលបានបញ្ជាក់ពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។ យើងមានសុទិដ្ឋិនិយមថា ភាគីថៃនឹងមានភាពស្មោះត្រង់ ដើម្បីឈានទៅអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ស្របតាមវត្ថុបំណងរបស់អាស៊ាន ។
ក្រសួងមហាផ្ទៃមានមោទនភាពចំពោះកូនខ្មែរគ្រប់រូប ដែលវេញស្មារតីប្រកៀកស្មាគាំទ្រយុទ្ធសាស្ត្រការពារ ជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ មហាកម្លាំងសាមគ្គីនេះ បានផ្តល់ថាមពលដ៏មហិមាជូនវីរយុទ្ធជនជួរមុខមាន កងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលកំពុង ប្រយុទ្ធការពារបូរណភាពទឹកដី។ សូមជនរួមជាតិបន្តពង្រឹងស្មារតីព្រលឹងខ្មែរតែមួយនេះឱ្យបានស្ថិតនៅជានិរន្តរ៍ ៕

ចែករំលែកព័តមាននេះ