ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃកឹក និងភូមិភ្នំខ្យងក្នុង ឃុំប្រសាទភ្នំខ្យង មានការព្រួយបារម្ភ និងភ័យខ្លាចជាខ្លាំង ដោយសារតែសំបូរបែបទៅដោយពស់ថ្លាន់ដេញចាប់មាន់ស៊ីទាំងថ្ងៃ ទាំងយប់ ធ្វើឱ្យពួកគាត់មានផ្ទះក្បែរជើងភ្នំនោះ ចាប់យកពស់ថ្លាន់នោះច្របាច់មាត់មកច្រកទឹកថ្នាំខ្លាំង និងដុតងាប់អស់ចំនួន5ក្បាលផ្សេងៗគ្នា កាលពីពេលថ្មីៗនេះ។
បើតាមពលរដ្ឋម្នាក់ឈ្មោះ គង់ វន ភេទប្រុស អាយុ52ឆ្នាំ នៅភូមិព្រៃកឹក បាននិយាយប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី10 ខែកញ្ញានេះថា សំបូរណាស់ ពស់ថ្លាន់វាដេញចាប់មាន់អ្នកភូមិស៊ីទាំងថ្ងៃ ហើយបើតាមដឹង គ្រាន់តែពស់ថ្លាន់ចូលស៊ីមាន់នោះ គឺមានអ្នកភូមិចំនួន7គ្រួសារហើយ។
លោកគង់ វន និយាយបន្តថា កាលពីយប់ថ្ងៃទី4 ខែកញ្ញានោះ ពស់ថ្លាន់មួយក្បាល ត្រូវបានអ្នកភូមិចាប់ច្របាច់មាត់ច្រកទឹកថ្នាំខ្លាំងសម្លាប់ចោលមួយក្បាល ខណៈពេលមករកស៊ីមាន់គេទាំងយប់ ហើយមិនព្រមចេញទៅណា។ លោកនិយាយថា បើតាមដឹងពស់ថ្លាន់ដែលត្រូវអ្នកភូមិសម្លាប់ចោល គឺមានចំនួន5ក្បាលហើយនៅក្នុងថ្ងៃខែផ្សេងៗគ្នា។
លោកគង់ វន និយាយប្រាប់ឱ្យដឹងថា អ្នកភូមិ ក៏ដូចជារូបគាត់ចង់បានអង្គការណាមួយនៅកៀកកិតជាមួយពលរដ្ឋ បើអ្នកភូមិប្រទះឃើញពស់ថ្លាន់ ឬពស់ថ្លាន់មកស៊ីមាន់នោះ សូមជួយមានវិធីចាប់យកពស់ថ្លាន់នោះទៅលែងនៅសួនសត្វផង ចៀសវាងអ្នកភូមិវាយសម្លាប់ចោលទៀត។
បើតាមពលរដ្ឋម្នាក់ទៀតឈ្មោះ ចែ មួយ អាយុ51ឆ្នាំ នៅភូមិភ្នំខ្យង បាននិយាយប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី10 ខែកញ្ញាថា ពស់ថ្លាន់ពិតជាសំបូរណាស់កន្លងមក ពស់ថ្លាន់បានមកអុកឡុកខាំឆ្មាងាប់ ទា មាន់ រហូតដល់ឆ្កែទៀត។ ហើយពស់ថ្លាន់មួយក្បាល មានទម្ងន់ប្រហែល10គីឡូក្រាម ក៏ត្រូវក្រុមអ្នកភូមិចាក់ប្រេងសាំង2លីត្រដុតនៅពេលយប់កន្លងមក ខណៈដែលពស់ថ្លាន់នោះបានចូលរកលេបជ្រូករបស់គាត់នៅក្នុងទ្រុង។ ប៉ុន្តែការចាក់ប្រេងសាំងដុតពស់ថ្លាន់នោះ វាមិនងាប់នោះទេ ទាល់តែអ្នកភូមិឯទៀតៗចាប់ទាក់ក.ព្យួរ ទើបងាប់។
បើតាមព្រះចៅអធិការវត្តប្រជាសង្គមភ្នំក្រពើ មានសង្ឃដីកាថា ពស់ថ្លាន់ដែលព្រះសង្ឃក្នុងវត្ត ជួយចាប់ ខណៈពលរដ្ឋប្រទះឃើញនៅក្នុងភូមិនោះ គឺមានចំនួន20ក្បាលហើយ បានយកទៅលែងនៅក្នុងរូងភ្នំ និងនៅភ្នំសំបូរព្រៃ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ