ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​សិង្ហ​បុរី​ ពង្រីក​កិច្ច​សហប្រតិបត្តិការ ដើម្បី​ពង្រឹងគុណភាព​ប្រព័ន្ធ TVET និង​បើកឱកាស​ការងារ​ដល់​ពលករ​កម្ពុ​ជា នា​ពេល​អនាគត

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Suresh…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Suresh Natarajan នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន ITE Education Services (ITEES) នៅ​ប្រទេស​សិង្ហ​បុរី នា​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដែល​ក្នុង​ឱកាស​នោះ​ដែរ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្តី​ពី “​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET)” ដើម្បី​ពង្រីក​កិច្ចសហការ​ក្នុង​ការ​លើកកម្ពស់​ស្តង់ដា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានគុណ​ភាព​ពេញលេញ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម និង​ការ​ប្រកួតប្រជែង​ជាស​កល ​។

ការ​ចុះ​កិច្ចព្រមព្រៀង​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ TVET ដូច​ជា​៖ ហេដ្ឋារចនាសម្ព័ន្ធ ភាព​ជា​អ្នកដឹកនាំ សមត្ថភាព ការ​សិក្សាអប់រំ និង​គុណភាព TVET ក៏​ដូច​ជា​ការ​ផ្តល់​អាជ្ញា​បណ្ណ និង​វិញ្ញាបនបត្រ TVET​ជាដើម ដើម្បី​ធានា​ថា យុវជន​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​នឹង​មាន​ជំនាញ​ពិតប្រាកដ និង​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ជា​ពិសេស គឺ​ឱកាស​ការងារ​នៅ​សិង្ហ​បុរី ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា MoU នេះ​កើត​ចេញពី​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង ការ​ប្តេជ្ញា​ចិត្ត និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ក្រសួង និង ITEES ដោយ​មានការ​គាំទ្រ​យ៉ាង​រឹង​មាំ​ពី​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា និង​ផ្អែក​លើ​មិត្តភាព​យូរអង្វែង​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ឯកឧត្តម​បាន​សម្តែង​មោទកភាព ដែល ITEES បាន​សម្រេច​ជ្រើសរើស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​«​ដៃគូ​» ក្នុង​វិស័យ​ជំនាញ និង​សេវា​អប់រំ​ដ៏​មាន​សារៈសំខាន់​នេះ ដែល​នឹង​ជួយ​លើកកម្ពស់​វិស័យ TVET និង​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ឲ្យ​ឈាន​ឡើង​កម្រិត​ខ្ពស់​ថែម​ទៀត ​។

ឯកឧត្តម​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ​មាន​គោលនយោបាយ​បើកចំហ ចំពោះ​អ្នក​ផ្តល់​សេវា​អប់រំ​បរទេស ដែល​មិន​ត្រឹមតែ​សិង្ហ​បុរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ កម្ពុជា​ក៏​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចក្រភព​អង់គ្លេស និង​ប្រទេស​អូស្ត្រាលី​ជាដើម​។ ភាព​ជា​ដៃគូ​ជា​ថ្មី​នេះ​នឹង​បន្ត​រួមចំណែក​ដល់​ការ​បំប្លែង​ប្រព័ន្ធ TVET កម្ពុជា និង​គាំទ្រ​ចក្ខុវិស័យ​រួម​គ្នា ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ មាន​ផលិតភាព និង​មាន​សមត្ថភាព​ប្រកួតប្រជែង តាម​រយៈ ITEES ដែល​ត្រូវ​បាន​ស្គាល់​ជា​សកល​សម្រាប់​ប្រព័ន្ធ TVET ដ៏​រឹង​មាំ និង​មាន​ភាព​ធន់​ ។

ជាមួយនឹង​ការ​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន ​រួច​ជា​ស្រេច​ក្នុង​ការ​អនុវត្ត​ទៅ​តាម​ស្មារតី​នៃ MoU នេះ ឯកឧត្តម ហេង សួរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ITEES សម្រាប់​ការ​គាំទ្រ​ដោយ​ឥត​ងាករេ​ក្នុង​ការ​បន្ត​កិច្ចសហការ ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា សម្រាប់​ការ​គាំទ្រ​យ៉ាង​រឹង​មាំ​នា​ពេល​កន្លង​មក ដោយ​ឯកឧត្តម​ជឿជាក់​ថា មរតក​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ​។

ទន្ទឹម​នឹង​នោះ លោក Suresh Natarajan បាន​លើក​ឡើង​ថា វា​ជា​កិត្តិយស និង​មោទនភាព​សម្រាប់ ITEES ដែល​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​នា​ពេល​កន្លង​មក​។ លោក​បាន​បង្ហាញ​ក្តី​សេចក្តី​រីករាយ​យ៉ាង​ក្រៃ​លេង ដែល​អាច​បន្ត MoU ថ្មី​នេះ ដែល​ធានា​ថា វា​នឹង​បង្កើត​ឱកាស​ចំ​ពេល និង​លើកកម្ពស់​កម្រិត​ជំនាញ​សម​ស្រប ដើម្បី​បង្កើត​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ទទួល​បានការ​ងារ​នៅ​សិង្ហ​បុរី​ផង​ដែរ​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ​ចំពោះ​កម្ពុជា ដែល​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​លើ ITEES ក្នុង​កិច្ច​ខិតខំ​នាំ​ឱ្យ​មានកម្ម​វិធី​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ហើយ ITEES នៅ​តែ​ប្តេជ្ញា​ចិត្ត​គាំទ្រ​ចក្ខុវិស័យ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ សមត្ថភាព​បត់បែន និង​ត្រៀមខ្លួន​សម្រាប់​អនាគត ​។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ទីផ្សារ​ការងារ​ទៅ​វិញ​ទៅ​មក ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​មាន​បំណង​បង្កើត​ឱ្យ​មាន​ផ្លាស់​ប្តូរ​កម្មវិធី​សិក្សា​ជំនាញ​អនុវត្ត​ការងារ​នៅ​កន្លែងធ្វើការ​ផ្ទាល់ និង​ការ​ពង្រីក​កិច្ចសន្យាការងារ​ដល់​ពលករ​ខ្មែរ​រហូត​ដល់​៣​ឆ្នាំ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា ITEES បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល​មន្ត្រី និង​គ្រូ​បង្គោល​កម្ពុជា​បាន​ជាង ៦ ០០០​នាក់​រួច​មក​ហើយ ដែល​គាំទ្រ​ដល់​ការ​ពង្រឹងគុណភាព​បណ្តុះបណ្តាល ការ​ពង្រឹង​ការ​គ្រប់គ្រង​ស្ថាប័ន ឧត្តមភាព​នៃ​ការ​បង្រៀន និង​ការ​លើកកម្ពស់​ភាព​ទាក់ទាញ​កម្លាំង​ពលកម្ម ក្នុង​ការ​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ ​៕ អត្ថបទសហការ