ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AHF ​បញ្ជាក់​អំពី​សារៈសំខាន់​ នៃ​ការ​កាត់បន្ថយ​ការ​រើសអើង​អំឡុង​ពេល​មក​រដូវ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​អង្គការ មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ (AHF) រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​អនុ​វិទ្យាល័យ​គោក​បញ្ជាន់​ដើម្បី​បញ្ជាក់​អំពី​សារៈសំខាន់ ​នៃ​ការ​កាត់​បន្ថយ​ការ​រើសអើង​អំឡុង​ពេល​មក​រដូវ ​។ ដើម្បី​ប្រារព្ធ​ទិវា​សុខភាព​ពេល​មក​រដូវ (MHD)…

រាជធានី​ភ្នំពេញ​ ៖ ​អង្គការ មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ (AHF) រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​អនុ​វិទ្យាល័យ​គោក​បញ្ជាន់​ដើម្បី​បញ្ជាក់​អំពី​សារៈសំខាន់ ​នៃ​ការ​កាត់​បន្ថយ​ការ​រើសអើង​អំឡុង​ពេល​មក​រដូវ ​។

ដើម្បី​ប្រារព្ធ​ទិវា​សុខភាព​ពេល​មក​រដូវ (MHD) លោក​វេជ្ជបណ្ឌិត ច​ន ផា​ន់​ណា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រចាំ​ប្រទេស នៃ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ (AHF)​ កម្ពុជា បាន​មាន​ប្រសាសន៍​ថា AHF​បាន​រៀបចំ​ព្រឹត្តិការណ៍​រំលឹក​ជា​កិត្តិយស​មួយ នៅ​អនុ​វិទ្យាល័យ​គោក​បញ្ជាន់​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បី​បញ្ជាក់​អំពី​សារៈសំខាន់​ នៃ​ការ​កាត់​បន្ថយ​ការ​រើសអើង​ អំឡុង​ពេល​មក​រដូវ និង​លើកកម្ពស់​ការ​ទទួល​បាន​សម្ភារៈ​បរិក្ខារ​ ដែល​មាន​សុវត្ថិភាព ស្អាត និង​សំឡី​អនាម័យ​ឥត​គិតថ្លៃ ឬ​មាន​តម្លៃ​សមរម្យ​សម្រាប់​តម្រូវការ រួម​ទាំង​វិធានការ​សំខាន់​ៗ​ក្នុង​ការ​ការពារ​សុខភាព​ទូទៅ និង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ចំពោះ​មេរោគ​អេ​ដស៍ និង​ការ​ឆ្លង​មេរោគ​ផ្លូវភេទ​ផ្សេង​ទៀត​។​ទិវា​សុខភាព​ពេល​មក​រដូវ​ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ​។

ឆ្នាំ​នេះ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា បាន​រៀបចំ​ទិវា​សុខភាព​ពេល​មក​រដូវ​ដោយ​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ អាជ្ញាធរ​មូលដ្ឋាន នាយក​សាលា គ្រូបង្រៀន និង​សិស្សានុសិស្ស​ចំនួន ៣០០នាក់ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អបអរសាទរ និង​ស្វែងរក​បរិយាកាស​គាំទ្រ​ចំពោះ​សុខភាព​ អំឡុង​ពេល​មក​រដូវ​របស់​ក្មេង​ស្រី​ ជា​ពិសេស​ក្នុង​វ័យ​សិក្សា​ ។

លោក​វេជ្ជបណ្ឌិត ឈឹ​ម សា​រ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​របស់ អង្គការ AHF បាន​មាន​ប្រសាសន៍​ថា​ ៖ «​នៅ​ក្នុង​តំបន់​ជា​ច្រើន ​នៃ​ទ្វីបអាស៊ី ការ​រើសអើង និង​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ការ​មក​រដូវ​នៅ​តែ​បន្ត​ជា​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ផលិតផល​សម្រាប់​មក​រដូវ និង​ព័ត៌មាន​សុខភាព​សំខាន់​ៗ។ នៅ​ពេល​ ដែល​មនុស្ស​មិន​អាច​គ្រប់គ្រង​ដោយ​សុវត្ថិភាព​ចំពោះ​ការ​មក​រដូវ​របស់​ពួក​គេ​បាន គឺជា​ផលវិបាក​ដល់​សុខភាព នឹង​សុវត្ថិភាព និង​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​ភាព​ងាយ​រង​គ្រោះ​ចំពោះ​មេរោគ​អេ​ដស៍ និង​ជំងឺ​កាមរោគ​ផ្សេង​ទៀត​។ ទិវា​សុខភាព​ពេល​មក​រដូវ​គឺជា​ការ​រំលឹក​ថា ការ​លើកកម្ពស់​ការ​ទទួល​បាន ការ​អប់រំ និង​ការ​ពិភាក្សា​ដ៏​ទូលំទូលាយ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ការពារ​សុខភាព​បុគ្គល និង​សាធារណៈ​។ ប្រទេស​អាស៊ី​ជា​ច្រើន​ដែល​បាន​លុប​ចោល​ពន្ធ​លើ​ផលិតផល​សម្រាប់​ការ​មក​រដូវ កំពុង​ជួយ​ពង្រីក​លទ្ធភាព​ទទួល​បាន​សម្ភារៈ​បរិក្ខារ និង​ការ​ប្រើប្រាស់​សម្រាប់​ពេល​មក​រដូវ​។ អង្គការ AHF សូម​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន គួរតែ​លុប​ចោល​ពន្ធ​លើ​ផលិតផល​សម្រាប់​ការ​មក​រដូវ »​។

នៅ​ទូ​ទាំង​ពិភពលោក ប្រជាជន​ជិត​២​ពាន់​លាន​នាក់​មក​រដូវ ដែល​ក្នុង​នោះ ៥០០​លាន​នាក់​កំពុង​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ​នៅ​ពេល​មក​រដូវ រួម​ទាំង​កង្វះ​ផលិតផល​គ្រប់គ្រាន់ គ្រឿង​បរិក្ខារ និង​បរិយាកាស​គាំទ្រ​។ បញ្ហា​ប្រឈម​ទាំងនេះ​អាច​នាំ​ឱ្យ​មានការ​ខកខាន​ទៅ​សាលារៀន ឬ​ការងារ ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ក្នុង​ករណី​ខ្លះ ការ​ពឹងផ្អែក​លើ​ទំនាក់ទំនង​ផ្លូវភេទ ឬ​ទំនាក់ទំនង​ដែល​មាន​ភាព​ខុស​គ្នា​នៃ​អាយុ​យ៉ាងច្រើន ដែល​កាត់​បន្ថយ​សមត្ថភាព​ក្នុង​ការ​ចរចា​ការ​រួម​ភេទ​ដែល​មាន​សុវត្ថិភាព និង​បង្កើន​ហានិភ័យ​នៃ​មេរោគ​អេ​ដស៍ និង​ជំងឺ​កាមរោគ​ផ្សេង​ទៀត​។

អង្គការ​ AHF សូម​កោតសរសើរ​ប្រទេស​ដែល​បាន​កាត់​បន្ថយ ឬ​លុប​បំបាត់​ពន្ធ​លើ​ផលិតផល​សម្រាប់​មក​រដូវ ហើយ​ជំរុញ​ឱ្យ​ទូ​ទាំង​ពិភពលោក​ធានា​បាន​ដូច​គ្នា ដើម្បី​ធានា​លទ្ធភាព​ទទួល​បាន និង​ប្រើប្រាស់​សម្រាប់​តម្រូវការ​។

លើស​ពី​នេះ​ទៅ​ទៀត ការ​រើសអើង និង​ភាព​មិន​អើពើរ​ជុំវិញ​ការ​មក​រដូវ​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​។ នៅ​ក្នុង​សហគមន៍​ជា​ច្រើន ការ​ហាមឃាត់​រារាំង​ការ​ពិភាក្សា​ដោយ​បើកចំហ ការ​ទទួល​បាន​ព័ត៌មាន​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​មិន​ទាន់​គ្រប់គ្រាន់​ត្រឹមត្រូវ និង​បំបាក់ទឹកចិត្ត​មនុស្ស​ពី​ការ​ស្វែងរក​ការ​ថែទាំ​។ ការ​ដោះស្រាយ​បញ្ហា​សុខភាព​រដូវ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ការ​មក​រដូវ​ជា​លក្ខណៈ​ធម្មតា ពង្រីក​ការ​ទទួល​បាន​សេវាកម្ម​សំខាន់​ៗ រួម​ទាំង​ការ​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ការ​ធ្វើតេស្ត និង​ការ​ព្យាបាល ជាមួយនឹង​ការ​ធានា​ឱ្យ​បាន​មនុស្ស​គ្រប់​គ្នា​អាច​គ្រប់គ្រង​សុខភាព​របស់​ពួក​គេ​បាន​ដោយ​សុវត្ថិភាព ដោយ​សេចក្តី​ថ្លៃថ្នូរ និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​ការ​រើសអើង​។

អង្គការ​ AHF​គាំទ្រ​ដល់​ស្ត្រី និង​ក្មេង​ស្រី និង​ស្ត្រី​វ័យក្មេង​តាម​រយៈ​កម្មវិធី​ផ្តល់​ភាព​អង់អាច​ដល់​ក្មេង​ស្រី ដែល​ធ្វើការ​សម្រាប់​ក្មេង​ស្រី​នៅ​ក្នុង​សហគមន៍ ក្មេង​ស្រី​ដែល​រង​គ្រោះ និង​ក្មេង​ស្រី​ដែល​ងាយ​រក​គ្រោះ​ដទៃ​ទៀត​។

លោក សាំង សុផល ប្រធាន​កា​រិ​យា ល័យ​សុខភាព​សិក្សា​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ក្រោម​ការ​ដឹកនាំ​ដ៏​សកម្ម​របស់ សម្តេច​ម​ធិ​បតី ហ៊ុន ម៉ា​ណែ ត នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​គោលនយោបាយ​ច្បាស់ លាស់ នៅ​តែ​បន្ត​ពង្រឹង និង​អនុវត្ត ហើយ​ការ​ផ្តល់ អាទិភាព​ដល់​ស្ត្រី​នៅ​តាម​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំង​វិធាន ការ​នានា សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម របស់​ស្ត្រី ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​ដឹកនាំ គ្រប់គ្រង និង​សម្រប សម្រួល ជំរុញ​ឱ្យ​មានការ ចូលរួម​គ្រប់​អ្នក​ពាក់ព័ន្ធ តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ ដែល​រួម​មាន គណៈកម្មាធិការ​សុខភាព តាម​ស្ថាប័ន រាជធានី​ខេត្ត ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ទូ​ទាំង​ប្រទេស រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ សង្គម​ស៊ី​វិល​ដើម្បី​ពង្រឹង​លើកកម្ពស់​សុខភាព​ស្ត្រី​និង​ក្មេង​ស្រី​។

ទិវា​ក្មេង​ស្រី​អន្តរជាតិ​នា​ឱកាស​នេះ យើង​ទាំងអស់​គ្នា សូម​អបអរសាទរ និង​មាន​មោទនភាព​ក្នុង​ការ ចូលរួម​ចំណែក ស្វែងរក​ការ​គាំទ្រ និង​ដំណោះស្រាយ គ្រប់គ្រង​សុខភាព ការ​អប់រំ​សុខភាព​បន្ត​ពូជ​ដែល​សម ស្រប​តាម​វ័យ និង​ពង្រឹង​ពី​សារៈសំខាន់​នៃ​ក្មេង​ស្រី​ដែល​កំពុង​ចូល​រៀន ចៀសវាង​ការ​ឆ្លង​មេរោគ​អេ​ដស៍ ការ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​គ្រោងទុក ការ​កសាង​ជំនាញ​បំ​ណិ​ន​ជីវិត និង​បញ្ហា​សំខាន់​ៗ​ផ្សេង​ទៀត​ដែល ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ ។

ជាមួយ​គ្នា​នេះ លោក គី​ម ប៊ុ​ន​ធី នាយក​សាលា​អនុ​វិទ្យាល័យ​គោក​បញ្ជាន់ បានឱ្យ​ដឹង​ថា នៅ​អនុ​វិទ្យាល័យ​គោក​បញ្ជាន់ ក៏​មាន​បង្កើត​គណៈ​ក​ម្មា​ការ​សុខភាព​ផង​ដែរ ដោយ​បាន​យកចិត្តទុកដាក់​ដល់​សុខភាព​មក​រដូវ​ដល់​សិស្ស​ស្រី​នៅ​ពេល​មក​រៀន​នៅ​សាលា​គឺ​យើង​មាន​សំឡី​អនាម័យ តម្កល់​ទុក​ក្នុង​ប្រអប់​សុខភាព ទុក​ឱ្យ​សិស្ស​មក​យក​ប្រើ​កុំឱ្យ​អវត្តមាន​សិក្សា​ពេល​មក​រដូវ​ ។

នាយក​សាលា​បញ្ជាក់​ថា មុន​ដំបូង​សំឡី​អនាម័យ​នេះ គណៈកម្មការ​សុខភាព​សាលា​បាន​ទិញ​យក​មក​តម្កល់​ទុក​ឲ្យ​សិស្ស​ប្រើ ប្រាស់ ក្រោយមក​បាន​អង្គការ​យើង​នេះ​បាន​មក​ផ្សព្វផ្សាយ​ហើយ​បាន​ចែក​ឲ្យ​សិស្ស​ប្រើប្រាស់ និង​បាន​ប្រគល់ មក​សាលា​តម្កល់​ទុក​ឱ្យ​សិស្ស​នៅ​ពេល​មាន​មក​រដូវ​មក​យក​ទៅ​ប្រើប្រាស់ ​។

ព្រឹត្តិការណ៍ ទិវា​សុខភាព​ក្មេង​ស្រី​អន្តរជាតិ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​លើកកម្ពស់ ការ​អប់រំ​សុខភាព​បន្ត​ពូជ​ដ៏​ទូលំទូលាយ និង​សមភាព​យេ​ន​ឌ័​រ ការ​យល់​ដឹង និង​ជួយ​ក្មេង ស្រី​ឱ្យ​រស់នៅ​មាន​សុខភាព​ល្អ​ដែល​អាច​ឲ្យ​ពួក​គេ​បាន​ចូល​រៀន​និង​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ជីវិត​របស់​ពួក​គាត់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ