ខេត្តព្រះវិហារ ៖ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងទប់ស្កាត់ការបំផ្លាញព្រៃឈើ អាជ្ញាធរខេត្តព្រះវិហារ បានបើកយុទ្ធនាការចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ និងដកហូតវត្ថុតាងជាច្រើនកន្លែង ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោក ធុច បញ្ចាសន្តិ
ភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ។ កម្លាំងចម្រុះដែលរួមមានអាជ្ញាធរស្រុកជាំក្សាន្ត និងមន្ត្រីបរិស្ថានបានកំណត់គោលដៅបង្ក្រាបចំនួន២ទីតាំង ១-ភូមិបង្គោល៨ ឃុំស្រអែម ២- ភូមិចារ ឃុំស្រអែម ។

ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានរកឃើញ និងរឹបអូសនូវវត្ថុតាងរួមមាន ឈើកែច្នៃពាក់កណ្តាលសម្រេចជាច្រើនដុំ និងគំនរឈើដែលលាក់ទុក ។ ឧបករណ៍ និងគ្រឿងម៉ាស៊ីនសម្រាប់កែច្នៃឈើមួយចំនួន ។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅរក្សាទុកនៅស្នាក់ការបរិស្ថាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែក ចំពោះមុខសញ្ញាមេឈ្មួញដែលនៅពីក្រោយខ្នង សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត ដើម្បីនាំខ្លួនមកផ្ដន្ទាទោស ។

ពាក់ព័ន្ធករណីបង្ក្រាបខាងលើនេះ យោងតាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា ក្រុមឈ្មួញបានលួចជ្រៀតចូលកាប់ឈើពីតំបន់ព្រៃព្រះរកា រួចដឹកជញ្ជូនយកមកកែច្នៃក្នុងសិប្បកម្មទាំងនេះ មុននឹងបន្តចែកចាយទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានាផងដែរ ៕




ចែករំលែកព័តមាននេះ