រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់វ័យ៦២ឆ្នាំម្នាក់បានប្រើប្រាស់ជីវិតផ្ទាល់ខ្លួនជាង១៥ឆ្នាំ សម្រាប់ការរស់នៅជាមួយហ្វូងសត្វឆ្កែ និងឆ្មារាប់រយក្បាល ដោយបានមើលថែទាំរក្សាចិញ្ចឹមបីបាច់ និងផ្តល់ក្តីស្រឡាញ់យ៉ាងខ្លាំងទៅកាន់សត្វទាំងអស់នោះ ជាសមាជិកគ្រួសារដ៏ជិតស្និទ្ធ ដោយលោកស្រីបានចាត់ទុកសត្វឆ្កែ និងឆ្មាទាំងអស់នោះដូចកូនៗបង្កើតរបស់លោកស្រីអញ្ចឹង ។

ស្ត្រីវ័យ៦២ឆ្នាំនេះមានឈ្មោះ ទេព គីមលន់ ដែលអ្នកភូមិនៅតំបន់នោះបានស្គាល់និងហៅគាត់ថា «ម៉ាដាមលន់» គាត់មានកូនប្រុសស្រីចំនួន៧នាក់ ដែលបច្ចុប្បន្នពួកគេទាំង៧នាក់ កំពុងរស់នៅប្រទេសបារាំងនិងអាមេរិក ដោយក្នុងនោះអ្នកខ្លះក៏មានគ្រួសារនិងមានកូនរួចទៅហើយដែរ ។ ចំណែកម៉ាដាមលន់វិញ គឺរស់នៅជាមួយស្វាមីតែ២នាក់ប្តីប្រពន្ធ និងសត្វឆ្កែឆ្មារាប់រយក្បាល ក្នុងលំនៅឋានដ៏ធំរបស់ខ្លួន ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជួបជាមួយ«កោះសន្តិភាព»លោកស្រី គីម លន់ បានរៀបរាប់ទាំងទឹកមុខញញឹមរីករាយរាក់ទាក់ថា បច្ចុប្បន្នសត្វឆ្កែនិងឆ្មា ដែលលោកស្រីកំពុងចិញ្ចឹម គឺមានចំនួនជិត២០០ក្បាល ដែលសត្វទាំងអស់នោះ គឺបានមកពីការរើសបានតាមដងផ្លូវសាធារណៈ ឬហៅថាសត្វអនាថា និងបានមកពីម្ចាស់សត្វមួយចំនួនដែលមានចិត្តលែងចង់ចិញ្ចឹមបានយកមកប្រគល់ឱ្យ ឬបានមកពីទីវត្តអារាមជាដើម ។

ម៉ាដាមលន់បន្តថា គាត់ចាប់ផ្តើមចិញ្ចឹមសត្វទាំង២ប្រភេទនេះ តាំងពីឆ្នាំ២០០៥មកម្ល៉េះដោយកាលនោះ គឺគាត់ចិញ្ចឹមនៅក្នុងផ្ទះផ្ទាល់ខ្លួនធម្មតាប៉ុណ្ណោះ ហើយក៏ពុំមានសត្វច្រើនដូចបច្ចុប្បន្ននេះដែរ លុះរហូតដល់ឆ្នាំ២០១២ គាត់ក៏បានបង្កើតជាសមាគមចិញ្ចឹមសត្វតែម្តង ដែលបច្ចុប្បន្នទីតាំងផ្ទះរបស់ម៉ាដាមគឺជាសមាគម ដោយបានដាក់ឈ្មោះថា «សមាគមការពារសត្វកម្ពុជា» ។

ម៉ាដាមលន់ បានរៀបរាប់ថា គាត់រស់នៅក្នុងប្រទេសបារាំងតាំងពីក្មេងមកម្ល៉េះ ពោលគឺគាត់កើតនៅកម្ពុជា ហើយក៏ត្រូវបានបងប្អូននាំទៅរស់នៅក្រៅប្រទេសតាំងពីតូច លុះធំដឹងក្តីឡើង គាត់មានជីវភាពធូរធាយ៉ាងខ្លាំងនៅទីនោះ ដោយមានរបររកស៊ីយ៉ាងច្រើន ដូចជាហាងនំប៉័ង ហាងពេជ្រ និងហាងលក់សម្លៀកបំពាក់ជាដើម ។ នៅឆ្នាំ១៩៩៦ ម៉ាដាមលន់ បានធ្វើដំណើរកម្សាន្តត្រឡប់មកកាន់កម្ពុជាវិញ លុះឆ្នាំ១៩៩៩ គាត់ក៏ត្រឡប់ទៅវិញ ។ នៅឆ្នាំ២០០៥ លោកស្រីក៏ត្រឡប់មកវិញម្តងទៀត ដោយក្នុងនោះ ការត្រឡប់មកវិញលើកទី២ បាននាំចិត្តរបស់ម៉ាដាមឱ្យស្រឡាញ់សត្វឆ្កែមុនគេបង្អស់ ។

ការចាប់ផ្តើមកើតចិត្តស្រលាញ់នោះ គឺកើតចេញពីក្តីអាណិតអាសូរ ដោយកំឡុងគ្រានោះលោកស្រីបានធ្វើដំណើរតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ហើយក៏បានប្រទះឃើញសត្វឆ្កែជាបន្តបន្ទាប់ជាច្រើន ដើរតាមដងផ្លូវ និងឆ្កែខ្លះដើរកាយសំរាមនានា ដើម្បីរកចំណីអាហារស៊ី ដោយសភាពរាងកាយរបស់សត្វទាំងនោះ មានសភាពស្គមស្គាំង ខ្លះមានសុទ្ធតែអង្គែស៊ីស្ទើរពេញផ្ទៃខ្លួនទាំងមូល ជាហេតុធ្វើឱ្យលោកស្រីកើតក្តីអាណិត រហូតរកវិធីសាស្ត្រប្រមែប្រមូលសត្វទាំងអស់នោះ យកទៅចិញ្ចឹមដល់ក្នុងលំនៅឋានរបស់លោកស្រីតែម្តងទៅ ។

អ្វីជាការកត់សម្គាល់នោះ ម៉ាដាមលន់ មិនត្រឹមតែចិញ្ចឹមសត្វឆ្កែនិងឆ្មាជាច្រើននៅក្នុងលំនៅឋានរបស់ខ្លួននោះទេ បច្ចុប្បន្នក៏បានចិញ្ចឹមសត្វទាំង២ប្រភេទនេះ នៅតាមទីវត្តអារាមចំនួន៥នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសត្វទាំងនោះទទួលការផ្តល់ចំណីអាហារពីម៉ាដាមជាបន្តបន្ទាប់ ហើយក្នុងនោះប្រសិនបើសត្វទាំងនោះវាឈឺ គឺម៉ាដាមជួលម៉ូតូឌុបដែលជាម៉ូតូឌុបប្រចាំសមាគម ឱ្យទៅដឹកវាយកមកដើម្បីទទួលការមើលថែទាំនិងពិនិត្យតាមដានជំងឺរបស់វានៅផ្ទះម៉ាដាម ។ ប្រសិនក្នុងករណីធ្ងន់ធ្ងរ គឺត្រូវដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យជំនាញសត្វក្នុងក្រុង ដើម្បីទទួលការព្យាបាលផងដែរ ។

ជារៀងរាល់ថ្ងៃសត្វទាំង២ប្រភេទខាងលើនេះ មានសត្វឆ្មា គឺត្រូវបានផ្តល់ចំណីអាហារចំនួន៣ពេលជាប្រចាំដូចទៅហ្នឹងមនុស្សធម្មតា ប៉ុន្តែក្នុងនោះសម្រាប់សត្វឆ្កែ គឺអាចនឹងត្រូវបង្អត់ចំណីពេលព្រឹក ដោយត្រូវដាក់ចំណីឱ្យវាស៊ីនៅម៉ោង១២ថ្ងៃត្រង់ និងពេលល្ងាចម៉ោង៦ប៉ុណ្ណោះ ។ ក្នុងករណីខ្លះប្រសិនបើមិនមានអាហារគ្រប់គ្រាន់សម្រាប់ពួកវា ។ ប៉ុន្តែបើមានវិញ គឺពួកគេត្រូវបានទទួលចំណី៣ពេលដូចសត្វឆ្មាផងដែរ ។ ចំពោះអាហាររបស់សត្វទាំង២នេះ ក៏មានការឧបត្ថម្ភពីតាមបណ្តាភោជនីយដ្ឋានមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ដោយបានផ្តល់ជាកាកសំណល់ ចំណីអាហារដែលសល់ពីភ្ញៀវ ឱ្យទៅកាន់សមាគមរបស់លោកស្រីដើម្បីអាចផ្គត់ផ្គត់បន្ថែមដល់សត្វទាំង២ ពិសេសគឺឆ្កែ ។

សម្រាប់ការចិញ្ចឹមបីបាច់ថែរក្សាសត្វទាំង២ប្រភេទនេះ ម៉ាដាមលន់ បញ្ជាក់ថា បានត្រូវចំណាយប្រាក់ចន្លោះពី៣០០០ទៅ៣៥០០ដុល្លារជាប្រចាំខែ ដោយគិតទៅលើការផ្តល់ចំណីអាហារ ការមើលថែទាំ ការព្យាបាល និងថ្លៃជួលមនុស្សឱ្យជួយមើលថែទាំ និងដាក់ចំណីចំនួន២នាក់ ដោយផ្តល់ប្រាក់ខែឱ្យពួកគេ២០០ដុល្លារក្នុងម្នាក់ ។ ម៉ាដាមថា សម្រាប់ក្នុង១ឆ្នាំវិញ គឺត្រូវចំណាយប្រាក់មិនក្រោម៣ម៉ឺនដុល្លារឡើយ សម្រាប់ការចិញ្ចឹមសត្វទាំង២នេះ ដែលជាប្រាក់ផ្ទាល់ខ្លួន ។

ក្នុងនោះក៏មានជំនួយឧបត្ថម្ភខ្លះៗពីសប្បុរសជនក្នុង និងក្រៅប្រទេសផងដែរ ប៉ុន្តែវាមិនបាន៣០ភាគរយ នៃប្រាក់ដែលម៉ាដាមចំណាយជាប្រចាំខែនិងឆ្នាំទេ ។ ប៉ុន្តែគាត់បង្ហាញពីអារម្មណ៍ពិតថា ការចិញ្ចឹមសត្វទាំង២ប្រភេទនេះ គឺកើតចេញពីចិត្ត និងក្តីស្រឡាញ់យ៉ាងពិតប្រាកដទៅកាន់សត្វទាំងនោះ ដោយមិនបានគិតនិងខ្វល់ខ្វាយពីប្រាក់ដែលបានខាតបង់នោះឡើយ ហើយម៉ាដាមអះអាងថាក៏មិនមែនចិញ្ចឹមសត្វទាំងនេះ ដើម្បីធ្វើជំនួញសម្រាប់ចំណេញផ្ទាល់ខ្លួននោះទេ ។ ម៉ាដាមលន់បានរៀបរាប់ថា សម្រាប់ឆ្មាឱ្យនៅជាន់ខាងលើដោយមានរបាំងមិនឱ្យចុះមកក្រោមទេ ។ ជាន់ខាងក្រោមសម្រាប់ឆ្កែ ។ ឆ្កែធំឱ្យនៅដោយធំ អាណាតូចរស់នៅដោយតូចៗ ព្រោះការពារមិនឱ្យវាខាំគ្នា សុទ្ធតែដាក់ឱ្យនៅដាច់ដោយឡែក ។

ឆ្កែនិងឆ្មាទាំងនោះមានសត្វខ្លះត្រូវឈឺធ្ងន់រហូតដល់ងាប់ លោកស្រីលន់ បានយកវាដុតបូជានៅដីខាងក្រោយផ្ទះរបស់គាត់ ហើយក្នុងនោះបានអុជធូបបួងសួង និងបានយកឆ្អឹងរបស់វាដាក់ក្នុងកោដ្ឋ ហើយយកទៅរក្សាទុកនៅក្នុងអាសនៈក្នុងផ្ទះរបស់គាត់ទុកសម្រាប់អុជធូបរំលឹកដល់ដួងវិញ្ញាណក្ខន្ធសត្វទាំងនោះផងដែរ ។ គាត់និយាយថា ឆ្កែនិងឆ្មាសុទ្ធតែមានសៀវភៅពេទ្យសម្រាប់ចាក់ថ្នាំ ។ ឆ្កែមួយណាឈឺ គាត់អញ្ជើញពេទ្យសត្វមកព្យាបាលដោយមានសៀវភៅឈ្មោះកត់ត្រា ព្រមទាំងរក្សាទុកក្នុងទូ ដោយមានរបៀបរៀបរយ ។ ប៉ុន្តែវាមិនសូវមានជំងឺទេ ។ ឆ្កែចាស់ ឆ្កែមកថ្មីមានហូរហែដែលពេលខ្លះមានគេស្រឡាញ់មកសុំយកទៅចិញ្ចឹមក៏មានដែរ គាត់ព្រមឱ្យប្រសិនបើស្រឡាញ់សត្វពិតប្រាកដមែន ។ មានអ្នកខ្លះឈប់ចិញ្ចឹមបានយកមកប្រគល់ឱ្យគាត់ក៏មានដែរ គឺទទួលយកឱ្យមករស់នៅដោយសុខសាន្តមិនរើសអើងទេ ។

ម៉ាដាមលន់ ជាស្ត្រីស្អាតមួយរូបដែលធ្លាប់ស្លៀកសម្លៀកបំពាក់លម្អលើរាងកាយតម្លៃរាប់ពាន់ដុល្លារគួរឱ្យគយគន់ដោយសារតែមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែបើក្រឡេកមកមើលបច្ចុប្បន្ននេះវិញ ម៉ាដាមលន់ ស្លៀកពាក់ខោអាវធម្មតាមិនមានគ្រឿងអលង្ការលម្អខ្លួនដូចពីពេលមុនៗទៀតឡើយ ព្រោះតែការធ្វើខ្លួនឱ្យធម្មតា ដើម្បីនៅមើលថែរក្សាឆ្កែនិងឆ្មា គឺជាសេចក្តីសុខរបស់លោកស្រី ។ មួយរយៈពេលប៉ុន្មានឆ្នាំក្រោយៗមកនេះ ម៉ាដាមនិយាយថាមិនសូវមានវត្តមានទៅចូលរួមនៅតាមកម្មវិធីផ្សេងៗជាមួយអ្នកស្គាល់គ្នាបានដូចមុនទៀតឡើយ ដោយសារតែមានភាពមមាញឹកខ្លាំងបំផុតជាមួយសត្វទាំង២ប្រភេទរបស់លោកស្រី ដោយរកតែពេលវេលាសម្រាកផ្ទាល់ខ្លួនសឹងតែមិនបានគ្រប់គ្រាន់ ។

សូមបញ្ជាក់ថា រៀងរាល់ពេលដែលកូនៗ និងបងប្អូនរបស់ម៉ាដាមដែលមកពីប្រទេសក្រៅ មកលេងម្តងៗ គឺពួកគេពុំដែលទៅដល់ផ្ទះរបស់ម៉ាដាមឡើយ ដោយពួកគេទៅចាំជួបគ្នានៅសណ្ឋាគារ ហើយទំនាក់ទំនងឱ្យលោកស្រីទៅកាន់សណ្ឋាគារវិញ ព្រោះលំនៅឋានរបស់គាត់គឺសុទ្ធតែឆ្កែនិងឆ្មារត់ប្រសាចមើលទៅគួរឱ្យរញ៉េរញ៉ៃបំផុត ពិសេសគឺក្លិនលាមក និងទឹកនោមរបស់វា ជះក្លិនស្ទើរតែពាសពេញផ្ទៃលំនៅឋានដ៏ធំទៅហើយ ទោះបីសម្អាតបែបណាក៏ដោយ ជាហេតុធ្វើឱ្យបងប្អូនសាច់ញាតិ និងកូនៗលោកស្រី មិនអាចទៅលេងដល់ក្នុងផ្ទះបានដូចធម្មតាឡើយ ។

លោកស្រីនិយាយថា កូនៗទាំង៧នាក់របស់លោកស្រី បានស្នើឱ្យលោកស្រីបញ្ឈប់ការចិញ្ចឹមសត្វទាំង២ប្រភេទខាងលើនេះទៅ ហើយសុំឱ្យលោកស្រីប្រើជីវិតដែលនៅមានដើរលេងឱ្យសប្បាយចិត្ត ព្រោះចាស់ហើយ ដូច្នេះហើយកូនៗលោកស្រីមិនចង់ឃើញម្តាយនៅហត់នឿយជាមួយសត្វទាំងនោះទេ ។ ប៉ុន្តែយ៉ាងណាក្តីម៉ាដាមលន់ ពុំទទួលយកសំណើរបស់កូនៗឡើយ ហើយគាត់បញ្ជាក់ថា គាត់នឹងមិនទៅណាចាកចោលសត្វទាំង២ប្រភេទនេះទេ ពោលគឺគាត់នឹងប្រើជីវិតដែលនៅសេសសល់រស់នៅជាមួយពួកវា មើលថែទាំពួកវាជារៀងរហូត ព្រោះវាជាសេចក្តីសុខដ៏ធំធេងរបស់គាត់នាពេលបច្ចុប្បន្ននេះ បើទោះជាមានការហត់នឿយខ្លាំងយ៉ាងណាក៏ដោយមិនព្រមឃ្លាតឆ្ងាយពីពួកវាឡើយ ៕ (សម្រួលដោយ៖ ស្រីណា)


ចែករំលែកព័តមាននេះ