ខេត្តព្រះវិហារ ៖ វត្ថុបុរាណដ៏មានតម្លៃចំនួន ២ប្រភេទ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដើម្បីយកទៅរក្សាទុក និងសិក្សាស្រាវជ្រាវបន្ត ។
ជាក់ស្តែងបើយោងតាមផេកអាជ្ញាធរជាតិព្រះវិហារ បានប្រកាសនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះថា ៖ អាជ្ញាធរជាតិព្រះវិហារបានទទួលវត្ថុបុរាណចំនួន២ ពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ។
នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ ដឹកនាំមន្ត្រីចុះទៅទទួលវត្ថុបុរាណចំនួន២ ពីលោក សាន សែន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត នៅផ្ទះរបស់គាត់ ស្ថិតនៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
វត្ថុបុរាណដែលបានប្រគល់ជូនមានចំនួន២ រួមមាន ៖ បំណែកផ្ដែរធ្វើពីថ្មក់ភក់មានចំនួន២ បំណែក និងកុលាលភាជន៍មួយ មានរាងដូចសត្វហង្ស ។
បច្ចុប្បន្ន វត្ថុបុរាណទាំង ២ប្រភេទនេះ បានយកទៅរក្សាទុកនៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីធ្វើការចុះបញ្ជីអភិរក្ស និងសិក្សាវិភាគបន្ថែម ។
ការផ្តល់ជូននេះបង្ហាញពីការចូលរួមសំខាន់ក្នុងកិច្ចការពារ និងថែរក្សាវត្ថុបុរាណ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់ជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ ៕


ចែករំលែកព័តមាននេះ