រាជធានីភ្នំពេញ៖ យោងតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ជនជាតិចិនសរុបចំនួន ៥០០នាក់ (ស្រី១៣នាក់) ត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោយរកឃើញថាមានការពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងការស្នាក់នៅធ្វើការងារខុសច្បាប់ ។
ជាក់ស្តែងនេះបើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសនាព្រឹកថ្ងៃទី១៦ ខែមីនានេះថា ៖ ជនជាតិចិន៥០០នាក់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ។
នៅយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៥០០នាក់ (ស្រី១៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសកងកេង (ខេត្តព្រះសីហនុ) ។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ៕



ចែករំលែកព័តមាននេះ