ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​នាំ​យក​ឱកាស​ការងារ​ជិត ៣​ពាន់ កន្លែង ជូន​ដល់​អតីត​ពលករ និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មគោល ខេត្តបាត់ដំបង

1 ម៉ោង មុន

ខេត្តបាត់ដំបង​ ៖ សកម្មភាព​នាំ​យក​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​គឺជា​កិច្ចការ​អាទិភាព​ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ តែង​យកចិត្តទុកដាក់​ខ្ពស់ ជា​ពិសេស​ចំពោះ​អតីត​ពលករ ដើម្បី​ធានា​ថា​បងប្អូន​ទាំងនោះ និង​យុវជន​នៅ​តាម​មូលដ្ឋាន​មានការ​ងារ​ធ្វើ និង​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ…

ខេត្តបាត់ដំបង​ ៖ សកម្មភាព​នាំ​យក​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​គឺជា​កិច្ចការ​អាទិភាព​ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ តែង​យកចិត្តទុកដាក់​ខ្ពស់ ជា​ពិសេស​ចំពោះ​អតីត​ពលករ ដើម្បី​ធានា​ថា​បងប្អូន​ទាំងនោះ និង​យុវជន​នៅ​តាម​មូលដ្ឋាន​មានការ​ងារ​ធ្វើ និង​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន​កាន់តែ​ប្រសើរ​ ។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ ខែមីនា ឆ្នាំ​២០២៦ នេះ វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្តការងារ​របស់​ខ្លួន​យ៉ាង​សកម្ម​ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ភូមិ​ថ្មី និង​អនុ​វិទ្យាល័យ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​មាន​អតីត​ពលករ និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ៨០០ នាក់ មក​ទទួល​ព័ត៌មាន​ឱកាស​ការងារ​ថ្មី​ៗ អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម និង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឡៅ ហ៊ី​ម រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​នាំ​យក​នូវ​ឱកាស​ការងារ​ចំនួន ២ ៧៥០ កន្លែង ដែល​ផ្តល់​ដោយ​តំណាង​រោងចក្រ សមាគម និង​ទីភ្នាក់ងារ​បញ្ជូន​ពលករ​ចំនួន ០៧ ក្នុង​ចំណោម​ឱកាស​ការងារ​សរុប​ជាង ៨ ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ​។ ឯកឧត្តម​បញ្ជាក់​ថា ការងារ​ក្នុងស្រុក​គឺជា​ជម្រើស​ដ៏​ល្អ ព្រម​ជាមួយ​នូវ​មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​ប្រាក់​ឈ្នួល​សមរម្យ​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​ការ​ទទួល​បានការ​គាំពារ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ដែល​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​កម្មករនិយោជិត និង​ការ​ជួយ​សម្រាល​បន្ទុក​ជីវភាព​តាម​រយៈ​បណ្ណ​ក្រីក្រ​សម្រាប់​បងប្អូន​ដែល​មាន​តម្រូវការ​ចាំបាច់​។

ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​លើកទឹកចិត្ត​ដល់​យុវជន ជា​ពិសេស​អតីត​ពលករ សូម​ចាប់​យក​ឱកាស​មាស​សិក្សា​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១,៥ លាន​នាក់ (TVET 1.5M) ដោយ​មិន​បង់ប្រាក់ ប៉ុន្តែ​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទៀត​ផង​។

សម្រាប់​បងប្អូន​ដែល​មាន​បំណង​ស្វែង​យល់​ព័ត៌មាន​បន្ថែម ឬ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ សូម​ទំនាក់ទំនង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ឬ​តាម​រយៈ​លេខ​ទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បី​ទទួល​បានការ​ពិគ្រោះ​យោបល់​គ្រប់​ជ្រុងជ្រោយ ​៕ អត្ថបទសហការ