ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វេទិកា​ការងារ​នៅ​ខេត្តពីរនេះ មានអតីត​ពលករ និង​ពលរដ្ឋ​ខ្មែរ​ជាង ២​ពាន់នាក់ ចូលរួមក្នុងនោះមានអ្នកទទួល​បានការ​ងារ និង​អ្នកបានចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេកទេស

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​ពាន់​នាក់ បាន​ចូលរួម ទទួល​បាន​ឱកាស​ការងារ និង​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខ​សង្គម…

រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​ពាន់​នាក់ បាន​ចូលរួម ទទួល​បាន​ឱកាស​ការងារ និង​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១៤-១៥ ខែមីនា ឆ្នាំ​២០២៦ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែមីនា​ថា វេទិកា​ការងារ​នេះ មាន​អតីត​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ២ ៤៣២​នាក់​បាន​អញ្ជើញ​ចូលរួម​ស្វែងរក​ការងារ​ធ្វើ ក៏​ដូច​ជា​ស្វែង​យល់​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម និង​ឱកាស​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ ។

លោក​បន្ត​ថា ក្នុង​ឱកាស​នោះ អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​សរុប​ចំនួន ២៤៨​នាក់ ចំណែក​អ្នក​ជាប់​ការងារ​សរុប ៣៤៦​នាក់ (​តួលេខ​បឋម​) ទទួល​បានការ​ងារ​ពី​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ធំ​ៗ​ចំនួន ១០ ដែល​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ឱកាស​ការងារ និង​ជ្រើសរើស​កម្លាំង​ពលកម្ម​ដល់​មូលដ្ឋាន​ ។

អ្នកនាំពាក្យ​រូប​នេះ បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ពលរដ្ឋ​ខ្មែរ ដែល​មិន​បាន​ចូលរួម​វេទិកា​ការងារ​លើក​នេះ សូម​ទាក់ទង​ទៅ​កាន់​លេខ ១២៩៧ ដែល​មាន​មន្ត្រី​ក្រសួង​ការងារ​នៅ​រង់ចាំ​ទទួល​ទូរ​សព្ទ​របស់​បងប្អូន ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​ទទួល​បាន​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ​ ។

សូម​រំឭក​ផង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​វេទិកា​ការងារ សរុប​ចំនួន ៦០១​លើក ដែល​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ និង​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ជាង ៦៣​ម៉ឺន​នាក់ ​៕ អត្ថបទសហការ