ខេត្តបាត់ដំបង ៖ កូនអកត្តញូទំនងបែកថ្នាំដល់កំរិត សុំលុយម្ដាយមិនបានដុតផ្ទះម្ដាយឆេះហ្មត់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ កាលពីរសៀលថ្ងៃទី១៥ មីនា នៅចំណុចភូមិបល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយកូនអកត្តញូនោះ បានរត់គេចខ្លួនបាត់ភ្លាមៗ ក្រោយដុតកម្ទេចផ្ទះម្ដាយ ។

មន្ត្រីការិយាល័យជំនាញបានរាយការណ៍ថា ជនបង្កឈ្មោះ ចាន់ ផល ហៅទត ភេទប្រុសអាយុ២៨ឆ្នាំ ។ ជននេះជាមនុស្សបែកថ្នាំដល់កំរិត ហើយតែងបង្កការអុកឡុកក្នុងគ្រួសារមិនឈប់ឈរ ។
មន្ត្រីជំនាញបានប្រាប់ថា លំនៅឋានដែលត្រូវជនបែកថ្នាំដុតកំទេចចោលនោះ ធ្វើពីដែក ប្រក់ស័ង្កសី មានទំហំ៤ម៉X១២ម៉ របស់អ្នកស្រី ចាន់ ចេង អាយុ៥៨ឆ្នាំ ត្រូវជាម្ដាយជនបង្ក ។ គ្មានរឿងអ្វីធំដុំដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងទេ នេះបើតាមប្រភពព័ត៏មាននៅកន្លែងកើតហេតុ ។

លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ដែលបានទទួលព័ត៏មានបឋមពីដំណើររឿង គឺអគ្គិភ័យនេះបានផ្ដើមចេញពីរឿងលោកកូនបែកថ្នាំ ដែលខឹងសុំលុយម្ដាយមិនបាន ក៏ដុតបំផ្លាញផ្ទះម្ដាយចោលតែម្ដងទៅ ។

លោកបានប្រាប់ថា បើតាមប្រវត្តិ ពេលជននេះបង្កការអុកឡុកម្ដងៗ ម្ដាយហាក់មិនសូវសហការជាមួយសមត្ថកិច្ចទេ ។ ផ្ទុយទៅវិញ ម្ដាយកាន់តែជម្រុញកូនឲ្យរត់គេចកុំឲ្យសមត្ថកិច្ចឃាត់ខ្លួន ឥឡូវលោកកូនដុតផ្ទះចោលល្មម សូម្បីតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏រំដោះមិនបានដែរ ។ ក្រោយដុតផ្ទះម្ដាយឆេះហ្មត់ ជននេះបានរត់គេចខ្លួនបាត់ភ្លាមៗដែរ រហូតមកដល់ពេលនេះរកមុខមិនទាន់ឃើញផង ៕



ចែករំលែកព័តមាននេះ