ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ដាណឺម៉ាក ប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ដែន​នី អាន​ណា​ន (Danny…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ដែន​នី អាន​ណា​ន (Danny Annan) ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ដា​ណឺ​ម៉ាក ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ​បាន​ប្រកាស​នា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ទី​១៦ ខែមីនា​នេះ ។

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ដែន​នី អាន​ណា​ន (Danny Annan) ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ដា​ណឺ​ម៉ាក ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​ឯកឧត្តម ហើយ​សម្ដេច​តេ​ជោ​សង្ឃឹមថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ដា​ណឺ​ម៉ាក​នឹង​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ជា​ឯកអគ្គរាជទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

សម្ដេច​តេ​ជោ បាន​បង្ហាញ​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កន្លង​មក ដែល​មាន​ភាពល្អ​ប្រសើរ ហើយ​សង្ឃឹមថា នៅ​ឆ្នាំ​ក្រោយ​ដែល​ជា​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា និង​ដា​ណឺ​ម៉ាក ប្រទេស​ទាំង​ពីរ​នឹង​មានការ​រៀបចំ​កម្មវិធី​នានា ដើម្បី​អបអរសាទរ​នៃ​ខួប​៦០​ឆ្នាំ ដែល​នឹង​ឈាន​មក​ដល់​នៅ​ឆ្នាំ​ក្រោយ​នេះ​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​សហការី បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​នា​ឱកាស​នេះ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា នៅ​ក្នុង​ការ​បំពេញបេសកកម្ម​របស់​ឯកឧត្តម ឯកឧត្តម​បាន​ប្រឹងប្រែង​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​រវាង​កម្ពុជា និង​ដា​ណឺ​ម៉ាក​ឱ្យ​កាន់តែ​រីក​ចម្រើន​ទាំង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការទូត​នយោបាយ​ជា​ពិសេស គឺ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ។

សម្ដេច​តេ​ជោ បាន​ពេញចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម ដោយ​សម្ដេច​បាន​ឯកភាព​លើ​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ដា​ណឺ​ម៉ាក មាន​ទំនាក់ទំនង​កាន់តែ​ល្អ​បន្ថែម​ទៀត ជា​ពិសេស​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ ឱ្យ​មាន​ភាពល្អ​ប្រសើរ មានការ​កើនឡើង​ហើយ​ស្រប​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​នយោបាយ ការទូត រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ជាមួយ​គ្នា ។

សម្ដេច​តេ​ជោ បាន​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ដា​ណឺ​ម៉ា គឺ​នៅ​មាន​សក្តានុពល​ច្រើន​ទៀត ដែល​ភាគី​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយ​គ្នា ជា​ពិសេស​លើ​ផ្នែក​ពាណិជ្ជកម្ម ការ​វិនិយោគ និង​សេដ្ឋកិច្ច​ជាដើម​។ នៅ​ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ​ក៏​បាន​ចែករំលែក​អំពី​ស្ថានការណ៍​អន្តរជាតិ​មួយ​ចំនួន​ដែល​កើត​មាន​ឡើង​នៅ​ពេល​បច្ចុប្បន្ន ជា​ពិសេស​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មកនេះ ដែល​ភាគី​ទាំង​ពីរ​កំពុង​តែ​រក្សា​គោល​ជំហរ​បទ​ឈប់​បាញ់ ហើយ​សម្ដេច​បាន​បញ្ជាក់​អំពី​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុ​ជានា​ពេល​កន្លង​មក គឺ​គាំទ្រ​ចំពោះ​ការ​រក្សា​នូវ​ជំហរ​នៃ​ការ​គោរព​បទ​ឈប់​បាញ់ និង​ការ​ដោះស្រាយ​បញ្ហា និង​ការ​ចរចា​ដោយ​សន្តិវិធី ។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក បាន​ពេញចិត្ត​ចំពោះ​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ដោយ​ឈរ​លើ​ការ​គោរព​បទ​ឈប់​បាញ់ និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ។

ជា​ចុង​ក្រោយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរាជទូត ដា​ណឺ​ម៉ាក ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ភាព​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ