ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្នាំ​នេះ! គ្រាប់ស្វាយចន្ទី មានហាងឆេងខ្ពស់ ខណៈអាជ្ញាធរ​ឃុំ​ស្រែ​ខ្ទុ​ម ជំរុញ​កសិករ​ឱ្យ​បង្កើន​ការ​ថែទាំ​ដំណាំ​ស្វាយចន្ទី

5 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​ទាញ​យក​ផលប្រយោជន៍ ពី​វិស័យ​កសិឧស្សាហកម្ម អាជ្ញាធរ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ជំរុញ​ដល់​បងប្អូន​ប្រជា​កសិករ​ក្នុង​មូលដ្ឋាន ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ដាំ​ដុះ និង​ថែទាំ​ដំណាំ​ស្វាយចន្ទី…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​ទាញ​យក​ផលប្រយោជន៍ ពី​វិស័យ​កសិឧស្សាហកម្ម អាជ្ញាធរ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ជំរុញ​ដល់​បងប្អូន​ប្រជា​កសិករ​ក្នុង​មូលដ្ឋាន ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ដាំ​ដុះ និង​ថែទាំ​ដំណាំ​ស្វាយចន្ទី ដ្បិត​តម្លៃ​ទីផ្សារ​នា​ដើមឆ្នាំ​២០២៦​នេះ កំពុង​មាន​សន្ទុះ​កើនឡើង​ខ្លាំង​។

ជួប​សម្ភាសន៍​ជាមួយ​កោះសន្តិភាព លោក ប៊ុត សំ​អ៊ែ​ល មេឃុំ​ស្រែ​ខ្ទុ​ម កាលពី​ថ្ងៃ​ទី​១៤ មីនា ២០២៦ មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​កសិករ​ថា ក្នុង​នាម​អាជ្ញាធរ​ឃុំ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​កសិករ ។ ថ្វី​ត្បិត​តែ​អាកាសធាតុ​ឆ្នាំ​នេះ​មានការ​ប្រែប្រួល ប៉ុន្តែ​តម្លៃ​ទីផ្សារ​ដែល​កំពុង​ហក់​ឡើង​ខ្ពស់​នេះ គឺជា​ឱកាស​មាស​សម្រាប់​បងប្អូន ។

ដូច្នេះ​សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​លើ​បច្ចេកទេស​ថែទាំ ការ​ដាក់​ជី និង​ការ​កម្ចាត់​សត្វល្អិត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​បាន​នូវ​គុណភាព​គ្រាប់ស្វាយចន្ទី​ឱ្យ​កាន់តែ​ល្អ ព្រោះ​គុណភាព​ខ្ពស់​នឹង​ធ្វើ​ឱ្យ​តម្លៃ​កាន់តែ​ប្រសើរ ដែល​អាច​បង្កើន​ប្រាក់​ចំណូល និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ឱ្យ​កាន់តែ​ធូរធារ ។​លោក​មេឃុំ​បញ្ជាក់​ថា ក្នុង​មូលដ្ឋាន​របស់​លោក ប្រជា​កសិករ​បាន​ដាំ​ដុះ​ដំណាំ​ជា​ច្រើន​មុខ រួម​មាន កៅស៊ូ ម្រេច ទុរេន ស្វាយកែវ​រមៀត ស្វាយចន្ទី ដំឡូង​មី ស្រូវ ជាដើម ។

ជួប​ជាមួយ​កសិករ​ដែល​កំពុង​មមាញឹក​ក្នុង​ការ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី អ្នកស្រី មុំ អេ​ន រស់នៅ​ក្នុងភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម បានឱ្យ​ដឹង​ថា គ្រួសារ​គាត់​បាន​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​លើ​ផ្ទៃដី​ប្រមាណ​ជាង ១ ហិ​កតា ដែល​មាន​អាយុកាល​ជាង ១០ ឆ្នាំ​មក​ហើយ កំពុង​ប្រមូល​ផល​ជា​រៀង​រាល់​ឆ្នាំ ។ នៅ​រដូវ​ប្រមូល​ផល​នេះ ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​អាច​រើស​គ្រាប់​បាន​ប្រមាណ ២០០ ទៅ ៥០០ គីឡូក្រាម​។ អ្វី​ដែល​សប្បាយចិត្ត​បំផុត​នោះ គឺ​តម្លៃ​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន​ៗ ដោយ​ប្រភេទ​គ្រាប់​ធម្មតា​អាច​លក់​បាន​ចាប់ពី​ជាង ៥,០០០ រៀល ទៅ ៦,០០០ រៀល ក្នុង​មួយ​គីឡូក្រាម ដែល​ធ្វើ​ឱ្យ​យើង​មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការ​ថែទាំ​ចំការ ។

អាជីវករ​ទទួល​ទិញ​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក​កែវ​សីមា លោក តុង ម៉េ​ង​ឆាយ បានឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០២៦​នេះ បរិមាណ​ផល​ហាក់​មានការ​ថយ​ចុះ​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​២០២៥​។ អាជីវករ​រូប​នេះ​បាន​លើក​ឡើង​ថា ក្នុង​មួយ​ថ្ងៃ ខ្ញុំ​អាច​ទទួល​ទិញ​ពី​កសិករ​បាន​ត្រឹមតែ​ចន្លោះ​ពី ៣០ ទៅ ៤០ តោន​ប៉ុណ្ណោះ ខណៈ​កាលពី​ឆ្នាំ​កន្លង​ទៅ ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​អាច​ប្រមូល​ទិញ​បាន​រហូត​ដល់​ជិត ១០០ តោន​។ ការ​ធ្លាក់​ចុះ​ទិន្នផល​នេះ គឺ​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ​ប្រែប្រួល​មិន​អំណោយផល ដែល​ធ្វើ​ឱ្យ​ផ្កា និង​ក្ដិ​ប​ស្វាយចន្ទី​ខ្លោច ឬ​ជ្រុះ​ច្រើន​។

ទោះបីជា​ទិន្នផល​មានការ​ថយ​ចុះ ប៉ុន្តែ​តម្លៃ​ដែល​អាជីវករ​ទទួល​ទិញ​ក្នុង​ស​ប្តា​ហ៍​ទី​មួយ​នៃ​ខែមីនា ឆ្នាំ​២០២៦​នេះ គឺ​មាន​ភាពល្អ​ប្រសើរ​ខ្លាំង ដោយ​គ្រាប់ស្វាយចន្ទី​ប្រភេទ​គ្រាប់​តូច (​គ្រាប់​ធម្មតា​) មាន​តម្លៃ​ចាប់ពី ៥,៨០០ រៀល ចំណែកឯ​គ្រាប់ពូជ​ប្រភេទ M23 ដែល​មានគុណ​ភាពល្អ និង​គ្រាប់​ធំ អាច​លក់​បាន​រហូត​ដល់ ៧,២០០ រៀល ក្នុង​មួយ​គីឡូក្រាម​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ដំណាំ​ស្វាយចន្ទី​របស់​កសិករ​មួយ​ចំនួន​ក្នុងឆ្នាំនេះ ទិន្នផល​អាច​ថយ​ចុះ​មួយ​ចំនួន​ដោយសារ​(​ការ​បម្រែបម្រួល​អាកាសធាតុ​) ដោយ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​និង​ខ្យល់ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ផ្កា​។

ប្រជា​កសិករ​អាច​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ចំនួន​ក្រោយ​ពេល​ភ្លៀង​រួច​លើក​ដំណាំ​ស្វាយចន្ទី​ដែល​មិន​ទាន់​ចេញ​ផ្កា សូម​ទាក់ទង​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ និង មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កិ​សកម្ម​។ ចំពោះ​តម្លៃ​ទីផ្សារ បច្ចុប្បន្ន​ជា​មធ្យម​ចាប់ពី ពី​៦.៥០០៛-៦.៧០០៛/​គ​.​ក្រ អាស្រ័យ​នឹង​គុណភាព ។ កាល​ឆ្នាំ​២០២៥​ដំណាំ​ស្វាយចន្ទី​ខេត្តមណ្ឌលគិរី អនុវត្ត​បាន ២២ ៨៩៣​ហិ​កតា បរិមាណ​ផល​សរុប ៣៣៨ ៧៨៧​តោន ។

យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើនឡើង​នៃ​តម្លៃ​កសិផល​នេះ​ដែរ ខណៈ​ដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​យ៉ាង​ខ្លាំងក្លា​លើ “​គោលនយោបាយ​ជាតិ​ស្ដី​ពី​ស្វាយចន្ទី ២០២២-២០២៧” ដើម្បី​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​អធិរាជ​ស្វាយចន្ទី នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

default
default
default
មេឃុំ
ថៅកែទទួលទិញស្វាយចន្ទី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ