ប្រទេសជប៉ុន ៖ ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានប្រកាសនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ១២ ឬ Type-12 ផលិតក្នុងស្រុក ដែលបាញ់ពីដីគោកទៅកាន់នាវា នៅជិតសមុទ្រចិនខាងកើត នេះជាចលនាមួយដែលបណ្តាអ្នកវិភាគបានលើកឡើងថា ប្រទេសចិនអាចហៅថា ការឆ្លងហួសកម្រិតយុទ្ធសាស្ត្រ ឬគំរាមកំហែងយោធាដោយផ្ទាល់។ ការដាក់ពង្រាយ ត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ធំធេងចំពោះការទប់ស្កាត់ក្នុងតំបន់ និងផែនការប្រតិបត្តិការរបស់ចិនក្នុងសមុទ្រចិនខាងកើត និងជុំវិញកោះតៃវ៉ាន់។
លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បានបញ្ជាក់ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា មីស៊ីល Type-12 ដែលអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងនោះ នឹងត្រូវបានដាក់ពង្រាយនៅបន្ទាយ Kengun ក្នុងខេត្ត Kumamoto នៅចុងខែនេះ។ ទោះយ៉ាងណាក៏ដោយ រថយន្តទ័ពដឹកឧបករណ៍បាញ់មីស៊ីលក្រុមដំបូង ត្រូវបានរាយការណ៍ថាទៅដល់មូលដ្ឋានទ័ពរួចហើយ ខណៈភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងជាមួយនឹងទីក្រុងប៉េកាំងនៅសមុទ្រចិនខាងកើត ជិតកោះតៃវ៉ាន់ បានជំរុញឱ្យទីក្រុងតូក្យូបង្កើនល្បឿនសមត្ថភាពការពារជាតិរបស់ខ្លួន។
មីស៊ីល Type-12 ដែលត្រូវបានអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង និងផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries បាញ់បានចម្ងាយប្រហែល១ពាន់គីឡូម៉ែត្រ ដែលជាការបង្កើនសមត្ថភាពពីមុនត្រឹម ២០០ គីឡូម៉ែត្រប៉ុណ្ណោះ។ តាមរយៈនេះ នឹងអនុញ្ញាតជប៉ុនគ្របដណ្តប់ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងកើតពីតំបន់ Kyushu និងទៅដល់ទីក្រុងឆ្នេរសមុទ្រនៅចិនដីគោក។
ប្រទេសចិនបានរិះគន់យ៉ាងខ្លាំងចំពោះការដាក់ពង្រាយមីស៊ីលនេះ ដោយលោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងថា កងកម្លាំងស្តាំនិយមជប៉ុនបានបង្កើនល្បឿនចលនាឆ្ពោះទៅរកការធ្វើទំនើបកម្មយោធាឡើងវិញ។ ប្រទេសកូរ៉េខាងជើងឯណោះវិញ ក៏បានចោទប្រកាន់ជប៉ុនថា បង្កើនហានិភ័យសន្តិសុខក្នុងតំបន់តាមរយៈការពន្លឿនការដាក់ពង្រាយ និងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយព្រមានថា ទីក្រុងតូក្យូប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើបន្តដើរនៅលើផ្លូវបច្ចុប្បន្នរបស់ខ្លួន។
សូមជម្រាបជូនថា Type-12 គឺមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនាវា ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យជប៉ុននូវសមត្ថភាពក្នុងការវាយប្រហារគោលដៅកងទ័ពជើងទឹកសត្រូវនៅចម្ងាយឆ្ងាយជាងមុន។ មិនដូចទម្រង់ដើមនៃប្រព័ន្ធ Type-12 ដែលប្រើប្រាស់ដោយកងកម្លាំងដីគោកជប៉ុនរត់ចម្ងាយត្រឹមប្រហែល ២០០ គីឡូម៉ែត្រ កំណែទម្រង់ថ្មី ត្រូវបានរំពឹងថាឈានដល់ប្រហែល ៩០០ គីឡូម៉ែត្រ ឬច្រើនជាងនេះ ទោះជាចម្ងាយពិតប្រាកដមិនទាន់ត្រូវបានបង្ហាញជាផ្លូវការក៏ដោយ។
មីស៊ីលថ្មីនេះ ត្រូវបានរចនាជាពិសេសអាចបាញ់នៅកម្ពស់ទាប គោលបំណងកាត់បន្ថយឱកាសចាប់ដោយរ៉ាដាសត្រូវ និងអាចបាញ់ចេញច្រើនទម្រង់ រួមទាំងឧបករណ៍បាញ់ពីដីគោក ពីនាវា និងយន្តហោះផងដែរ ដែលនេះជាការពង្រីកភាពបត់បែនប្រតិបត្តិការរបស់កងកម្លាំងការពារជប៉ុន (JSDF) យ៉ាងសំខាន់។
នៅពេលដាក់ដំណើរការ មីស៊ីលនេះនឹងអនុញ្ញាតឱ្យកងកម្លាំងជប៉ុនធ្វើប្រតិបត្តិការវាយប្រហារតាមសមុទ្រ ដោយកំណត់គោលដៅនាវាសត្រូវពីចម្ងាយ ដែលវាមានសុវត្ថិភាពជាងមុន ហើយនេះក៏នឹងពង្រីកសមត្ថភាពវាយប្រហារតាមសមុទ្ររបស់ជប៉ុនលើសពីមីស៊ីលប្រឆាំងនាវាបច្ចុប្បន្នរបស់ខ្លួនដូចជា ASM-2 (Type-93) ជាដើម។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រវាយបកដែលកំពុងវិវឌ្ឍរបស់ជប៉ុន មីស៊ីលនេះ នឹងបង្កើតបានផ្នែកមួយនៃសមត្ថភាពវាយបកឈរជើង គោលបំណងរារាំងសត្រូវ ដោយអនុញ្ញាតឱ្យវាយប្រហារលើកងកម្លាំងសត្រូវ មុនពេលពួកគេទៅដល់ទឹកដីជប៉ុន។
តាមការវិភាគដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ប្រព័ន្ធថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មមីស៊ីលកាន់តែទូលំទូលាយ ដែលរួមមានអាវុធល្បឿនលឿនជាងសំឡេង និងមីស៊ីលរត់រយៈចម្ងាយឆ្ងាយ។ សមត្ថភាពទាំងនេះ កំពុងត្រូវបានបង្កើតឡើងរួមជាមួយប្រព័ន្ធស៊ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍ (ISR) ដែលមានមូលដ្ឋានលើលំហអាកាស ដើម្បីជួយកំណត់ទីតាំង និងតាមដានគោលដៅនៅចម្ងាយឆ្ងាយ៕ ប្រភព ៖ The Times Of India
ចែករំលែកព័តមាននេះ