ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​បាន​និង​កំពុង​បំពេញបេសកកម្ម​ការ​ទូត​យ៉ាង​សកម្ម​និង​ឥត​ឈប់​ឈរ ទាំង​ក្នុង​និង​​ក្រៅប្រទេស ដើម្បី​ការពារ​ទឹកដី និង​ប្រជា​ជន​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​និង​កំពុង​បំពេញបេសកកម្ម​ការទូត​យ៉ាង​សកម្ម​និង​ឥត​ឈប់​ឈរ ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ការពារ​បូរណភាព​ទឹកដី…

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​និង​កំពុង​បំពេញបេសកកម្ម​ការទូត​យ៉ាង​សកម្ម​និង​ឥត​ឈប់​ឈរ ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន ដែល​រង​ការ​រំលោភ​បំពាន​ពី​កងកម្លាំងប្រដាប់អាវុធ​ថៃ ក៏​ដូច​ជា​ពង្រឹងស្មារតី​សាមគ្គី​ជាតិ​ឱ្យ​កាន់តែ​រឹង​មាំ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិស​ទី​ ។ ថ្លែង​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ជាក់ស្តែង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​បន្តដំណើរ​ទស្សនកិច្ច​​នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​សិង្ហ​បុរី និង​នូ​វែ​ល​សេ​ឡង់​ ។

នៅ​សិង្ហ​បុរី និង​នូ​វែ​ល​សេ​ឡង់ ក្រៅពី​រឹតចំណង​ការទូត​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​នីមួយ​ៗ បញ្ហា​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ក៏​ដូច​ជា​ក្នុង​ពិភពលោក​ដែល​ជា​កង្វល់​រួម គឺជា​ប្រធានបទ​ដ៏​សំខាន់​នៃ​ជំនួប​ពិភាក្សា ក្នុង​នោះ កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានការណ៍​តាម​បណ្តា​យ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​លើកយក​មក​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​ថ្លែងអំណរគុណ​ប្រទេស​ជា​មិត្ត​ចំពោះ​ការ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដើម្បី​ធានា​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ និង​និស្សិត​កម្ពុជា​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី ដោយ​បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​ព្រះករុណា​ព្រះមហាក្សត្រ ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ​សហគមន៍​ខ្មែរ​នៅ​ក្រៅប្រទេស​ផង​ដែរ​ ។ ការណ៍​នេះ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ស្មារតី​យកចិត្តទុកដាក់​និង​ក្តី​កង្វល់​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ពោល​គឺ ទាំង​អង្គ​ព្រះមហាក្សត្រ ទាំង​ថ្នាក់ដឹកនាំ មិន​ដែល​បោះបង់​បងប្អូន​ជនរួមជាតិ​ណា​ម្នាក់​ឡើយ ទោះបីជា​បងប្អូន​រស់នៅ​ទីណា​ក៏​ដោយ​ក្រោម​ស្មារតី​ថា ប្រជាជន​កម្ពុជា​គ្រប់​រូប គឺជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​ខ្មែរ​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​ជម្រាប​ជូន​ពួក​គេ​អំពី​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី តាម​គ្រប់​មធ្យោបាយ​ទាំងអស់ រួម​មាន មធ្យោបាយ​ការទូត នយោបាយ សាធារណ​មតិ និង​ផ្លូវច្បាប់ ដែល​ជា​មធ្យោបាយ​សន្តិវិធី ស្រប​តាម​អនុសញ្ញា សន្ធិសញ្ញា​និង​ច្បាប់​អន្តរជាតិ ព្រមទាំង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ដោយ​មិន​ភ្លេច​ការ​ត្រៀម​ខ្លួន​ផ្នែក​យោធា​ដើម្បី​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​។ ប្រមុខ​ការទូត​កម្ពុជា​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ដែល​បាន​លើកទឹកចិត្ត​និង​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​វីរ​កងទ័ព​ជួរ​មុខ​ដ៏​អង់អាច​ក្លាហាន​របស់​យើង​។

នៅ​ឯ​ក្នុង​ប្រទេស​វិញ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​និង​តាមដាន​រាល់​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ និង​បាន​តវ៉ា​ភ្លាម​ៗ​ចំពោះ​រាល់​សកម្មភាព​រំលោភ​បំពាន​មក​លើ​ដែន​អធិប​តេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា​។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ ការ​តវ៉ា​ជា​ផ្លូវការ​ត្រូវ​បាន​ធ្វើ​ម្តងទៀត​ទៅ​កាន់​ភាគី​ថៃ ​ដោយ​ប្រឆាំង​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​សកម្មភាព​សាងសង់​សំណង់​នានា​ដែល​មាន​លក្ខណៈ​ជា​ការ​ពង្រឹង​ទីតាំង​យោ​ធា និង​ស៊ី​វិល នៅ​ក្នុង​ទីតាំង​ដែល​ខ្លួន​បាន​ដណ្តើម​កាន់កាប់​ដោយ​ខុសច្បាប់​តាម​រយៈ​ការ​ប្រើ​កម្លាំងយោធា ហើយ​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំងអស់​ខាងលើ និង​ងាក​មក​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដូច​ជា​កិច្ចព្រមព្រៀង​ផ្សេង​ទៀត​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជូន​បងប្អូន​ជនរួមជាតិ​ជ្រាប​ថា រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ការ​ការពារ​បូរណភាព​ទឹកដី និង​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​។ នៅ​ក្នុង​ប្រទេស បងប្អូន​ជនភៀសសឹក គឺជា​អាទិភាព​ដែល​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព និង​ការ​រស់នៅ​របស់​ពួក​គេ ទាំង​បងប្អូន​ជនភៀសសឹក​ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ ទាំង​អ្នក​ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​វិញ​បាន​នៅឡើយ​។

នៅ​ក្រៅប្រទេស ប្រជាពលរដ្ឋ​ និង​និស្សិត​ខ្មែរ​នៅ​ក្នុង​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា ក៏​ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​អំពី​សុខ​សុវត្ថិភាព​របស់​ពួក​គេ ខណៈ​ដែល​ជនជាតិ​ខ្មែរ​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក៏​មិន​ត្រូវ​បាន​បំភ្លេច​នោះ​ឡើយ​។ ទាំង​អស់នេះ​ សបញ្ជាក់​ពី​ការ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ការ​បញ្ចេញ​សកម្មភាព​ជាក់ស្តែង តាម​គ្រប់​រូបភាព ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ការពារ​សុខ​សុវត្ថិភាព​ប្រជាជនដែល​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​សូម​បញ្ជាក់​ជា​ថ្មី​ថា ក្នុង​ស្មារតី​ស្រឡាញ់​សន្តិភាព និង​គោរព​ច្បាប់​អន្តរជាតិ កម្ពុជា​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ និង​គ្រប់​ចំណុច​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដូច​ជា​កិច្ចព្រមព្រៀង​ផ្សេង​ទៀត​។ កម្ពុជា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ