ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ជាង​២​ម៉ោង ខ្ទេច​ទាំង​ផ្ទះ ខ្ទេច​ទាំង​ទ្រព្យសម្បត្តិ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ខ្ទេច​អស់ទាំង​ស្រុង ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ម្ចាស់​អុជ​ទៀន​ធូប​ទុក​ចោល ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩…

ខេត្តមណ្ឌលគិរី ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ខ្ទេច​អស់ទាំង​ស្រុង ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ម្ចាស់​អុជ​ទៀន​ធូប​ទុក​ចោល ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ពូ​ចា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ ជើង​សសរ​បេតុង មាន​ម្ចាស់ផ្ទះ​ឈ្មោះ ម៉ា​យ សុ​ជាតិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ព្នង មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ​ឌឿ​ល ងើ​ល អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​ព្នង មុខរបរ​កសិករ ។ ទាំង​២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ រហូត​ដល់​វេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃ​ដដែល ទើប​កម្លាំង​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន និង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង​១០ និង​២៥​នាទី​យប់​ថ្ងៃ​ដដែល ដោយ​មាន​កម្លាំង​នគរបាល​ស្រុក​និង​ប៉ុស្តិ៍​ចំនួន​១៣​នាក់ ប្រជា​ការពារ​ចំនួន​៨​នាក់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ព្រមទាំង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង និង​ប្រើ​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​៦​ស៊ីទែន រហូត​ដល់​ម៉ោង​វេលា​១២​និង​២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកញ្ញា ទើប​ភ្លើង​រលត់​ទាំងស្រុង ។

ទោះបីជា​យ៉ាងណា ក្នុង​ករណី​ខាងលើ​នេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ហើយ​មូលហេតុ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា គឺ​មក​ពី​ម្ចាស់ផ្ទះ​អុជ​ទៀន​ធូប​ទុក​ចោល ទើប​បណ្តាល​ឱ្យ​ឆេះ​តែ​ម្តង ហើយ​ក្នុងផ្ទះ​កើតហេតុ​ក៏​មាន​ផ្ទុក​សាំង​ចំនួន​៣០​លី​ត្រ ទើប​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ខ្លាំង​បែប​នេះ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ បណ្ដាល​ឲ្យ​ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និង​រង​ការ​ខូចខាត​សម្ភារ​រួម​មាន​ស្រូវ​ចំនួន​២៥​បាវ ម៉ាស៊ីន​កាត់​ស្មៅ សម្ភារៈ និង​របស់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ