រាជធានីភ្នំពេញ ៖ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ដ្រូន និងអាវុធធុនធ្ងន់ ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី «ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ» របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ជ្រួន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិល ស្លាប់បាត់បង់ជីវិត។
ឯកឧត្តមបានរម្លឹកថា យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត ព្រមទាំងបានអំពាវនាវឱ្យមា នការជម្លៀស ប្រជាជនស៊ីវិលចម្រុះជាតិសាសន៍ ជាប់នៅក្នុង អគារនិងតំបន់កាស៊ីណូដែលរ ងការវាយប្រហារ ។
ទន្ទឹមនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការវាយប្រហារ ត្រូវគោរពតាមគោលការ ណ៍ជាមូលដ្ឋាន ដូចមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាត្រូវមានការ បែងចែកគោលដៅ ភាពចាំបាច់ និងសមាមាត្រ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រជាជន ស៊ីវិល។
ឯកឧត្តម Volker Türk បានអំពាវនាវឱ្យភាគីទាំងសងខាងបញ្ឈប់ការវាយប្រហារជាបន្ទាន់ និង វិលត្រឡប់មករកកិច្ចសន្ទនាវិញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូរឡាឡាំពួ ។ ឯកឧត្តមបានបញ្ជាក់ បន្ថែមថា ក្រុមការងាររបស់ឯកឧត្តមត្រៀមខ្លួនរួចរាល់ក្នុងការជួយកសាងទំនុកចិត្ត និងធានាថាការការពារ ជីវិតនិងសុខុមាលភាព របស់ប្រជាជនស៊ីវិល គឺជាអាទិភាព៕
ចែករំលែកព័តមាននេះ