ខេត្តក្រចេះ ៖ ក្រុមការងារអភិរក្សនៅខេត្តក្រចេះបានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចការពារសត្វព្រៃកម្រ និងជិតផុតពូជ តាមរយៈការរកឃើញថ្មីៗ និងការពង្រីកតំបន់ការពារ ។
លោកគា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានបញ្ជាក់ថា៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញបានរកឃើញ សំបុកសត្វស្លាបជិតផុតពូជចំនួន១៨សំបុក កូនសត្វស្លាបចំនួន១៣ក្បាល សត្វស្លាបកម្រទាំងនោះ រួមមាន សត្វត្រយងចង្កោម សត្វត្រយងខ្មៅ និង សត្វត្មាតភ្លើង ។

លើសពីនេះ កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារក៏ធ្លាប់បានកត់ត្រាការមើលឃើញជាលើកដំបូងនូវសត្វក្រៀល ដែលជាសត្វជិតផុតពូជជាសកលមួយគូ នៅក្នុងព្រៃនៃតំបន់ការពារ ។ តាមរយៈក្រុមការងារអភិរក្សអោយដឹងថា ការពង្រីកតំបន់ការពារដែនជម្រកសត្វព្រៃដើម្បីពង្រឹងកិច្ចអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ អាជ្ញាធរបានសម្រេចពង្រីកទំហំដែនជម្រកសត្វព្រៃសំខាន់ៗចំនួនពីរនៅខេត្តក្រចេះ៖ ១-ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ។ ដែនជម្រកនេះត្រូវបានបង្កើតឡើងដំបូងក្នុងខែតុលា ឆ្នាំ២០១៨ គ្របដណ្តប់លើផ្ទៃដី១២ ៧៧០ហិកតា ។

ការពង្រីកនៅឆ្នាំ២០២៣:ផ្ទៃដីត្រូវបានពង្រីកដល់ទំហំសរុប១៤.២២១ហិកតា ។ គោលដៅសំខាន់នៃការពង្រីកនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពអភិរក្ស សត្វក្តាន់ ដែលជាប្រភេទសត្វជិតផុតពូជ ដែលប៉ាន់ស្មានថា មានប្រមាណ១០០ក្បាល រស់នៅទីនេះ។ ដែនជម្រកនេះសំបូរទៅដោយព្រៃលិចទឹក ដីសើម ស្មៅក្រាស់ និង ព្រៃវាលភក់ ដែលជាទីជម្រកដ៏ចាំបាច់សម្រាប់សត្វក្តាន់ ។

២-ដែនជម្រកសត្វព្រៃសំបូរៈតំបន់ការពារនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ គ្របដណ្តប់ដំបូងលើផ្ទៃដី ៥០ ០៩៣ ហិកតា។ការពង្រីកនៅឆ្នាំ២០២៣: ផ្ទៃដីត្រូវបានពង្រីកយ៉ាងគំហុកដល់ទំហំសរុប៨០ ០០០ ហិកតា។តំបន់នេះមានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សជីវចម្រុះក្នុងតំបន់ និងផ្តល់ជាទីជម្រកដល់សត្វកម្រ និងសត្វជិតផុតពូជជាច្រើនប្រភេទផ្សេងទៀតផង
ដែរ ៕


ចែករំលែកព័តមាននេះ