ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនសិការ​ស្នេហា​ជាតិ​ដ៏​ពិតប្រាកដ​! គំរូ​គ្រូ​បង្រៀន​នៅ​ខេត្តស្ទឹងត្រែង​​ផ្តល់​ក្តី​សង្ឃឹម​អប់រំ​ចំ​ពេល​​មាន​វិបត្តិ​

2 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖​ សាលា​បឋម​សិក្សា​សំអាង ស្ថិត​ក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ក្លាយជា​ទីតាំង​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ពី​ឧត្តមគតិ​មនុស្សធម៌ និង​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​អប់រំដ៏​ពិតប្រាកដ​របស់​លោកគ្រូ អ្នកគ្រូ​ ។…

ខេត្តស្ទឹងត្រែង ៖​ សាលា​បឋម​សិក្សា​សំអាង ស្ថិត​ក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ក្លាយជា​ទីតាំង​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ពី​ឧត្តមគតិ​មនុស្សធម៌ និង​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​អប់រំដ៏​ពិតប្រាកដ​របស់​លោកគ្រូ អ្នកគ្រូ​ ។

ក្នុង​ស្ថានភាព​ដែល​ប្រជាជន​ត្រូវ​ជម្លៀស​ខ្លួនជា​បណ្តោះអាសន្ន​មក​ស្នាក់​នៅ​ក្នុង​មណ្ឌល​ជនភៀស​សឹក​ខេត្តស្ទឹងត្រែង ដោយសារ​ការ​ឈ្លា​នពាន​ពី​ទាហាន​ថៃ វត្តមាន​លោកគ្រូ​អ្នកគ្រូ​មក​ពី​តំបន់​រង​ផល​ប៉ះពាល់​បាន​ប្រមូលផ្តុំ​គ្នា​ជា​បន្ទាន់ ដើម្បី​រៀប​ចំការ​បង្រៀន​ឡើង​វិញ​សម្រាប់​​កូនចៅ​ប្រជា​ជនភៀសសឹក​ទាំងនោះ​ ។​

អាទិភាព​ក្នុង​គ្រា​មាន​វិបត្តិ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ អ្នកគ្រូ ក្នុង​តំបន់​នេះ គឺជា​គំរូ​មួយ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី «​បេះដូង​គ្រូបង្រៀន» ដ៏​ថ្លៃថ្លា ដែល​ចាត់​ទុក​ការ​អប់​រំជា​ការ​សំខាន់​បំផុត ​សម្រាប់​ការពារ​កុមារ​ពី​ផល​ប៉ះពាល់​ផ្លូវចិត្ត និង​បញ្ចៀស​ការ​បោះបង់​ចោលការ​សិក្សាក្នុង​គ្រា​មាន​អាសន្ន​ ។

ពួក​គាត់​បាន​ដើរ​ប្រមូល​សិ​ស្សា​នុសិស្ស ដោយ​មិន​គិត​ពី​កាលៈទេសៈ​លំបាក ឬ​ការ​ប្រឈម​មុខ​ផ្សេង​ៗ ដើម្បី​ធានា​ថា សិទ្ធិ​កុមារ​ក្នុង​ការ​ទទួល​បានការ​អប់រំ ត្រូវ​បាន​បំពេញ ទោះបី​​ស្ថិត​ក្នុង​ជំរុំ​បណ្តោះអាសន្ន​ក៏​ដោយ​ ។

លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​បឋម​សិក្សា​សំអាង (​មណ្ឌល​ជនភៀសសឹក​) ខេត្តស្ទឹងត្រែងបាន​លើក​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ២០២៥​ថា​ការ​អប់រំ​ក្នុង​គ្រាអាសន្ន មិន​ត្រឹមតែ​ជា​ការ​ផ្ទេរ​ចំណេះដឹង​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ផ្តល់​នូវ ស្ថិរភាព​ផ្លូវចិត្ត និង​ក្តី​សង្ឃឹម ដល់​កុមារ​ដែល​រង​គ្រោះ​ដោយសារ​ជម្លោះ​។​

ទាក់ទិន​ក្នុង​សកម្មភាព​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី មនសិការ​ស្នេហា​ជាតិ និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ របស់​លោកគ្រូ អ្នកគ្រូ ដែល​បាន​លើក​ស្ទួយ ចក្ខុវិស័យ​អប់រំ​កម្ពុជា ក្នុង​ការ​ធានា​គុណភាព​អប់រំ និង​សមធម៌​សម្រាប់​ទាំងអស់​គ្នា ដោយ​មិន​ប្រកាន់​ទីកន្លែង ឬ​ស្ថានភាព​សង្គម​ឡើយ​ ។ ពួក​គាត់​បាន​បំពេញ​កាតព្វកិច្ច​ដោយ​ការ​លះបង់​ដ៏​ពិតប្រាកដ សម្រាប់​អនាគត​របស់​កុលបុត្រ​
ខ្មែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ