ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មកដឹងពី​ទូកង ​«​តេជះ​នាគ​.ស មហា​​កោ​សា​មាន​ជ័យ បារមី​អង្គរ​»​ តិច​មើល៍

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទូកង ឈ្មោះ​«​តេជះ​នាគ​.ស មហា​កោ​សា​មាន​ជ័យ បារមី​អង្គរ​» បាន​ផលិត​ឡើង​ក្រោម​ការ​ផ្តួចផ្តើម​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​ឥន្ទ​កោ​សា នៅ​ក្រុង​សៀមរាប ត្រៀម​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ…

ខេត្តសៀមរាប ៖ ទូកង ឈ្មោះ​«​តេជះ​នាគ​.ស មហា​កោ​សា​មាន​ជ័យ បារមី​អង្គរ​» បាន​ផលិត​ឡើង​ក្រោម​ការ​ផ្តួចផ្តើម​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​ឥន្ទ​កោ​សា នៅ​ក្រុង​សៀមរាប ត្រៀម​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ ។

ទូក​.​ង​ថ្មី​នេះ​ធ្វើ​ឡើង​ពី​ដើម​គគីរ មាន​បណ្តោយ​ប្រវែង​៣៥​ម៉ែត្រ និង​ទទឹង​ប្រវែង​១,៣៥​ម៉ែត្រ អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​៧៧​នាក់ ប្រើ​ពេលវេលា​អស់​រយៈពេល​ជាង​៣​ខែ ដោយ​ក្រុម​ជាង​នៅ​ស្រុក​វាល​វែង ខេត្តពោធិ៍​សាត់ ។​បន្ទាប់​ពី​បាន​លេច​ចេញ​ទ្រង់ទ្រាយ​ជា​ស្ថាពរ ហើយ​ត្រូវ​ដឹក​ទៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ដើម្បី​លាភ​ថ្នាំ និង​រចនា​ក្បូរក្បាច់​តាម​បែប​បុរាណ លុះ​ពេល​លាបថ្នាំ​រួច​ហើយ ទើប​អូស​យក​ទៅ​ទុក​នៅ​ក្នុង​បរិវេណ​វត្ត​ព្រះ​ឥន្ទ​កោ​សា ក្នុង​ក្រុង​សៀមរាប កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ក្នុង​ពិធី​ដង្ហែ​អូស​ទូក​យក​ទៅ​រក្សា​ទុក និង រៀបចំ​ពិធី​អភិសេក ប្រោះព្រំ សូត្រ​ជយ​ន្តោ ដោយ​មាន​ក្រុម​ឆៃយ៉ាំ​រាំ​កំដរ​ផង ។ ព្រះ​ចៅអធិការ​មាន​សង្ឃដីកា​ថា «​ការ​ធ្វើ​ទូក​នេះ គឺ​ក្នុង​បំណង​ដើម្បី​រក្សា​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​របស់​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​បន្សល់​ទុកជា​យូរលង់​ណាស់​មក​​ហើយ ខណៈ​កន្លង​មក ព្រះ​អង្គ​បាន​ចិញ្ចឹមចិត្ត​ថា នឹង​ត្រូវ​មាន​ទូក​យ៉ាង​ហោច​ណាស់​មួយ​គ្រឿង ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ដែល​ជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​មួយ

ហើយ​តែងតែបាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ ពិសេស​ខេត្ត​សៀមរាប មិន​ធ្លាប់​មាន​ទូក​.​ង សម្រាប់​យក​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​ថ្នាក់​ជាតិ​នៅ​ឡើយ​​ទេ ព្រោះ​ខេត្តសៀមរាប មាន​ទូក​អុំ​ប្រវែង​តែ​២២​ម៉ែត្រ និង​មាន​ចំណុះ​ចំនួន​តែ​២២​នាក់ ដើម្បី​ចូលរួម​ពី​ធី​អុំទូក​នៅ​ថ្នាក់​ខេត្ត »​។

ព្រះ​តេជគុណ​តាត មហា​ទី បន្ត​ថា វត្ត​អារាម និង​ព្រះសង្ឃ ក្រៅពី​ការ​សិក្សា និង​ប្រតិបត្តិ​វិន័យ​សិក្ខា និង​ធ​ម្មៈ ផ្សេង​ៗ ព្រះសង្ឃ​ក៏​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការងារ​សង្គម ជា​ពិសេស​កិច្ចការ​ថែរក្សា អភិរក្ស​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ដែល​ដូនតា​យើង​បាន​បន្សល់​ទុក​មក ដូច្នេះ​ព្រះ​អង្គ​អំពាវនាវ​ដល់​ព្រះ​ថេ​រា​នុ​ថេរៈ​ប្រជា​ពុ​ទ្ឋ​បរិស័ទ និង​យុវជន​ជំនាន់​ក្រោយ សូម​រួម​គ្នា​ថែរក្សា​ឱ្យ​បាន​នូវ​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិ​យើង ឱ្យ​ស្ថិត​ស្ថិរ​គង់វង្ស ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់ ក្រោយ​ៗ​ទៀត ។

ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ដែល​ជា​អ្នក​ជួយ​ឧបត្ថម្ភ​ការ​ផលិត​ទូក​បាន​សម្ដែង​នូវ​ការ​គាំទ្រ និង​ចាត់​ទុក​ការ​បង្កើត​ឱ្យ​មាន​ទូក​នៅ​ក្នុង​ទី​អារាម សម្រាប់​ចូលរួម​ក្នុង​ពិធី ផ្សេង​ៗ​ថា ពិតជា​បាន​រួមចំណែក​លើក​ស្ទួយ និង​ថែរក្សា​ការពារ​បាន​នូវ​មរតក​វប្បធម៌​ប្រពៃណី​ជាតិ​ពី​ដូនតា​យើង ។

នៅ​ឆ្នាំ​២០១៨ វត្ត​ព្រះ​ឥន្ទ​កោ​សា មាន​ទូក​មួយ​ឈ្មោះ​មហា​កោ​សា​មាន​ជ័យ (​ទូក​មួ​ង​) មាន​ប្រវែង​២២​ម៉ែត្រ និង​មាន​ចំណុះ​២២​នាក់ ដោយ​បាន​ទៅ​ចូលរួម​ប្រកួត​ទាំង​នៅ​ខេត្តសៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ