ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ ៖ លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​មាន​៣​ចំណុច​សំខាន់​ទើប​ទទួលលទ្ធផល​ល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​ថា ការ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​ឆ្នាំ​មាន​៣​ចំណុច​សំខាន់​ទើប​លទ្ធផល​ទទួល​បាន​ល្អ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​ថា ការ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​ឆ្នាំ​មាន​៣​ចំណុច​សំខាន់​ទើប​លទ្ធផល​ទទួល​បាន​ល្អ ។

ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​បន្ទាប់​លទ្ធផល​បាក់​ឌុ​ប ឆ្នាំ​២០១៩​នេះ មាន​ចំនួន​ជាប់​ច្រើន​ជាង​ឆ្នាំ​២០១៨ គឺ​រហូត​ដល់​៦៨.៦២% ហើយ​មាន​បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន​៤៤៣​នាក់​ច្រើន​ជា​ឆ្នាំ​២០១៨ ។ ចំពោះ​លទ្ធផល​នេះ​យោង​តាម​សារលិខិត​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ កញ្ញា លោក​រដ្ឋមន្ត្រី​ហង់ ជូន ណា​រ៉ុ​ន បាន​លើ​បញ្ជាក់​ថា ខ្ញុំ​សូម​គោរព ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជាទី​បំផុត​ជូន​ចំពោះ​លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ គណៈ​កម្ម ការ​គ្រប់គ្រង​សាលារៀន គណៈកម្មការ​ទ្រទ្រង់​សាលារៀន មាតាបិតា អ្នក​អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ជំរុញ និង​គាំទ្រ​ដល់​សិស្ស​ថ្នាក់​ទី​១២ ដែល​ជា​បេក្ខជន ប្រឡង​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​សិក្សា​ស្រាវជ្រាវ ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អ​នៅ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ។

លោក​បន្ត​ថា ជោគជ័យ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ក្នុងឆ្នាំនេះ​ក៏​ដូច​ជា ឆ្នាំ​កន្លង​មក​ពិតជា​បាន​ធ្វើ​ឲ្យ​សិស្សានុសិស្ស​កាន់តែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​សិក្សា ស្រាវជ្រាវ លោកគ្រូ អ្នកគ្រូ ខិតខំ​អប់រំ​ទូន្មាន​មាតាបិតា​អាណាព្យាបាល​សិស្ស​កាន់តែ​ចូលរួម និង​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការ​អប់រំ ។ ខ្ញុំ​អរគុណ និង​កោតសរសើរ​ដល់​សិស្សានុសិស្ស​ជា​បេក្ខជន​ទាំងអស់​ដែល​បាន​មក​ប្រឡង​គោរព​វិន័យ ប្រឡង និង​អត់ធ្មត់​រង់ចាំ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖«​សូម​បេក្ខជន​ទាំងអស់​ចង​ចាំ​ថា លទ្ធផល​នៃ​ការ​ប្រឡង​នេះ​ឆ្លុះ​បញ្ចាំង​នូវ​សារៈសំខាន់​បី​យ៉ាង គឺ​ទី​១- អ្នកចេះ​គឺ​ជាប់ ទី​២-​ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ដោយ យុត្តិធម៌ តម្លាភាព គោលការណ៍​ច្បាប់ និង​លទ្ធផល​ទទួលយក​បាន និង​ទី​៣-​លទ្ធផល​នៃ​ការ ប្រឡង​ពុំ​មែន​ជា​ការ​កំណត់​វាសនា​របស់​បេក្ខជន​ទេ ប៉ុន្តែ​គឺជា​ការ​វាស់​ស្ទង់​សមត្ថភាព និង​ជំរុញ​ឲ្យ​មានការ​ខំប្រឹង​ប្រែង​បន្ត​ទៅ​មុខ​ទៀត​» ។​

ចំណែក ការ​ចេញ​វិញ្ញាសា​ប្រឡង ពុំ​មាន​ពាក្យ​ថា «​វិញ្ញាសា​ស្រួល ឬ​វិញ្ញាសា​លំបាក​» ឡើយ គឺ​ការ​ចេញ​វិញ្ញាសា​អនុលោម​ទៅ​តាម​ការ​វាស់​ស្ទង់​សមត្ថភាព​សិស្ស​ក្នុងអំឡុងពេល​នៃ​ការ​សិក្សា ដោយ​វិធីសាស្ត្រ​Bloom Taxonomy និង​ការ​ពិនិត្យ​ពិចារណា និង​ពិភាក្សា​ដោយ​យកចិត្ត​ទុក​ដា ក់បំ​ផុត​ពី​សំណាក់​សាស្ត្រាចារ្យ និង​មន្ត្រី​អប់រំ​ជាន់ខ្ពស់​ដែល​មានបទពិសោធន៍ ។ វិញ្ញាសា​ប្រឡង​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន បំផុត​ពី​ក្នុង​មេរៀន​នៃ​កម្មវិធី​សិក្សា​គោល​របស់​ក្រសួង ។ ជាមួយ​ក្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ការ​បូក​ស្រង់​ពិ​ន្ទ​ត្រូវ​បាន​កែ​លម្អ និង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា SQL Server ជាមួយនឹង​ការ ប្រើប្រាស់​ឧបករណ៍​ដែល​ត្រូវ​បាន​រៀបចំ​ថ្មី​នៅ​ឆ្នាំ​២០១៩ ។

សូម​ជម្រាប​ថា ជា​លទ្ធផល​បេក្ខជន​ដែល​មាន​វត្តមាន​ចូលរួម​ការ​ប្រឡង​មាន​ចំនួន​១១៥២០៨ នាក់ ។ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៧៩០៥២​នាក់ ត្រូវជា​៦៨.៦២% (​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៨ បេក្ខជន ប្រឡង​ជាប់ ៦៧.០៧%) ។ បេក្ខជន​ទទួល​បាន​និទ្ទេស​A មាន​ចំនួន​៤៤៣ នាក់ និទ្ទេស​B​មាន​ចំនួន​២៤៣០​នាក់ និទ្ទេស C​មាន​ចំនួន​៥៨៤៧​នាក់ និទ្ទេស D​មាន​ចំនួន ១៤១០០​នាក់ និង​និទ្ទេស E​មាន​ចំនួន​៥៦២៣២​នាក់ ។

ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ចូលរួម​អបអរសាទរ​ចំពោះ​បេក្ខជន​ប្រឡង​ជាប់ និង​សូម​លើកទឹកចិត្ត​ឲ្យ​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា និង​ថ្នាក់​ក្រោយ​ៗ​ទៀត ។ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​លើកទឹកចិត្ត​ដល់​បេក្ខជន​ពុំ​បាន​ទទួលលទ្ធផល​ជាប់ សូម​បន្ត​ខិតខំ​សិក្សា ដើម្បី​មានឱកាស​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ