ដេកក្នុងអង្រឹងសុខៗ​ គ្រាន់តែ​ឮសំឡេងប្អូនស្រី​ ស្ទុះទៅយក​ដំបង​ឈើ​​


ខេត្តសៀមរាប ៖ បុរស​ម្នាក់​សង្ស័យ​មាន​សតិ​មិន​គ្រប់ ខណៈ​កំពុង​ដេក​ក្នុង​អង្រឹង​សុខ​ៗ ស្រាប់តែ​ស្ទុះ​ទៅ​យក​ដំបង​ឈើ​ជ្រុង​វាយ​ប្អូនស្រី​បង្កើត បណ្តាល​ឱ្យ​ស្លាប់ ដោយ​ជនសង្ស័យ​អះអាង​ថា បានឮ​ស្ត្រី​រង​គ្រោះ​ជា​​ប្អូន​ជេរ​ខ្លួន​ថា «​អា​គេ​បាញ់​» ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូ​និគម ខេត្តសៀមរាប ។

ជនសង្ស័យ​ជា​បង​ឈ្មោះ រុន រ៉ូ​ម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ជាមួយ​ស្ត្រី​រង​គ្រោះ​ដែល​ត្រូវជា​ប្អូនបង្កើត ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លឹ​ម រ៉ា​នី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ត្រូវជា​ប្អូនបង្កើត ។ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​សាក្សី​ដែល​អ្នក​ជិតខាង​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​កំពុងធ្វើការ​ងារ​ផ្ទះ​ជាមួយ​កូន​ម្នាក់ ​ចំណែក​​ជនសង្ស័យ​កំពុង​ដេក​នៅ​ក្នុង​អង្រឹង ។ ពេលនោះ​គេ​មិនដឹង​ថា​មានរឿង​អ្វី​​ទេ ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ចេញពី​ក្នុង​អង្រឹង​ទាញ​ដំបង​ឈើ​ជ្រុងរ​ត់ទៅ វាយ​សំពង​ស្ត្រី​រង​គ្រោះ​រហូត​ដល់​ស្លាប់​តែ​ម្តង ។

នៅ​ចំពោះ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខណៈ​ខ្លួន​កំពុង​ដេក​បានឮ​ស្ត្រី​រង​គ្រោះជា​ប្អូន​ជេរ​ខ្លួន​ថា «​អា​គេ​បាញ់​» ទើប​ខ្លួន​ខឹង​ក៏​ចុះ​ពីលើ​អង្រឹង​ទៅ​ទាញ​ដំបង​ឈើ​ជ្រុង​វាយ បណ្ដាល​ឲ្យ​បែកក្បាល​ដួល​សន្លប់​នៅ​លើ​គ្រែ បន្ទាប់​មក​ខ្លួន​ក៏​បាន​ដើរទៅ​ដេក​ក្នុង​អង្រឹង​វិញ ស្រាប់តែ​មាន​អ្នកស្រុក​ដែល​កំពុង​ដកសំណាប​ក្បែរ​នោះ​បាន​នាំ​គ្នា​មក​មើល ឃើញ​ប្អូនស្រី​របស់​ខ្លួន​រង​របួសធ្ងន់​ហូរ​ឈាម​ជោក​បែប​នេះ ក៏​នាំ​គ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ហួ​ស​ពេល​ទៅ​ហើយ ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក ស្ត្រី​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ