(រាជធានីភ្នំពេញ)៖ ការចិញ្ចឹមទាសម្រាប់ការប្រកបអាជីវកម្មភ្ញាស់ស៊ុតទាយកកូនលក់ និងការលក់ជាពងទាកូន កំពុងកាក់កបសម្រាប់បងប្អូនប្រជាពលរដ្ឋនៅស្រុកតាំកក់ ខេត្តតាកែវ ជាមួយនឹងតម្រូវការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈដែលថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជម្រុញឲ្យកសិករបង្កើតនូវមុខរបរបន្ថែមបន្ទាប់ពីការធ្វើស្រែចំការ ។
ជាក់ស្តែងថ្មីៗនេះរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក អ៊ុំ ឃាង និងសមាគមភ្ញាស់ពងទាកូន នៅភូមិក្រាំងស្វាយ ឃុំស្រែននោង ស្រុកត្រាំកក់។
លោក អ៊ុំ ឃាង ម្ចាស់កសិដ្ឋានចិញ្ចឹមទា បានឲ្យដឹងថាបច្ចុប្បន្នគាត់ចិញ្ចឹមមេទា ១០ ០០០ក្បាល ក្នុង១ថ្ងៃមេទាអាចផ្តល់ពងបាន ៧ ០០០-៨០០០ពាន់គ្រាប់ តម្លៃស៊ុតបច្ចុប្បន្ន ៣៨០-៤០០រៀល/គ្រាប់។ លោកបានបញ្ជាក់ថាមុខរបរមួយនេះក៏បានជួយសម្រួលដល់ជីវភាពគ្រួសាររបស់លោកផងដែរ ។
ចំណែកលោក សូត្រ សុផល ប្រធានសមាគនភ្ញាស់ស៊ុតទា បានឲ្យដឹងថា បានជម្រាបជូនថា សមាគមមានសមាជិក ២៦គ្រួសារ គ្រប់ៗគ្រួសារប្រកបអាជីវកម្មភ្ញាស់ស៊ុតទាយកកូនលក់ ៩០០រៀល/ក្បាល និងលក់ជាពងទាកូន /គ្រាប់។ សម្រាប់ឡភ្ញាស់របស់លោក សុផល អាចទទួលទិញស៊ុត ៩-១០ម៉ឺនគ្រាប់ក្នុង១ថ្ងៃ។ ក្នុងរដូវចិញ្ចឹម ១ថ្ងៃជាមធ្យមអាចរក ចំណូលបាន ៣៨០ ០០០រៀល ក្នុង ១ខែប្រមាណ ១១ ៤០០ ០០០ រៀល បន្ទាប់ពីទូទាត់ថ្លៃដើមរួច។ លោកក៏បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីជ្រាបផងដែរពីកត្តាចំបងដែលធ្វើឲ្យលោកទទួលបានជោគជ័យនោះគឺ «មានចំណង់ចំណូលចិត្ត ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ និងមានផែនការច្បាស់លាស់» ។ ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មក៏បានស្នើសុំថ្នាក់ដឹកនាំក្នុងការងារបចេ្ចកទេសបន្ថែមទៀតសម្រាប់ការធ្វើអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋដើម្បីបញ្ជៀសនូវបញ្ហាដែលអាចប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ខ្លួន ។
លោករដ្ឋមន្ត្រីបន្ទាប់ពីបានសាកសួរនាំអំពីសុខទុក្ខ សកម្មភាពការងារបង្កបង្កើនផល ជាពិសេសការងារចិញ្ចឹម និងភ្ញាស់ស៊ុតទាដែលជារបរប្រចាំគ្រួសារ និងប្រចាំតំបន់ (ពងទាកូនស្រែននោង) រួចមក លោករដ្ឋមន្ត្រី ក៏ក្តាប់បានពីចំណុចខ្លាំង និងចំណុចខ្សោយ និងសំណូមពរ ក៏ដូចជាសេចក្តីត្រូវការជាក់ស្តែងដែលទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធរួមសហការគ្នាដោះស្រាយជួនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ដោយឡែកចំពោះការងារបច្ចេកទេសចិញ្ចឹម និងភ្ញាស់ស៊ុតទា លោករដ្ឋមន្ត្រីបានធ្វើការណែនាំឲ្យមន្ទីរ សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការផ្សព្វផ្សាយ ឬបំពាក់បំប៉នបច្ចេកទេសចិញ្ចឹម វិធានការការពារជំងឹ ការលើកកម្ពស់អនាម័យ និងការអនុវត្តវិធានជីវសុវត្ថិភាពនៅឡភ្ញាស់ស៊ុតទាឲ្យបានប្រសើរ ក្នុងបំណងបង្កើនគុណភាព និងការជឿទុកចិត្តពីអតិថិជន ដែលនិយមបរិភោគពងទាកូន៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ