ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ ១៥០០ ទូក​នេសាទ​លើ​ដែនសមុទ្រ ត្រូវ​បានបំពាក់​ប្រព័ន្ធ VMS ដើម្បី​ជួយ​​ការពារតំបន់​អភិរក្ស និង​ទូក​ពេល​មាន​ឧបទ្ទវហេតុ

8 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ អនុប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹងថា ទូក​នេសាទ​លើ​ដែនសមុទ្រ ប្រមាណ​ជា​ជាង ១៥០០…

ខេត្ត​ព្រះ​សីហ​នុ​ ៖ អនុប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹងថា ទូក​នេសាទ​លើ​ដែនសមុទ្រ ប្រមាណ​ជា​ជាង ១៥០០ គ្រឿង ត្រូវ​បាន​បំពាក់ ប្រព័ន្ធ​តាមដាន​នាវា​នេសាទ ហៅ​កាត់​ថា VMS (Vessel Monitoring System) ដែល​នឹង​ជួយ​ដល់​ការ​អភិរក្ស​តំបន់​ត្រី​ពង​ផង និង​ជួយ​ទូក​នេសាទ​ទាន់​ពេល​ប្រសិនបើ ​ពួក​គេ​មាន​ឧបទ្ទវហេតុ ណាមួយ​កើតឡើង ។

កាលពីថ្ងៃ​ទី​ ១៦ ខែធ្នូ ឆ្នាំ ​២០២៥ លោក បួ​យ រតនា អនុប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យដឹងទៀតថា ៖ «​យើង​បំពាក់​ប្រព័ន្ធ​នេះ​ទៅ​លើ​ទូក​នេសាទ​ខ្នាត​មធ្យម និង​ធំ ក្នុង​គោលបំណង ដែល​យើង​អាច​ដឹង​អំពី​ដំណើរ នៃ​ទូក​ប្រសិនជា​ពួក​គាត់​បាន​ចូល​ដល់​ដែនទឹក ឬ​តំបន់​អភិរក្ស ឬ​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ ដែល​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​នេសាទ​ខុសច្បាប់​ផង​ដែរ​ ។ មួយវិញទៀត ប្រសិនជា​ទូក​នេសាទ​របស់​ពួក​គាត់​ជួប​បញ្ហា​ ឬ​ឧបទ្ទវហេតុ​ណាមួយ នោះ​ខាង​អាជ្ញាធរ ​និង​ក្រុមការងារ​អាច​ជួយ​ពួក​គាត់​ទាន់​ពេលវេលា ទាំងនេះ​ជា​ចំណុច​សំខាន់​ក្នុង​ការ​បំពាក់​ប្រព័ន្ធ​នេះ​» ​។

លោក បួ​យ រតនា ក៏​បាន​បន្ថែម​ថា ៖ «​ក្នុង​រយៈពេល​ ៥​ឆ្នាំ​កន្លង​មកនេះ យើងធ្វើការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទខុសច្បាប់ ហើយ​សកម្មភាព​មួយ ក្នុង​ចំណោម​សកម្មភាព ៣០ ដែលយើងត្រូវ​អនុវត្តន៍​នោះ ពេលនេះដល់ដំណាក់កាលដាក់​ប្រព័ន្ធ​តាមដាន (VMS) ដល់​ទូក​នេសាទ​ខ្នាត​ធំ និង​ទូក​នេសាទ​ខ្នាត​មធ្យម ។ យើងបាន​ដាក់​ផែនការសម្រាប់​ឆ្នាំ ២០២៤ យើង​បាន​បំពាក់​ឱ្យ​បាន​ ៨០០​គ្រឿង និង ឆ្នាំ ​២០២៥​ នេះ យើង​បាន​បំពាក់​ឱ្យ​បាន ៨០០​គ្រឿង​ទៀត សរុប​ទាំងអស់​ជាង ​១៥០០​ គ្រឿង ​។ សម្រាប់ទូកខ្នាតធំ យើងមានតែ ១០គ្រឿងទេ គឺនៅខេត្តកោះកុង ។ បច្ចុប្បន្ន​យើង​ធ្វើ​បាន​​ ៤ ​ទីតាំង​ហើយ ដែលបានហ៊ាមឃាត់អ្នកនេសាទកុំឱ្យចូលក្នុងតំបន់អភរក្ស ឬតំបន់ត្រីពង ដោយទីតាំងទាំងនោះ រួម​មាន ​៖ ២​កន្លែង​នៅ​ខេត្ត​កែប​និង​កំពង់សោម​, មួយ​កន្លែង​ទៀត​នៅ​ប្រជុំ​កោះ​រ៉ុ​ង​សន្លឹម ក្នុងក្រុងព្រះសីហនុ និង​តំបន់​ការពារ​ត្រី​ពង​កូន​ខេត្តកោះកុង» ​។

សូម​ជម្រាប​ផង​ដែរ​ថា ច្បាប់​ថ្មី​នៃ​ការ​នេសាទ​លើ​ដែនសមុទ្រ ទូក​នេសាទ​ទាំង​ខ្នាត​មធ្យម​ និង​ធំ​ត្រូវ​តែ​អនុវត្តន៍ចុះបញ្ជី (​ត្រូវ​តែ​មាន​លេខ​) បង់ថ្លៃ​ឈ្នួល​ដែន​នេសាទ (​ព្រោះ​ការ​រកស៊ី​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​) និង​ត្រូវ​តែ​បំពាក់​ប្រព័ន្ធ​តាមដាន​នាវា​នេសាទ ​(VMS) ​។ សម្រាប់​ទូក​ខ្នាត​តូច​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​អ្វី​នោះ​ទេ ត្រឹមតែ​ទៅ​ចុះ​ឈ្មោះ​មាន​លេខ​គឺ​បាន​ហើយ ​។

លោក អែម ដាំ ជា​អ្នកនេសាទ​ម្នាក់​ក្នុង​ចំណោម​ប្រជា​នេសាទ​ជា​ច្រើន​ពាន់​នាក់ បានឱ្យ​ដឹង​ថា ​៖ «​ខ្ញុំ​គិត​ថា ​ខាង​មន្ទីរ​បំពាក់​ឧបករណ៍​នេះ​ល្អ ព្រោះ​កាល​នៅ​ឆ្នាំ​ ២០១៤ ទូក​របស់ខ្ញុំ​បាន​លេច​ត​គ្នា ២ ខ្ញុំ​ក៏​បាន​តេ​ហៅ​អាជ្ញា​ធរមាន​សម្ថ​ត​កិច្ច (​ប៉ូ​លី​ស​ជើង ឬ​ខាង​បង្ក្រាប​) ដូចនេះ​គេ​ទៅ​ចំ​គោលដៅ ហើយ​ជួយ​យើង​ទាន់​ពេល ​។ ម្យ៉ាងវិញទៀត ប្រ​សិន​យើង​បំពាក់​ឧបករណ៍​នេះ​ហើយ ពេល​យើង​បើក​ចូល​ដែនសមុទ្រ​គេ នោះ​វា​នឹង​រោ​ទិ៍ស​ញ្ញា​ឱ្យ​យើង​ដឹង ហើយ​ប្រ​សិន​យើង​បើក​ចូល​កន្លែង​អភិរក្ស​ក្នុង​ប្រទេស​យើង​ក៏​វា​រោ​ទិ៍​ឱ្យ​ដឹងផង​ដែរ​»​ ។

អ្នកនេសាទ​ដែល​មាន​ទូក​ខ្នាត​មធ្យម ១០ទូក រូប​នេះ បាន​ផ្តាំផ្ញើ​ទៅ​អ្នកនេសាទ​ដទៃថា ប្រជា​នេសាទ​ទាំងអស់​គួរតែ​សហការ​ដាក់​ប្រព័ន្ធ​នេះ ដើម្បី​សហការ​ជាមួយ​អាជ្ញា​ធរមាន​សម្ថ​ត​កិច្ច​ផង និង​ជួយ​អាយុជីវិត​យើង​ផង ​។

លោក Koen Everaert លេខាធិការ​ទី​មួយ និង​ជា​អនុប្រធាន​ផ្នែក​សហប្រតិបត្តិការ​ នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប បាន​កត់​សម្គាល់ថា ​៖ «​សហភាព​អឺរ៉ុប​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​កម្មវិធី EU-CAPFISH-Capture “​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន (​ផ្នែក​នេសាទ​) ការ​ពង្រឹង​ការងារ​គ្រប់គ្រង​ជលផល​សមុទ្រ និង​តំបន់ឆ្នេរ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ក្នុង​ការ​តាមដាន ត្រួតពិនិត្យ គ្រប់គ្រង​និង​ឃ្លាំមើល​” ដែល​ជា​ការ​វិនិយោគ​ដ៏​សំខាន់​មួយ ​នៅ​ក្នុង​វិស័យ​ជលផល​ ។ ថ្ងៃនេះយើងបង្ហាញ​ពី​វឌ្ឍនភាព​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ការ​ត្រួតពិនិត្យ និង​អនុវត្ត​តាម​បែប​ឌី​ជី​ថ​ល តា​មរយៈ​ប្រព័ន្ធ​ត្រួតពិនិត្យនាវា​នេសាទ (VMS)​ ។ ជាមួយនឹង​ប្រព័ន្ធ​នេះ ជលផល​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្នអាច​ធានា​ទិន្នន័យ​បំពេញ​តម្រូវ ការ​តាម​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​ ។ ឧបករណ៍​អភិបាលកិច្ច​នេះ​នឹង​បង្កើន​សុវត្ថិភាព​នៅ​សមុទ្រ កែ​លម្អ​ការ​អភិរក្ស​ធនធាន និង​ជួយ​ធានា​បាន​នូវ​និរន្តរភាព​រយៈពេល​វែង​របស់​វិស័យ​នេះ​»​ ។

សូម​ជម្រាប​ផង​ដែរ​ថា ប្រព័ន្ធ​ត្រួតពិនិត្យ​នាវា​នេសាទ (VMS) បាន​ដំឡើង​ឧបករណ៍​ចំនួន​ ១៧២៥ នៅ​លើ​នាវា​នេសាទ ដើម្បីគូស​ផែនទី​តំបន់​ ដែល​មាន​ហានិភ័យ​ខ្ពស់ កំណត់​ស្តង់ដារ​ថ្មី​សម្រាប់​ទូក​ល្បាត និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​កំណត់​យក​ខេត្តកោះកុង ជា​កំពង់​ផែ​ដំបូង​គេ​ដែល​អនុលោម​តាម កិច្ចព្រមព្រៀង​វិធានការ​រដ្ឋ​ម្ចាស់​កំពង់​ផែ PSMA ​។ បន្ថែម​ពី​នេះ «​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន (​ផ្នែក​នេសាទ​) ការ​ពង្រឹង​ការងារ​គ្រប់គ្រង​ជលផល​សមុទ្រ និង​តំបន់ឆ្នេរ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល ​ក្នុង​ការ​តាមដាន ត្រួតពិនិត្យ គ្រប់គ្រង​និង​ឃ្លាំមើល​» បាន​រួមចំណែក​ដល់​ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​អនុវត្ត​ច្បាប់​ជលផល​ជាតិ និង​គាំទ្រ​ដល់​ការ​ធ្វើ​ផែនការ​ដ៏​ទូលំទូលាយ ​សម្រាប់​ការ​គ្រប់គ្រង​ការ​នេសាទ ​ទាំង​ឆ្នេរសមុទ្រ​ និង​ទឹកសាប​ ៕

អត្ថបទសរសេរ ដោយ