ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ បាន​កំណត់​ឱកាស​ថ្មី​ៗ ក្នុង​ការ​ពង្រឹង​លទ្ធភាព​ចូល​ទីផ្សារ ប្រព័ន្ធ​ផលិតកម្ម​សម្រាប់​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា

9 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងពាណិជ្ជកម្ម និង​មូលនិធិ​អន្តរជាតិ ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម (IFAD) បាន​បញ្ចប់​បេសកកម្ម​ត្រួតពិនិត្យ និង​វាយតម្លៃ​ប្រចាំឆ្នាំ លើ​ការ​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច(​អេ​ម​ស៍​) ដោយ​ជោគជ័យ…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងពាណិជ្ជកម្ម និង​មូលនិធិ​អន្តរជាតិ ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម (IFAD) បាន​បញ្ចប់​បេសកកម្ម​ត្រួតពិនិត្យ និង​វាយតម្លៃ​ប្រចាំឆ្នាំ លើ​ការ​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច(​អេ​ម​ស៍​) ដោយ​ជោគជ័យ និង​បាន​កំណត់​ឱកាស​ថ្មី​ៗ ក្នុង​ការ​ពង្រឹង​លទ្ធភាព​ចូល​ទីផ្សារ ប្រព័ន្ធ​ផលិតកម្ម និង​ភាព​ជា​ដៃគូ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ សម្រាប់​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា​ ។

ក្នុង​ដំណើរ​បេសកកម្ម​ បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់១២ ខែធ្នូ ២០២៥​កន្លង​មកនេះ​ក្រុមការងារ​បាន​ធ្វើការ​ត្រួតពិនិត្យ​វឌ្ឍនភាព​របស់​គម្រោង​នៅ​ទូ​ទាំង​ខេត្ត​ គោលដៅ​ទាំង​១៨ និង​បាន​កំណត់​ឱកាស​ថ្មី​ៗ ក្នុង​ការ​ពង្រឹង​លទ្ធភាព​ចូល​ទីផ្សារ ប្រព័ន្ធ​ផលិតកម្ម និង​ភាព​ជា​ដៃគូ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ សម្រាប់​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា ​។

អេ​ម​ស៍ គឺជា​គម្រោង​អនុវត្ត​ដោយ ក្រសួងពាណិជ្ជកម្ម ដែល​ជា​គំនិត​ផ្តួចផ្តើម​រួម​គ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង IFAD ក្នុង​គោលបំណង ជំរុញ​កំណើន​ទីផ្សារ​ ប្រកបដោយ​បរិ​យា​បន្ន សម្រាប់​ផលិតផល​កសិកម្ម​ ដែល​មាន​តម្លៃ​ខ្ពស់ និង​ការ​អភិវឌ្ឍ​ចង្កោម​អាជីវកម្ម​តាម​ជនបទ ដែល​អ្នក​ផលិត​ជា​ក្រុម​កសិករ​ខ្នាត​តូច ក្នុង​នោះ​កសិករ​ក្រីក្រ ក៏​អាច​ទទួល​បាន​ផលប្រយោជន៍​រួម​គ្នា​ ។

លោ​កអេង សុធី​វ័​ន្ត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស និង​ជានា​យក​គម្រោងអេ​ម​ស៍ បាន​លើក​ឡើង​ថា​ ៖ «​គម្រោង អេ​ម​ស៍ កំពុង​មាន​វឌ្ឍន​ភាពល្អ​មក​ដល់​ពេល​នេះ គឺ​ដោយសារ​មាន​កិច្ចសហការ​យ៉ាង​រឹង​មាំ​ពី​ក្រុមការងារ​នៅ​ទូ​ទាំង​ខេត្ត​គោលដៅ និង​ដៃគូ​វិស័យ​ឯកជន​របស់​យើង​។ ជាមួយនឹង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​បន្ថែម យើង​នឹង​បន្ត​ធ្វើការ​ពង្រឹង​ចង្កោម​អាជីវកម្ម និង​កា​រត​ភ្ជាប់​ទីផ្សារ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​បាន​កាន់តែ​ច្រើន​ដល់​កសិករ​ខ្នាត​តូច​របស់​យើង​» ។

លោក​បន្ត​ថា​ ការ​កៀរគរ​កសិករ​ខ្នាត​តូច​របស់​គម្រោង ដើម្បី​បង្កើត​ជា​ចង្កោម​អាជីវកម្ម នៅ​តែ​បន្ត​រីក​ចម្រើន​ទៅ​មុខ ដោយ​មាន​ចង្កោម​អាជីវកម្ម​ចំនួន៣៤៧ ត្រូវ​បាន​បង្កើត​ឡើង និង​អត្រា​ នៃ​ការ​ទទួលយក​បច្ចេកវិទ្យា​ផលិតកម្ម​មាន​ចំនួន ៨៤% នៃ​ចំនួន​កសិករ​ដែល​ចូលរួម​ក្នុង​គម្រោង ​។

គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៥ អេ​ម​ស៍ បាន​សម្រប​សម្រួលការ​ចុះ​កិច្ចសន្យា​ទិញ​លក់​បាន​សរុប​ចំនួន ៩០៥ កិច្ចសន្យា សម្រាប់​ខ្សែ​ច្រវាក់​តម្លៃ ផលិតផល​ស្រូវ​ប្រណីត បន្លែ​សុវត្ថិភាព គ្រឿងទេស មាន់​ខ្មែរ និង​ដំឡូង​មី ដែល​មាន​តម្លៃ​សរុប​ប្រមាណ ២២៤ លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ ក្រុមការងារ​បេសកកម្ម​របស់ IFAD និង​ក្រុម​ក​ងារ​គម្រោង អេ​ម​ស៍ បាន​ជួប​ជាមួយ​ក្រុម​កសិករ​ផលិត ចង្កោម​អាជីវកម្ម អ្នកទិញ និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​វាយតម្លៃ​លើ​កា​រត​ភ្ជាប់​ទីផ្សារ ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ បញ្ហា​ប្រឈម​ក្នុង​ផលិតកម្ម និង​ការ​ទទួល​បាន​សេវាកម្ម​បច្ចេកទេស និង​ហិរញ្ញប្បទាន​ជាដើម​។ ឱកាស​ដែល​បាន​កំណត់​សម្រាប់​គម្រោង​ជា​បន្ត​រួម​មាន ការ​ពង្រឹង​ផែនការអាជីវកម្ម និង​ការ​កំណត់​ពេលវេលា​ផលិតកម្ម​សម្រាប់​ចង្កោម​អាជីវកម្ម​ឱ្យ​ស្រប​ទៅ​តាម​ទីផ្សារ ជំរុញ​ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទង​នឹង​ទីផ្សារ​ក្រោម​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​វិស័យ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ពង្រីក​ការ​វិនិយោគ​វិស័យ​ឯកជន​តាម​រយៈ​មូលនិធិ​នវានុវត្តន៍​ខ្សែ​ច្រវាក់​តម្លៃ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកទេស ដូច​ជា ការ​គ្រប់គ្រង​ជំងឺ​លើ​ដំណាំ​ម្ទេស ការ​ចាក់​វ៉ាក់សាំង​មាន់ និង​ការ​ពង្រឹងគុណភាព​គ្រាប់ពូជ​ជាដើម​។

លោក Frew Behabtu នាយក និង​ជា​តំណាង IFAD ប្រចាំ​ប្រទេស​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​គម្រោង អេ​ម​ស៍ បាន​ធ្វើ​ដំណើរ​ឈ្ពោះ​ទៅ​មុខ​ប្រកបដោយ​ស្ថិរភាព ក្នុង​ការ​ពង្រឹង​ផលិតកម្ម​ដែល​បំពេញ​ទៅ​តាម​តម្រូវការ​របស់​ទីផ្សារ រួម​ជាមួយនឹង​ចង្កោម​អាជីវកម្ម​ដែល​បាន​ត​ភ្ជាប់​កសិករ​ខ្នាត​តូច​ទៅ​កាន់​អ្នកទិញ​នៅ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​សំខាន់​ៗ បាន​កាន់តែ​ច្រើន​ឡើង​ៗ​។ បេសកកម្ម​ត្រួតពិនិត្យ និង​វាយតម្លៃ​ការ​អនុវត្ត​គម្រោង​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​ពី​លទ្ធផល​ជាក់ស្តែង និង​ឱកាស​ច្បាស់លាស់​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​ធ្វើ​ផែនការអាជីវកម្ម ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ចូលរួម​របស់​វិស័យ​ឯកជន​។ ការ​អភិវឌ្ឍ​បន្ថែម​ដោយ​ផ្អែក​លើ​មេរៀន​បទ​ពិសោធ​ទាំងនេះ គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​កាន់តែ​មាន​ភាព​ស៊ីជម្រៅ និង​អាច​ដោះស្រាយ​គម្លាត​ផលិតកម្ម និង​សេវាកម្ម​ដែល​នៅ​សេសសល់​បាន​»​។

លោក​ថា​អេ​ម​ស៍ ក៏​បាន​បន្ត​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​រួម​បញ្ចូល​យេ​ន​ឌ័​រ​នៅ​រាល់​សកម្មភាព​របស់​គម្រោង​ផង​ដែរ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ដល់​ទៅ ៦២% នៃ​អ្នក​ទទួលផល​គម្រោង​ទាំងអស់​។ ហើយ​បេសកកម្ម​នេះ ក៏​បាន​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​តួនាទី​ស្ត្រី​ជា​អ្នកដឹកនាំ នៅ​ក្នុង​ចង្កោម​អាជីវកម្ម និង​ក្រុម​អ្នក​ផលិត​។

ក្រសួងពាណិជ្ជកម្ម និង IFAD នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​ជំរុញ​ការ​អនុវត្ត​គម្រោង អេ​ម​ស៍ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ហើយ​ក្រុមការងារ​បេសកកម្ម គ្រោង​នឹង​ចុះ​គាំទ្រ​ការ​អនុវត្ត​គម្រោង​ជា​បន្ត​ទៀត នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២៦ ខាង​មុខ​។ បេសកកម្ម​ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​ប្រចាំឆ្នាំ​ម្តងទៀត ក៏​នឹង​គ្រោង​ធ្វើ​ឡើង​ក្នុង​ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០២៦ ផង​ដែរ​។

សូម​ជម្រាប​ថា ​មក​ដល់​ពេល​នេះ គម្រោង​អេ​ម​ស៍បាន និង​កំពុង​ជួយ​គាំទ្រ​ដល់​កសិករ​ខ្នាត​តូច​ចំនួន ៩៤,៤៩៩ គ្រួសារ លើស​ពី​គោលដៅ​ដែល​បាន​គំ​ណ​ត់ ត្រឹម​ចំនួន ៨៨,២០០ គ្រួសារ តែ​ប៉ុណ្ណោះ សម្រាប់​ការ​អនុវត្ត​គម្រោង​រហូត​ដល់​ឆ្នាំ​២០២៧​។ ហើយ​គម្រោង នៅ​តែ​បន្ត​គាំទ្រ​កសិករ​ខ្នាត​តូច ក្នុង​ការ​អនុវត្ត​បច្ចេកទេស​ផលិតកម្ម​ដែល​មាន​ភាព​ប្រសើរ ជួយ​សម្របសម្រួល​ទីផ្សារ​ឱ្យ​កាន់តែ​រឹង​មាំ និង​ពង្រីក​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ