ទីក្រុងការ៉ាកាស់៖ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសវេណេហ្ស៊ូអេឡាកំពុងតែធ្លាក់ចុះខ្លាំងមែនទែន។ ក្នុងនោះ មន្ទីរពេទ្យខ្លះរងការខូចខាត និងខ្លះទៀតបាត់បុគ្គលិកមិនឃើញទៅធ្វើការក្រោយហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅក្នុងរយៈពេលជាង១រយឆ្នាំចុងក្រោយនៅក្នុងកម្រិត៧,២ និង៧,៥រ៉ិចទ័រកាលពីយប់ថ្ងៃពុធសប្ដាហ៍មុន។ ខាងលើនេះជាការថ្លែងរបស់អង្គការសុខភាពពិភពលោកដែលបន្តតាមដានស្ថានការណ៍ក្រោយការរញ្ជួយដីនោះដោយយកចិត្តទុកដាក់។

ក្រុមអ្នកជួយសង្គ្រោះចេះតែរកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់។ ហេតុនេះចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង១៧០០នាក់។ ចំណែកអ្នករបួសកើនឡើងដល់ ជាង៥ពាន់នាក់។ ក្រៅពីនេះ មនុស្សជាង៤៥០០០នាក់ទៀតនៅតែបន្តបាត់ខ្លួន មិនដឹងថាពួកគេកប់នៅក្នុងគំនរបាក់បែក ឬនៅទីណាទេព្រោះសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេរាយការណ៍ប្រាប់គេហទំព័រមួយចំនួនដែលបូកសរុបតួលេខអ្នកបាត់ខ្លួនទាំងអស់ក្រោយហេតុការណ៍នោះ។

ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញម្ដង គេពិនិត្យឃើញថាមណ្ឌលសុខភាពយ៉ាងតិចបីកន្លែងរងការខូចខាតធ្ងន់ធ្ងរ ខណៈដែលមណ្ឌល៦កន្លែងទៀតរងការខូចខាតល្មមៗ ឬមិនសូវខូចខាតអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែក៏មិនសូវបើកដំណើរការឱ្យបានពេញលេញដូចមុនពេលមានគ្រោះរញ្ជួយដីដែរ។ ពួកគេបើកដំណើរការដោយផ្នែកតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកគ្រីសស្ទាន លីនម៉ៃអឺ (Christian Lindmeier)។

អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថាមណ្ឌលសុខភាពក្រៅពីនេះអាចបើកដំណើរការបាន ប៉ុន្តែត្រូវជាប់គាំងនៅក្នុងផ្នែកជាច្រើន។ លោកចង់សំដៅទៅលើមណ្ឌលសុខភាពចំនួន២១ដែលបានចុះត្រួតពិនិត្យលក្ខណៈសម្បត្តិដល់ទីកន្លែង។ លទ្ធផលស្រាវជ្រាវបឋមបង្ហាញថាការផ្ដល់សេវាថែទាំសុខភាពមានបញ្ហារអាក់រអួល ខណៈដែលអ្នកជំងឺហូរចូលដូចទឹកបាក់ទំនប់។ បុគ្គលិកសុខាភិបាលដែលមានឯកទេសខាងសម្ភពនៅរដ្ឋឡាក្វាអ៊ីរ៉ានៅតែបន្តបាត់ខ្លួនរហូតដល់សព្វថ្ងៃនេះ។ ដូច្នេះ វាបង្កជាចំណុចចន្លោះប្រហោងនៅក្នុងការផ្ដល់សេវាថែទាំ៕ ប្រភព៖ Reuters

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ