ហួសថ្លែង! ស្រវឹងជោគជាំ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរា.មដល់ជីវិតឪពុកទៀត ទ្រាំលែងបាន ប្តឹងនគរបាលឃាត់ខ្លួនកូនប្រុស
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ បុរសជាកូនម្នាក់ត្រូវបាន កម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់ឪពុក ក្រោយពីបុរសជាកូនរូបនោះស្រវឹងស្រា ជោគជាំ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយថែមទាំងគំរាមសម្លាប់លោកមានគុណថែមទៀតផង។ ដោយទ្រាំនូវទង្វើរបស់កូនប្រុសលែងបាន ឪពុកក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងឱ្យនគរបាលជួយអន្តរាគមន៍។
នគរបាលស្រុកសំរោងទងបាន និយាយឱ្យដឹងថានៅមុខពេលឃាត់ខ្លួនជនសង្ស័យដៃដល់ជាកូនខាងលើ គឺនៅវេលាម៉ោង៨យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ មានឈ្មោះ កែ ឃុន ភេទប្រុស អាយុ៨៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងចក ទៅលើកូនប្រុសបង្កើតឈ្មោះ កែ រស្មី អាយុ៣៧ឆ្នាំ រស់នៅជាមួយឪពុកម្តាយ។ តាមការរៀបរាប់របស់ ឪពុកថានៅវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ រូបគាត់ជាឪពុកបានរៀបចំពិធីសូត្រមន្តនៅផ្ទះ ស្រាប់តែ ឈ្មោះ កែ រស្មី(ជាកូន) បាននិយាយរករឿងឈ្លោះជាមួយលោកឪពុក អ្នកម្តាយ ហើយកូនប្រុសបាន ទៅយកដំបងឬស្សីដេញវាយរូបគាត់ជាឪពុក ប៉ុន្តែមិនត្រូវគាត់រត់ទាន់ មិនតែប៉ុណ្ណោះកូនប្រុសបានវាយបំផ្លិតបំផ្លាញសម្ភារៈក្នុងផ្ទះ រងការខូចខាតជាច្រើន និងថែមទាំងគំរាមសម្លាប់រូបលោកជាឪពុកទៀតផង។ក្រោយមកក្រុមគ្រួសារបានឃាត់ខ្លួនឈ្មោះរស្មី ខាងលើប្រគល់ឱ្យសមត្តកិច្ចតែម្តង។
នគរបាលស្រុកសំរោងទង បានបន្តឱ្យដឹងទៀតថា ពេលឃាត់ខ្លួនសួរនាំ បុរសជាកូនបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយបំផ្លិចបំផ្លាញសម្ភារៈនិងគំរាមសម្លាប់ឪពុកពិតប្រាកដមែន។មូលហេតុដែលរូបគេធ្វើបែបនេះលើលោកមានគុណ មកពីខ្លួនផឹកស្រាស្រវឹង។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ជាកូន រួមជាមួយនឹងវត្ថុតាងខាងលើ នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ