រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន ក្រោយពីជននេះ និងបក្ខពួក២នាក់ទៀត ធ្វើសកម្មភាពលួចយកម៉ូតូ ១គ្រឿង របស់នារីម្នាក់ ដែលជាភ្ញៀវរបស់គ្លីនិកឯកជនមួយ កាលពីជាង២០ថ្ងៃមុន។ នៅក្នុងប្រតិបត្តការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យខាងលើនោះ កម្លាំងនគរបាល ក៏រកឃើញឧបករណ៍ផ្សេងៗជាមធ្យោបាយក្នុងការធ្វើសកម្មភាពកាច់សោ.កម៉ូតូនៅក្នុងបន្ទប់ជួល ដែលជនសង្ស័យនោះស្នាក់នៅ ហើយនគរបាល ក៏បានដកហូតទុកជាវត្ថុតាងផងដែរ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ វួន សាមីន អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលខាងលើ រីឯបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួនមានម្នាក់ឈ្មោះ ឌី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ខ្មៅ ភេទប្រុស ។ នគរបាលបានរកឃើញសោម៉ូតូ ចំនួន៥, ឧបករណ៍សម្រាប់កាច់សោ.កម៉ូតូ១, សោសម្រាប់ដោះខ្ចៅចំនួន៤, ទួនណាវីសចំនួន២, ឧបករណ៍សម្រាប់ឆ្កឹះសោ១, កូនកាំបិត១, កន្ត្រៃ១ ព្រមទាំងឧបករណ៍ និងសម្ភារៈពាក់ព័ន្ធ និងបទល្មើសចោរកម្មមួយចំនួនទៀត ។
ដោយឡែកម្ចាស់ម៉ូតូឈ្មោះផសព ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយម៉ូតូរបស់នាងលួចយកទៅបាត់នោះម៉ាក HONDA SCOOPY- l ពណ៌ស ស៊េរីឆ្នាំ២០១៩ ស្លាកលេខភ្នំពេញ ១HA.3396 ។
នគរបាលបានប្រាប់ឲ្យដឹងថា ហេតុការណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦មកម្ល៉េះ បើគិតរហូតមកដល់ថ្ងៃទី១ ខែកក្កដានេះ មានរយៈពេល២៤ថ្ងៃកន្លងមកហើយ។ ដោយនៅក្នុងពេលនោះ នារីរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ខាងលើទៅកាន់គ្លីនិកឯកជនមួយកន្លែង ស្ថិតនៅក្នុងបុរី ហុក ឆេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាល បានប្រាប់ឲ្យដឹងបន្តទៀតថា លុះពេលទៅដល់នាងបានទុកម៉ូតូនៅមុខគ្លីនិកខាងលើ ដោយភ្លេចដកសោចេញ ហើយក្រោយមក ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពលួចជិះចេញទៅបាត់ស្រមោល។ ក្រោយពេលដឹងបាត់ម៉ូតូ នាងរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ហើយក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ នគរបាលប៉ុស្តិ៍ខាងលើក៏បានធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ ។
នគរបាល បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា លុះដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង០០នាទីរសៀល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចបន្ទប់ជួល ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ បន្ទាប់មកបាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ រង់ចាំបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕








<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ