ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះ រាជរដ្ឋាភិបាល​ ផ្អាក​ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានីភ្នំពេញ

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៦ នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះ​បរមរាជវាំង នៅ​រាជធានី​ភ្នំពេញ​ ដែល​គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ២៣-២៥ ខែវិច្ឆិកា ខាង​មុខ​។

សារាចរ​របស់​រាជរដ្ឋាភិបាល បានឱ្យ​ដឹង​ថា ការ​ផ្អាក​នេះ ដោយសារ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ស្ថានការណ៍​ចំពោះ​មុខ នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ជា​ពិសេស​ការ​ដោះស្រាយ​បញ្ហា​នានា​ ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក ក៏​ដូច​ជា​កិច្ចការ អាទិភាព​ចំពោះ​មុខ​មួយ​ចំនួន ។

សារាចរ បន្ត​ថា ទោះបីជា​ផ្អាក​រៀបចំ​នៅ​ភ្នំពេញ ការ​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​បណ្តា​ខេត្ត​នានា អាច​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​តាម​ទំនៀមទម្លាប់​ប្រពៃណី និង​តាម​លទ្ធភាព​ជាក់ស្តែង​របស់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​។

សារាចរ បន្ថែម​ថា ចំពោះ​ការ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ និយោជិត កម្មករ ចំនួន​៣​ថ្ងៃ ក្នុង​ឱកាស​ព្រះរាជ​ពិធី​នេះ នៅ​រក្សា​ដដែល​។

ជាមួយ​គ្នា​នេះ សារាចរ​ក៏​បញ្ជាក់​ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត និង​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ និង​សហការ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក យុទ្ធ​ជន​និង​គ្រួសារ​យុទ្ធ​ជន​ដែល​រង​របួស ពលី និង​កំពុង​ឈរជើង​ការពារ​ទឹកដី ព្រមទាំង​អតីត យុទ្ធ​ជន នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​។ ក្នុង​នោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ត្រៀម បង្ការ​គ្រោះ​ធម្មជាតិ​នានា ពិសេស​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​ដោយសារ​កូន​រដូវប្រាំង និង ត្រូវ​យកចិត្តទុកដាក់​ចាត់វិធានការ​រក្សា​ទឹក​ឱ្យ​បាន​ច្រើន​នៅ​ពាក់កណ្តាល​និង​ចុងរដូវ​វស្សា​នេះ ដើម្បី​ត្រៀម​បង្ការ​ការ​ខ្វះខាត​ទឹក និង​ការ​កើនឡើង​កម្ដៅ​នៅ​រដូវប្រាំង​ដោយសារ​បាតុភូត​អែ​ល​នី​ញ៉ូ បណ្តាល​ឱ្យ​រដូវប្រាំង​ឆ្នាំ​២០២៧ ខាង​មុខ​អាច​នឹង​អូស​បន្លាយ​រយៈពេល​យូរ​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>