ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ម្ល៉េះ​! ធ្វើ​របង​ថ្ម​ជាង​៤០០​ម៉ែត្រ បិទ​លើ​ខ្នង​លូ​បេតុង​រំដោះ​ទឹក​នៅ​ពោធិ៍​សែន​ជ័យ ថា​ការពារ​ចោរលួច

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ ស្នើ​សុំ​ឲ្យ​បើក​ច្រក​ប្រឡាយ​សាធារណៈ ខណៈ​ភាគី​រោងចក្រ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ តវ៉ា​ថា ការ​សង់​របង​ថ្ម​លើ​ប្រឡាយ​នេះ ដើម្បី​រក្សា​សន្តិសុខ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត និង​ស្នើ​សុំ​ឱ្យ​មានការ​បើក​ច្រក​ផ្លូវ នៅ​លើ​ខ្នង​ប្រឡាយ​សាធារណៈ​មួយ​កន្លែង ដែល​បច្ចុប្បន្ន ត្រូវ​បាន​បិទ​ជិត​ដោយ​របង​ឯកជន​របស់​រោងចក្រ និង​ផែស្ងួត​។ ករណី​នេះ​បាន​បង្ក​ឱ្យ​មានការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ខ្លាំង រវាង​ផលប្រយោជន៍​សាធារណៈ និង​សន្តិសុខ​របស់​ក្រុមហ៊ុន​វិនិយោគ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានឱ្យ​ដឹង​ថា ប្រឡាយ​ទឹក​នេះ មាន​ប្រវែង​ជិត ៤០០​ម៉ែត្រ និង​ទទឹង​ប្រហែល ៩​ម៉ែត្រ ដោយ​បច្ចុប្បន្ន​ត្រូវ​បាន​រៀបចំ​ដាក់​លូ​បេតុង​ខ្នាត​ធំ (​ទទឹង ៥ ម៉ែត្រ និង​កម្ពស់ ២,៥​ម៉ែត្រ​) ក្នុង​គោលបំណង​បញ្ចៀស​ទឹកភ្លៀង និង​កាត់​បន្ថយ​ការ​លិចលង់​ក្នុង​រដូវវស្សា​។ ទីតាំង​នេះ ជា​ចំណុច​ត​ភ្ជាប់​ពី​លូ​ធំ​ក្រោម​ផ្លូវ​ល្បឿន​លឿន មក​ទល់​នឹង​ប្រឡាយ​កាត់​ទទឹង​ជាប់​ផ្លូវ​ឆេ​កូ (​ផ្លូវ​បង្គោល​ឡាន​អគ្គិសនី​ធំ​ៗ) ។

ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា ប្រឡាយ និង​ខ្នង​លូ​នេះ ជា​សម្បត្តិ​រដ្ឋ​រួម​។ បច្ចុប្បន្ន ដោយសារ​តែ​មាន​របង​បិទ​ជិត ធ្វើ​ឱ្យ​ពួក​គាត់​ត្រូវ​បង្ខំចិត្ត​ដើរ​វាង និង​លោត​ផ្លោះ​ប្រឡាយ​នៅ​ផ្នែក​ខាងក្រៅ​របង​ឆ្ពោះទៅ​រក​គោលដៅ ទាំង​ប្រថុយប្រថាន និង​លំបាកលំបិន​។ ប្រសិនបើ​ច្រក​នេះ ត្រូវ​បាន​បើក និង​ជួសជុល​ខ្នង​ប្រឡាយ​ឱ្យ​បាន​ត្រឹមត្រូវ វា​នឹង​ក្លាយជា​ផ្លូវ​ដោះស្រាយ​មួយ​យ៉ាង​សំខាន់​សម្រាប់​អ្នក​ភូមិ​ធ្វើ​ដំណើរ​ថ្មើរជើង ជិះ​យានយន្ត​តូច​ៗ ឬ​ដឹក​សត្វ​ចិញ្ចឹម​បាន​យ៉ាង​ងាយស្រួល ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ បុរស​ម្នាក់​ដែល​អះអាង​ខ្លួន​ជា​តំណាង​ភាគី​របង​រោងចក្រ និង​ផែស្ងួត បាន​បំភ្លឺ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ដើម​ឡើយ​ប្រឡាយ​នេះ មិន​ស្ថិត​នៅ​ទីតាំង​នេះ​ទេ​។ របង​របស់​រោងចក្រ គឺ​មាន​ស្រាប់​តាំងពី​មុន​មក​ម្ល៉េះ ប៉ុន្តែ​ក្រោយមក ទើប​អាជ្ញាធរ​បាន​ដោះស្រាយ​គោលនយោបាយ​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក ទើប​ពង្រីក​ប្រឡាយ​មក​ដល់​ចំណុច​របង​នេះ ។

តំណាង​រូប​នោះ បាន​សង្កត់ធ្ងន់​លើ​កត្តា​សន្តិសុខ​ថា ៖ «​បើសិនជា​ឥឡូវ ទៅ​បើកចំហ ហើយ​គេ​ចូល​មក​លួច​អីវ៉ាន់​ខាង​ខ្ញុំ​នេះ​អស់ ចង់​និយាយ​អ៊ីចឹង​ណា​.. ព្រោះ​រោងចក្រ​យើង​នៅ​ជាប់​នឹង​ប្រឡាយ​។ បើ​បើក ដើម្បី​ប្រជាពលរដ្ឋ​ម្នាក់ ឬ​ពីរ​នាក់ តែ​ធ្វើ​ឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ​អ្នក​វិនិយោគ​រាប់​ម៉ឺន​នាក់ នៅ​ក្នុង​ហ្នឹង វា​មិន​ចំណេញ​ទេ​» ។

ទោះជា​យ៉ាងណា​ក៏​ដោយ ភាគី​រោងចក្រ បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ថា ពួក​គាត់​មិន​មាន​ចេតនា​រឹងរូស​ជាមួយ​អាជ្ញាធរ​ឡើយ​។ ប្រសិនបើ​រដ្ឋបាល​ខណ្ឌ មាន​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ជា​ផ្លូវ​សាធារណៈ​នៅ​លើ​ខ្នង​លូ ដែល​ពួក​គាត់​បាន​សាងសង់​នោះ ភាគី​រោងចក្រ នឹង​ឯកភាព​សហការ​វាយ​របង​នេះ​ចេញ​ភ្លាម​ៗ ដោយ​គ្មាន​ការ​តវ៉ា​ឡើយ​។ ប៉ុន្តែ​ក្នុង​ដំណាក់កាល​ចំពោះ​មុខ ដែល​រដ្ឋ​មិន​ទាន់​មាន​គម្រោង​ធ្វើ​ផ្លូវ ពួក​គាត់​សុំ​រក្សា​របង​នេះ​សិន ដើម្បី​ការពារ​ចោរកម្ម ។

ជុំវិញ​ករណី​វិវាទ​ដ៏​រ៉ាំរ៉ៃ​នេះ សាធារណជន និង​ប្រជាពលរដ្ឋ កំពុង​រង់ចាំ​មើល​ចំណាត់ការ​ជា​ផ្លូវការ​ពី​សំណាក់​អាជ្ញាធរ​។ ទោះជា​យ៉ាងណា លោក ប៉ា លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ទទួល​បាន​រហស្សនាម​ថា «​ញញួរ​ដែក​» ជុំវិញ​ការ​ចុះ​អនុវត្ត​ច្បាប់​រៀបចំ​សណ្តាប់ធ្នាប់ មិន​ទាន់​មានការ​បញ្ជាក់ ឬ​ផ្តល់​ចម្លើយ​ណាមួយ ជុំវិញ​វិធានការ​លើ​ករណី​បិទ​ច្រក​ប្រឡាយ​នេះ នៅឡើយ​ទេ ។

ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​នេះ នឹង​មានការ​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​មានការ​បកស្រាយ​ផ្លូវការ​ណាមួយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>