ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់ ធ្វើ​សកម្មភាព​គាស់​ផ្ទះ​៦​លើក ត្រូវ​សមត្ថកិច្ច​ក្រសោប​បាន​ទាំង​សម្បុក

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជំនាញ​ខាង​គាស់​ផ្ទះ​នានា​លួច​ទ្រព្យសម្បត្តិ បាន​ចំនួន​៦​នាក់ ដែល​ក្រុម​នេះ ធ្លាប់​ធ្វើ​សកម្មភាព​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៦​លើក រួច​មក​ហើយ​។ ដោយឡែក​លើក​ចុង​ក្រោយ គេចខ្លួន​បាន​ត្រឹមតែ​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ក៏​អស់លក្ខណ៍ ហើយ​នគរបាល​បាន​កសាង​សំណុំរឿង​ចោទប្រកាន់​ក្រុម​នេះ​ពី​បទ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​លាក់​ទុក​អាវុធ​(​ដាវ​)​ផង​ដែរ ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ដី​ឡូ​ត៌​មួយ​កន្លែង ជិត​វត្ត​អង្គ​តា​មិ​ញ ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំងនោះ សុទ្ធតែ​មាន​សារធាតុ​ញៀន​ទាំងអស់ ក្នុង​នោះ​រួម​មាន ៖
១.​ឈ្មោះ វ័​ន្ត វុឌ្ឍិ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ​។
២.​ឈ្មោះ​វី បូ​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៣.​ឈ្មោះ ម៉​ន ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៤.​ឈ្មោះ ប្រុស ស្រី​អូន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៥.​ឈ្មោះ ស្រី ពេជ្រ​ភេទ​ស្រី អាយុ​២៦​ឆ្នាំ
និង​៦.​ឈ្មោះ សន ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ទាំង​២​នាក់​ខាងក្រោម​នេះ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

នគរបាល ក៏​ដកហូត​បាន​ម៉ូតូ ១​គ្រឿង ម៉ាក Honda SCOOPY ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-2252 , ដាវ​ដែក​កែ​ច្នៃ​ដង​ឈើ ១​ដើម​, កាំបិតប៉័ងតោ​ង​ចំនួន​២​ដើម​, កូនសោ​ម៉ូតូ​ចំនួន​៣, ក្បាល​មួល​វី​ស​ចំនួន​២, ទូរ​សព្ទ ១​គ្រឿង​ម៉ាក OPPO A15 និង​ក្រាម​ស​ថ្លា​ចំនួន​១​ក្រាម ថង់​តូច ។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ លួច​ទ្រព្យសម្បត្តិ​បាន​សម្រេច​ចំនួន​៦​លើក រួច​មក​ហើយ ចំណែក​លើក​ចុង​ក្រោយ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោងជាង​១១​យប់ គាស់​ផ្ទះ​មួយ​កន្លែង ដែល​ម្ចាស់​មិន​នៅ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ពេល​នោះ លួច​យក​បានទ្រព្យ​មួយ​ចំនួន រួច​គេចខ្លួន​បាត់ លុះដល់​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៦ បាន​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុងផ្ទះ​ដដែល​នោះ​ម្ដងទៀត បន្ទាប់​មក​ក៏​បាន​គេចខ្លួន​បាត់​អស់​ទៀត ប៉ុន្តែ​លើក​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ ក៏​រាយ​ការ​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ឲ្យ​ជួយ​អន្តរាគមន៍ ។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ ក៏​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ការ​ឃាត់ខ្លួន​បាន​ទាំង​សម្បុក នា​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា បន្ទាប់​មក​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×