រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។

យោងតាមសារាចរណ៍ស្តីពីការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ បានលើកឡើងថា អនុលោមតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលលេខ០៩ សរណន ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៣ សម្រាប់អនុវត្តជាអចិន្ត្រៃយ៍ ស្តីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វាទសមាស បុណ្យប្រពៃណីជាតិ ប្រពៃណី សាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ រាជរដ្ឋាភិបាលតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ចំនួន៣ (បី) ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ ដោយមានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងដោយឡែកនៅតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំពិធីនេះផងដែរ។
សារាចរណ៍បានលើកឡើងថា បច្ចុប្បន្ន ដោយសាររាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេស ការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពចំពោះមុខមួយចំនួន រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖
១-ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
២-ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។
៣-ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ (បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល បដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ១៦៧ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។
៤-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក យុទ្ធជន និងគ្រួសារយុទ្ធជន ដែលរងរបួស ពលី និងកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីតយុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន ។
៥-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្សព្វ ផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។
៦-ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំពង្រឹងនិងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ ផលិតកម្មនិងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិងធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយ នូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានាដែលរាំងស្ទះដល់សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និង វិនិយោគ។
៧-ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំង និងត្រូវយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាលនិងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកម្ដៅនៅរដូវប្រាំងដោយសារបាតុភូតអែលនីញ (El Niño) បណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ។
៨-ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោ បាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ