ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ​ ៖ «សូម​សិស្សានុសិស្ស និង​យុវជន គ្រប់​ស្រទាប់វណ្ណៈ និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​»

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ដើម្បី​ដាស់តឿន និង​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ ពិសេស​ក្នុង​ស្រទាប់​យុវវ័យ ដែល​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាង​សកម្ម ឱ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ប្រកបដោយ​គរុកោសល្យ និង​ការ​ទទួលខុសត្រូវ ក្នុង​ការ​ទទួល និង​ចែករំលែក​ព័ត៌មាន​។ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ លោកស្រី ម៉ែ​ន ស៊ីនួន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​យុទ្ធនាការ​ក្រោម​ប្រធានបទ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ជំហាន​ទី​២ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​វិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ប​សេដ្ឋ ស្ថិត​ក្នុងស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តំណាង​កងកម្លាំង​ទាំង​៣​ប្រភេទ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​មន្ត្រីរាជការ និង​អ្នក​ពាក់ព័ន្ធ សរុប​ប្រមាណ ១,៥០០​នាក់​។​យុទ្ធនាការ​ជំហាន​ទី​២ នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បន្ត​ដាស់តឿន និង​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ ពិសេស​ក្នុង​ស្រទាប់​យុវវ័យ ដែល​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាង​សកម្ម ឱ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ប្រកបដោយ​គរុកោសល្យ និង​ការ​ទទួលខុសត្រូវ ក្នុង​ការ​ទទួល និង​ចែករំលែក​ព័ត៌មាន​។ យុទ្ធនាការ​នេះ​ក៏​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ ដែល​បំពុលបរិយាកាស​សង្គម បង្ក​ភាព​វឹកវរ និង​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​។

‎​លោក ជា សុ​ខុន អភិបាលរង​ស្រុក​ប​សេដ្ឋ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​បាន​ជ្រើសរើស​វិទ្យាល័យ​នៅ​ក្នុងស្រុក​ប​សេដ្ឋ ដើម្បី​បន្ត​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​នេះ​។ លោក​អភិបាលរង​ស្រុក​បាន​សង្កត់ធ្ងន់​ថា បច្ចុប្បន្ន​បច្ចេកវិទ្យា​មានការ​រីក​ចម្រើន​ខ្លាំង ដែល​ធ្វើ​ឱ្យ​ការ​ទទួល​ព័ត៌មាន​មាន​ភាព​រហ័ស ប៉ុន្តែ​ក៏​មានការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដើម្បី​បោកប្រាស់ និង​កេង​ចំណេញ​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផង​ដែរ​។

‎​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោកស្រី ម៉ែ​ន ស៊ីនួន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ ក៏​បាន​ពន្យល់​ណែនាំ និង​ចែករំលែក​នូវ​វិធីសាស្ត្រ​គន្លឹះ​ៗ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន ដល់​ប្អូន​ៗ​សិស្សានុសិស្ស និង​អ្នកចូលរួម​ទាំងអស់ ដើម្បី​បណ្តុះ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ទទួល និង​ចែករំលែក​ព័ត៌មាន ប្រកបដោយ​ក្រមសីលធម៌ និង​ការ​ទទួលខុសត្រូវ ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ឆ្លាត​វៃ ព្រមទាំង​រួម​គ្នា​កសាង​សហគមន៍​ឌី​ជី​ថ​ល​មួយ​ដែល​មាន​សុវត្ថិភាព និង​ទំនុកចិត្ត​ខ្ពស់​។

‎​ទន្ទឹម​នឹង​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ព័ត៌មាន​ក្លែងក្លាយ លោកស្រី​ម៉ែ​ន ស៊ីនួន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ ក៏​បាន​ឆ្លៀតឱកាស​ផ្ដាំផ្ញើ និង​ដាស់តឿន​ក្រើនរំលឹក​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ពិសេស​ប្អូន​ៗ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដែល​ត្រូវ​ត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) នា​ពេល​ខាង​មុខ​នេះ​។ លោកស្រី​បាន​សង្កត់ធ្ងន់​ថា ប្អូន​ៗ​ថ្នាក់​ទី​១២ ត្រូវ​ត្រៀមប្រឡង​បាក់​ឌុ​ប​ក្នុងឆ្នាំនេះ​ហើយ ដូច្នេះ​ត្រូវ​កាត់​បន្ថយ​ការ​មើល និង​លេង​ទូរស័ព្ទ​ច្រើន​ហួសហេតុ ដែល​នាំ​ឱ្យ​ខាត​ពេលវេលា​។ ផ្ទុយ​ទៅ​វិញ ត្រូវ​យក​ពេលវេលា​ទាំងនោះ​មក​ផ្តោត​លើ​ការ​រំលឹក​មេរៀន ស្វ័​យ​សិក្សា និង​ពង្រឹងសមត្ថភាព ដើម្បី​ទទួល​បាន​លទ្ធផល​ជោគជ័យ និង​ទទួល​បាន​ជ័យ​លា​ភី​និទ្ទេស​ល្អ​ៗ​ជូន​គ្រួសារ និង​សាលារៀន​ផង​ដែរ​។

‎​លើស​ពី​នេះ​សិស្សានុសិស្ស​ដែល​បាន​ឆ្លើយ​សំណួរ​ត្រឹមត្រូវ នឹង​ទទួល​បាន​កាដូ​អនុស្សាវរីយ៍ លើកទឹកចិត្ត​ពាក់ព័ន្ធ​នឹង​ការ​យល់​ដឹង​អំពី​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​វាស់​ស្ទង់​ការ​យល់​ដឹង​របស់​សិស្សានុសិស្ស​ឱ្យ​បន្ត​សិក្សា​ស្វែង​យល់ អភិវឌ្ឍ​ជំនាញ​គិតពិចារណា និង​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ប្រកបដោយ​ការ​ទទួលខុសត្រូវ​៕​

default
default
default

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>