ទីក្រុងប៉ារីស៖ នគរបាលនៅប្រទេសម៉ូណាកូ និងបារាំងកំពុងស្វែងរកជនសង្ស័យដាក់គ្រាប់បែកម្នាក់បន្ទាប់ពីមនុស្សបីនាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅម៉ូណាកូ។ ប្រភព២នាក់បង្ហើបឱ្យដឹងថាការវាយប្រហារនោះមានគោលដៅផ្ដាច់ផ្ដិលជីវិតគហបតីដើមកំណើតអ៊ុយក្រែនម្នាក់។ គេជឿជាក់ថាជនសង្ស័យម្នាក់នោះរត់ភៀសខ្លួនដោយថ្មើជើងចូលទឹកដីបារាំង។ នេះបើយោងតាមការអះអាងរបស់រដ្ឋអាជ្ញាម៉ូណាកូ លោកស្ទីហ្វាន ធីបូល (Stephane Thibault)។

នៅក្នុងការវាយប្រហារកាលពីក្បាលព្រលប់ថ្ងៃចន្ទនោះ ជនសង្ស័យប្រើប្រាស់គ្រាប់បែកដែលបង្កប់នៅក្នុងកញ្ចប់មួយ។ រាជបុរីម៉ូណាកូល្បីថាជាតំបន់ដែលសម្បូរកាស៊ីណូ, មានទូកសម្រាប់ជិះកម្សាន្តដ៏ប្រណីតៗ, មានសន្តិសុខរឹងមាំ និងមានជីវិតរស់នៅបែបស៊ីវិល័យរបស់ប្រជាជនដែលមានជីវភាពធូរធារ។ ប្រទេសនេះហ៊ុមព័ទ្ធដោយសមុទ្រមេឌីទែរ៉ាណេនៅជ្រុងម្ខាង និងមានព្រំដែនជាប់នឹងប្រទេសបារាំងនៅជ្រុងម្ខាងទៀត។

នៅចន្លោះប្រទេសទាំង២ ប្រជាជនអាចធ្វើដំណើរចេញចូលដោយសេរីព្រោះគ្មានប៉ុស្តិ៍ឆែកឆេរតាមច្រកព្រំដែនទេ។ ប្រភពដែលស្និទ្ធនឹងក្រុមអ្នកស៊ើបអង្កេតបានបង្ហើបឱ្យដឹងថាបុរសដែលត្រូវរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកនោះឈ្មោះវ៉ាឌីម យេម៉ូឡៃយ៉េវ កើតនៅប្រទេសអ៊ុយក្រែន និងជាសេដ្ឋីម្នាក់។ សង្សាររបស់គាត់ក៏បានរងរបួសនៅក្នុងហេតុការណ៍នោះដូចគ្នា។ នាងរងរបួសធ្ងន់ធ្ងរចាប់ពីចង្កេះចុះមកក្រោម។

អ្នកទីបីដែលរងរបួសនៅក្នុងហេតុការណ៍នេះដែរគឺកូនប្រុសរបស់សេដ្ឋីរូបនោះ។ សេដ្ឋីអ៊ុយក្រែន លោកយេម៉ូឡៃយ៉េវទទួលបានសញ្ជាតិសាយប្រើសកាលពីឆ្នាំ២០១៩ ហើយបានជាប់ទណ្ឌកម្មសេដ្ឋកិច្ចកាលពីឆ្នាំ២០២៣។ សារព័ត៌មានអ៊ុយក្រែនចុះផ្សាយថាសេដ្ឋីរូបនេះបន្តរកស៊ីនៅតំបន់គ្រីម៉េក្រោយពេលសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២។ គ្រីម៉េជាទឹកដីអ៊ុយក្រែនដែលត្រូវរុស្ស៊ីកាត់ខ្វៀលយកកាលពីឆ្នាំ២០១៤ និងបន្តគ្រប់គ្រងរហូតដល់សព្វថ្ងៃ៕

ចែករំលែកព័តមាននេះ