ខេត្តស្វាយរៀង ៖ ព័ត៌មានបឋមបានឱ្យដឹងថា លោកយាយលក់បបរ និងបាញ់កាញ់ម្នាក់ បានរងរបួសធ្ងន់ធ្ងរ ខណៈពេលកំពុងអង្គុយលក់ដូរនៅខាងមុខផ្ទះ ស្រាប់តែមានរថយន្តមួយគ្រឿង បើកបុកជ្រុលចូលទៅក្នុងផ្ទះ បណ្តាលឱ្យបាក់បែកតុ ទូដាក់គ្រឿងលក់បាញ់កាញ់ខ្ទេចខ្ទី ហើយខ្ទាតអំបែងកញ្ចក់បុកចំក របួសធ្ងន់ធ្ងរហូរឈាមជាខ្លាំង។ ម្ចាស់ហាងបានរៀបរាប់ទាំងក្តុកក្តួលថា គាត់ទើបតែរៀបចំលក់ដូរ ចុះបើកើតឡើងនៅម៉ោង២រសៀល ដែលមានមនុស្សមកចូលហូបបាញ់កាញ់ច្រើន មិនដឹងជានឹងមានគ្រោះថ្នាក់យ៉ាងណាទេ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង៣៥នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខផ្សារជីភូ ម្តុំផ្លូវកែងបត់ទៅឃុំពពែត ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញអ្នកបើកបរម៉ូតូម្នាក់ បានបើកឆ្លងផ្លូវ ស្របពេលនោះ ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ (Hyundai) មួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ក៏បុកម៉ូតូពេញទំហឹង បណ្តាលឱ្យម៉ូតូដួលបោកទៅលើថ្នល់ រងរបួសធ្ងន់។ ចំណែកឯអ្នកបើកបររថយន្ត បានរេចង្កូតបុកជ្រុលចូលទៅក្នុងផ្ទះលោកយាយលក់បបរ និងបាញ់កាញ់ កិនតុ ទូ ចានឆ្នាំងខ្ទេចខ្ទី ខណៈម្ចាស់ផ្ទះរងគ្រោះកំពុងអង្គុយលក់ដូរនៅខាងមុខផ្ទះ ក៏ត្រូវខ្ទាតអំបែងទូកញ្ចក់បុកចំក បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទាំង០២នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ដែលនៅក្បែរនោះភ្លាមៗ។ ចំណែកឯម៉ូតូ រងការខូចខាតផ្នែកខាងមុខទាំងស្រុង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងពិនិត្យ ធ្វើការវាស់វែង និងស្រាវជ្រាវព័ត៌មានបន្ថែម ៕






ចែករំលែកព័តមាននេះ