ខេត្តព្រៃវែង ៖ ពងទារាប់ពាន់គ្រាប់ និងសត្វទារាប់ពាន់ក្បាល ត្រូវបានក្រុមឈ្មួញ នៅតែអាចលួចនាំចូលពីប្រទេសវៀតណាមបាន តាមច្រករបៀងពាមមន្ទា ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើទោះបីជាអភិបាលខេត្តព្រៃវែង ធ្លាប់បានប្រកាសហាមឃាត់ និងដាក់កំណត់ឲ្យមន្ត្រីពាក់ព័ន្ធ នាំគ្នាចូលរួមទប់ស្កាត់យ៉ាងណាក៏ដោយ ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី៣០ មិថុនា ២០២៦ នៅខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចចន្លោះប៉ុស្តិ៍ប៉ូលិសព្រំដែនអូស៊ែរ និងច្រករបៀងពាមមន្ទា មានការនាំចូលពងទារាប់ពាន់គ្រាប់ និងមេទារាប់ពាន់ក្បាល ដោយពុំឃើញមានសមត្ថកិច្ច ឬមន្ត្រីជំនាញណាម្នាក់ចុះទៅទប់ស្កាត់ឡើយ ។
ក្រុមឈ្មួញ ដែលកំពុងដឹកទាទាំងនោះ បានឲ្យដឹងថា ពួកគេទិញមេទាពីវៀតណាម យកទៅលក់ឱ្យប្រជាពលរដ្ឋខ្មែរ ចិញ្ចឹមយកពង នៅតាមបណ្តាឃុំជាប់ព្រំដែន មិនបានយកទៅលក់ក្នុងស្រុក ឬទីផ្សារក្រៅស្រុកឡើយ។ ចំណែកឈ្មួញ ដែលនាំចូលពងទា បានឲ្យដឹងថា ពួកគេនាំយកពងទាទាំងនោះ ទៅលក់ចែកចាយនៅតាមទីផ្សារក្នុងស្រុកផង និងនាំទៅរាជធានីភ្នំពេញផង ។
ជុំវិញករណីនេះ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល (ពេទ្យសត្វ) នៃមន្ទីរកសិកម្មខេត្តព្រៃវែង បានឲ្យដឹងថា ចំពោះការលួចនាំចូលសត្វទានោះ គឺពុំមានអ្វីជាបញ្ហាចោទនោះទេ ព្រោះគេយកទៅលក់ឲ្យអ្នកស្រុកចិញ្ចឹម នៅក្បែរព្រំដែនប៉ុណ្ណោះ។ ប៉ុន្តែការលួចនាំចូលពងទានោះ គឺជារឿងខុសច្បាប់ហើយ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ មិថុនា អាជ្ញាធរខេត្តព្រៃវែង បានចេញសេចក្តីណែនាំមួយ ដោយហាមឃាត់មិនឲ្យមានការនាំចូលសត្វជ្រូករស់ សាច់បង្កក ស៊ុតមាន់ ស៊ុតទាខុសច្បាប់ពីប្រទេសជិតខាងឡើយ។ ក្នុងសេចក្តីណែនាំនោះ អាជ្ញាធរខេត្តព្រៃវែង បានណែនាំអោយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ ត្រូវសហការគ្នាទប់ស្កាត់អោយបាន ក្នុងករណីចាំបាច់ ត្រូវសុំគោលការណ៍មករដ្ឋបាលខេត្ត ដើម្បីចាត់វិធានការចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសទៅតាមច្បាប់ ។
ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ គេឃើញក្រុមឈ្មួញ នៅតែអាចបន្តលួចនាំចូលពងទា ពីប្រទេសវៀតណាមបានដដែល ខណៈមន្ត្រីជំនាញ អះអាងថា បើសមត្ថកិច្ចព្រំដែន មិនអោយចូល គ្មានឈ្មួញណាលួចចូលបានទេ ៕






ចែករំលែកព័តមាននេះ